ក្រុងភ្នំពេញ៖ ពលរដ្ឋរស់តាមដងទន្លេមេគង្គសម្តែងការព្រួយបារម្ភអំពី ទិន្នផលត្រីធ្លាក់ចុះ ដែលនាំឲ្យសេដ្ឋកិច្ចគ្រួសារជួបបញ្ហា ខណៈដែលរដ្ឋាភិបាលបានប្រកាសជាផ្លូវការសាងសង់ទំនប់វារីអគ្គីសនីថ្មី ស្រុកសំបូរខេត្តក្រចេះ។
ក្តីព្រួយបារម្ភរបស់ពលរដ្ឋនេះបានលើកឡើងនៅថ្ងៃសុក្រទី៣០មីនានេះនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីសំណើរបស់ប្រជាជនក្នុងអាងទន្លេមេគង្គខណៈកិច្ចប្រជុំកំពូលនៃគណៈកម្មការទន្លេមេគង្គលើកទី ៣ ធ្វើឡើងនៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៨ នៅប្រទេសវៀតណាម។
ស្តាប់ការរាយការណ៍របស់លោក សេរី វឌ្ឍនៈ៖
តំណាងពលរដ្ឋរសនៅតាមដងទន្លេមេគង្គ មកពីស្រុកសំបូរខេត្តក្រចេះ បានត្អូញត្អែ ពីការលំបាកពីបទពិសោធន៍ នៃផលប៉ះពាល់នៃទំនប់វារីអគ្គិសនីថាធ្វើឲ្យជីវភាពរបស់ពលរដ្ឋដែលរស់នៅតំបន់នោះជួបប្រទះនឹងការលំបាកលើរបរចិញ្ជឹមជិវិតដែលធ្វើឲ្យសហគមន៍កាន់តែក្រីក្រ។
ការត្អូញត្អែរនេះ បានធ្វើឡើងក្នុងន័យព្រួយបារម្ភខណៈដែល រដ្ឋាភិបាលបានប្រកាសជាផ្លូវការថា នឹងធ្វើការសិក្សាវាយតម្លៃលើគម្រោងថាមពលវារីអគ្គីសនីធំជាងគេនៅតំបន់អាងទន្លេមេគង្គក្រោម។ ប្រសិនបើសំណើរទំនប់នេះ ត្រូវបានសាងសង់ នោះផលអវិជ្ជមានជាច្រើននឹងប៉ះពាលដល់ពលរដ្ឋដែលរស់នៅតំបន់នោះ ជាពិសេសគឺបរិស្ថាន។
នៅក្នុង សន្និសីទកាសែតនោះ លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO FORUM) បានលើកឡើងជាច្រើនអំពីផលប៉ះពាល់ប្រសិនបើកម្ពុជាសម្រេចសាងសង់វារីអគ្គីសនីនៅស្រុកសំបូរ។
លោកថា ប្រសិនបើសំណើរទំនប់នេះត្រូវបានសាងសង់ ផលប៉ះពាល់មុនគេបំផុត គឺមច្ឆាជាតិ និង ត្រូវថយចុះពី ១៦ ទៅ ៣០ ភាគរយ ឬ ពី ៩៨០០០ តោន ថយមក ១៨២០០០ តោន ដែលទិន្នផលនេះ នឹងធ្វើឲ្យមានត្រីមួយចំនួនត្រូវផុតពូជ ។នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវ ទាក់ទងនឹងការប៉ាន់ប្រមាណពីធនធានជលផល ក្នុងឆ្នាំ ២០១២ នៅតំបន់សំបូរ។
សំឡេង លោក តឹក វណ្ណារ៉ា៖
លោកក៏បានបន្ថែមថា អ្វីដែលកាន់តែប៉ះពាល់កាន់តែធ្ងន់ធ្ងរនោះ គឺមុខរបរចិញ្ជឹមជិវិតរបស់ប្រជាជនតំបន់នោះ ព្រោះថានៅតំបន់សំបូរ ប្រជាពលរដ្ឋរស់នៅពឹងផ្អែកទៅលើជលផល និង ការនេសាទតែប៉ុណ្ណោះ។
ស្របពេលនេះ តំណាងសហគមន៍នេសាទ តំបន់សំបូរ អ្នកស្រី ជិន សុគន្ធរ បានត្អូញត្អែរពីការលំបាក ប្រាប់អ្នកសារព័ត៌មានរបស់វិទ្យុស្រ្តីថា ប្រសិនបើមានការសម្រេចជាក់លាក់ ឲ្យមានការសាងសង់ទំនប់ថាមពលវារីអគ្គីសនីនោះ ជីវភាពរបស់ពលរដ្ឋនៅតាមតំបន់សំបូរនឹងជួបប្រទះនឹងការខ្វះខាត ព្រោះទិន្នផលត្រីធ្លាក់ចុះ សេដ្ឋកិច្ចគ្រួសារក៏ជួបប្រទះនឹងឧបសគ្គផងដែរ។
សំឡេង លោកស្រី ជិន សុគន្ធរ៖
លោកស្រីបានទទូចឲ្យរដ្ឋាភិបាល គួរតែសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ពីជីវភាព ប្រជាជន ធនធានធម្មជាតិ និង ការបាត់បង់ប្រសិនបើទំនប់វារីអគ្គីសនីនេះ ត្រូវរដ្ឋាភិបាលសម្រេចឲ្យធ្វើជាក់លាក់។
សំឡេង លោកស្រី ជិន សុគន្ធរ៖
សូមបញ្ជាក់ថាកាលពី ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសជាផ្លូវការថា នឹងធ្វើការសិក្សាស្រាវជ្រាវវាយតម្លៃលើសំណើរគម្រោងថាមពលវារីអគ្គីសនីសំបូរ និង ខេត្តស្ទឹងត្រែង នៅលើដងទន្លេមេនៃទន្លេមេគង្គ។ ប្រសិនបើទំនប់ថាមពលវារីអគ្គីសនីសំបូរនេះ នឹងត្រូវសាងសង់ គឺតំបន់សំបូរនេះ ក្លាយជាទំនប់ថាមពលវារីអគ្គីសនីដ៏ធំជាងគេនៅកម្ពុជា នៅក្នុងអាងទន្លេមេគង្គក្រោម។
តាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា ការធ្វើទំនប់វារីអគ្គីសនីនេះ នឹងបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានទៅលើសន្តិសុខស្បៀង របរចិញ្ជឹមជីវិត និងផលិតផលកសិកម្ម។ ទំនប់នេះ នឹងកាត់ផ្តាច់ចរចរណ៍ត្រី និងទំនាកទំនងអេកូឡូស៊ី រវាងភាគខាងលើនៃទន្លេមេគង្គ បឹងទន្លេសាបនៅកម្ពុជា និង ដែនដីសណ្តទន្លេមេគង្គក្នុងប្រទេសវៀតណាម៕