ភ្នំពេញ ៖ ប៉ុន្មានឆ្នាំបន្ដបន្ទាប់មកនេះ រាជរដ្ឋាភិបាលកម្ពុជា បានដំឡើងបៀវត្សជូនមន្ដ្រីរាជការ ដោយរំពឹងថា មន្ដ្រីរាជការនឹងមានជីវភាពរស់នៅសមរម្យ។ ករណីនេះ អ្នកគ្រូបង្រៀនកម្រិតថ្នាក់បឋម និងអនុវិទ្យាល័យបង្ហាញការក្ដីរីករាយចំពោះបៀវត្សកើនដូចនេះ។ ប៉ុន្ដែពួកគាត់យល់ថា បើទោះជាបៀវត្សកើនខ្លាំងយ៉ាងណាក្ដី ប្រសិនបើថ្លៃទំនិញលើទីផ្សារ ឡើងតាមបៀវត្សដែរ គឺមិនគ្រប់គ្រាន់សម្រាប់ការចំណាយរបស់ពួកគាត់នោះទេ។ ស្ដ្រី ជាគ្រូបង្រៀនថា បើទោះជាគាត់ជាអ្នកគ្រូក៏ដោយ ពួកគាត់ក៏ជាស្ត្រីមេផ្ទះផងដែរ។
លោក លៀ ស៊ីណា រាយការណ៍ព័ត៌មាននេះ ៖
នៅដើមខែមេសា ខាងមុខនេះគឺជាពេលវាដែលប្រាប់បៀវត្សរបស់មន្ដ្រីរាជការ នឹងត្រូវដំឡើងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងមួយឆ្នាំប្រាក់ខែរបស់មន្ដ្រីរាជការ ត្រូវដំឡើងពីរដង ដោយការដំឡើងប្រាក់បៀវត្សលើកទី០១ នៅខែមករា គឺជាការដំឡើងអត្រាកំណើន ១២ភាគរយ នៃមូលដ្ឋានប្រាក់បៀវត្ស និងការដំឡើងលើកទី០២ គឺនៅក្នុងខែមេសា មុនចូលឆ្នាំខ្មែរ ដែលជាការដំឡើងប្រាក់បំណាច់មុខងារ។
អ្នកគ្រូ អ៊ុំ ចន្ថា ជាគ្រូបង្រៀនកម្រិតបឋមនៅសាលាបឋមសិក្សា ចំបក់គុយ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង បានប្រាប់វិទ្យុស្ដ្រីថា អ្នកគ្រូមានក្ដីរីករាយចំពោះគោលយោបាលដែលបង្ហាញពីការយកចិត្ដទុកដាក់ របស់រាជរដ្ឋាភិបាលចំពោះជីវភាពរបស់លោកគ្រូ អ្នកគ្រូ។ អ្នកគ្រូ អ៊ុំ ចន្ថា បន្ដទៀតថា បើប្រៀបធៀបកាលពីប្រាក់បៀវត្សដែលអ្នកគ្រូចូលបង្រៀនដំបូង និងពេលនេះ អ្នកគ្រូទទួលស្គាល់ថា តួលេខនៃប្រាក់បៀវត្សគឺកើនឡើង ក៏ប៉ុន្ដែទំនិញក៏បានឡើងតាមពីក្រោយកំណើនប្រាក់នេះដែរ។ អ្នកគ្រូ អ៊ុំ ចន្ថា ៖«ដូចជា មិន មិនជាខ្វះទេ វាមួយល្មម ព្រោះកាលណាប្រាក់ខែឡើង ទំនិញក៏ឡើងថ្លៃ អញ្ចឹងវាសមាមូលគ្នាគ្រាន់តែថា លេខលុយវាឡើងជាងមុន»។
អ្នកគ្រូ វ័យ ២២ឆ្នាំ រូបនេះ មានសំណូមពរដល់រាជរដ្ឋាភិបាលសុំឲ្យគ្រប់គ្រង តម្លៃទំនិញលើទីផ្សារកុំឲ្យឡើង ស្របពេលដែលប្រាក់ខែរបស់មន្ដ្រីរាជការត្រូវបានដំឡើង។ អ្នកគ្រូ ចន្ថា បញ្ជាក់ប្រសិនបើប្រាក់បៀវត្សរាជរដ្ឋាភិបាលប្រឹងដំឡើង ប៉ុន្ដែការចំណាយសម្រាប់ទំនិញលើទីផ្សារក៏កើនដែរនោះ អ្នកគ្រូគិតថា បើទោះជាប្រឹងដំឡើងច្រើនប៉ុណ្ណាក៏មិនអាចជួយឲ្យជីវភាពរបស់លោកគ្រូ អ្នកគ្រូបានល្អនោះដែរ។
អ្នកគ្រូ អ៊ុំ ចន្ថា ៖«ចំពោះសំណូមពររបស់ខ្ញុំ ប្រសិនជា រដ្ឋាភិបាលចង់ដំឡើងប្រាក់ខែឲ្យគ្រូ ដំឡើងលុះត្រាតែគាត់គ្រប់គ្រងទៅលើថ្លៃទំនិញដែរ ប្រសិនជាគាត់ អត់គ្រប់គ្រងទៅថ្លៃទំនិញផងហ្នឹងគាត់ដំឡើង ប៉ុន្ដែថ្លៃទំនិញគេដំឡើងតាមហ្នឹងដែរ ហើយគ្រប់គ្រងអត់សមាមូលជាមួយគ្នានិងប្រាក់ខែរបស់គ្រូ អញ្ចឹងចាយទៅវាល្មមដដែលដូចតែដូច»។
ចំពោះការដំឡើងប្រាក់បៀវត្សមិនថា មន្ដ្រីរាជការ ឬក៏បុគ្គលិកក្រុមហ៊ុនជននោះទេ សុទ្ធតែមានក្ដីរំភើបនិងរីករាយ។ តែទន្ទឹមនិងការទទួលបានបៀវត្សកើនឡើងនេះ អ្នកគ្រូដែលចេញបង្រៀននៅតំបន់ដាច់ស្រយាលក៏សង្ឃឹមផងដែរ ថា រាជរដ្ឋាភិបាល នឹងមានកញ្ចប់ថវិកា ក្នុងការឧបត្ថមសម្រាប់គ្រូដែលត្រូវចេញទៅបង្រៀននៅស្រុកឆ្ងាយ។
អ្នកគ្រូ តាត ស្រីមុំ គ្រូបង្រៀនកម្រិតបឋម នៅសាលាបឋមសិក្សា បឹងមាន់តូ ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្ដ បាត់ដំបង បានប្រាប់វិទ្យុស្ដ្រីដែរថា គ្រូបង្រៀនគ្រប់រូបសុទ្ធតែមានមនសិការក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស។ តែយ៉ាងអ្នកគ្រូស្រី មុំ សំណូមពរ និងសង្ឃឹមថា រដ្ឋាភិបាលនឹងបង្កើនការយកចិត្ដទុកដាក់ កាន់តែខ្លាំងថែមទៀត ចំពោះស្ដ្រី ជាគ្រូបង្រៀនដែលត្រូវចេញទៅបំពេញតួនាទីរបស់ខ្លួននៅតំបន់ព្រៃភ្នំ ឬតំបន់ដាច់ស្រយាលពីទីក្រុង ខណៈសាលាដែលអ្នកគ្រូកំពុងបង្រៀន គឺមានតែអ្នកគ្រូម្នាក់ជាស្ដ្រី ទៅបង្រៀន។
អ្នកគ្រូ តាត ស្រីមុំ ៖«ខ្ញុំចង់ឲ្យជួយហ្នឹង គឺថា មានប្រាក់ឧបត្ថមដូចថា នៅតាមតំបន់ដាច់ស្រយាលអញ្ចឹងពេលខ្លះ គ្រូខ្លះមានតែម្នាក់ឯងអីអញ្ចឹង គឺជួយលើកទឹកចិត្ដគាត់ ជួយលើកទឹកចិត្ដគាត់យ៉ាងម៉េច ឲ្យលោកគ្រូ អ្នកគ្រូ ដែលនៅម្នាក់ឯងៗហ្នឹង ឲ្យគាត់មានគ្នា មិនមែនថា មានគ្នាមានប្ដី មានប្រពន្ធអញ្ចឹងអត់ គឺឧស្សាហ៍ទៅមើលគាត់ ឧស្សាហ៍ទៅសុខទុក្ខគាត់។ ដូចខ្ញុំអញ្ចឹង ខ្ញុំបង្រៀនតែម្នាក់ឯងទេ មួយសាលាហ្នឹងគឺមានតែខ្ញុំមួយ ហើយអត់ដែលមានមកអើត មកឈ្ងោគអីអត់ ហើយក៏មិនដែលសួរថា អ្នកគ្រូ យ៉ាងម៉េចហើយ សាលាហ្នឹងខ្វះអី អត់ដែលសួរទេ»។
ទាំងនេះ គឺជាក្ដីកង្វល់សម្រាប់អ្នកគ្រូ តាត ស្រីមុំ ដែលកំពុងបំពេញតួនាទីរបស់ខ្លួនជាគ្រូបង្រៀន នៅតំបន់ដែលស្ងប់ស្ងាត់ និងពុំសូមមានប្រជាជនរស់ច្រើន ដូចនៅទីប្រជុំជន។
តែយ៉ាងណាទាក់ទង នឹងការដំឡើងប្រាក់បៀវត្សសម្រាប់មន្ដ្រីរាជការនេះ អ្នកគ្រូ ប៉ែត កញ្ញា វ័យ ២៩ឆ្នាំ បង្រៀននៅអនុវិទ្យាល័យ ហ៊ុន សែន តាជៃ ស្ថិតនៅក្នុងឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ហាក់មិនមានអារម្មណ៍រីករាយប៉ុន្មានទេ ដោយអ្នកគ្រូនិយាយថា ប្រាក់បៀវត្សដែលដំឡើងជាបន្ដបន្ទាប់មកនេះ ហាក់ប្រណាំងជាមួយថ្លៃទំនិញនៅលើទីផ្សារ។ អ្នកគ្រូបន្ដទៀតថា ប្រាក់ដែលបើកមកប្រចាំខែ គឺគ្រាន់តែយកមកចំណាយសម្រាប់តម្រូវការប្រចាំថ្ងៃគឺអស់បាត់ទៅហើយ។
អ្នកគ្រូ ប៉ែត កញ្ញា ៖«ខ្ញុំសព្វថ្ងៃចំណាយចំណីអាហារសំលៀកបំពាក់ ចាយវាយប្រចាំថ្ងៃ។ បើគិតពីប្រាក់ខែ បើសួរពីប្រាក់ខែ ពីប្រាក់ខែតិចដល់ប្រាក់ខែប៉ុណ្ណឹង ខ្ញុំយល់ថា វាធម្មតាដដែលឲ្យថា រំភើពថា ឡើងជាងមុន ក៏ដូចជាមិនឡើងប៉ុន្មាន ព្រោះអីទំនិញលើទីផ្សារវាសមាមាត្រនិងប្រាក់ខែហ្នឹងដែរ»។
សំណូមរបស់អ្នកគ្រូ កញ្ញា ក៏មិនខុសគ្នាពីអ្នកគ្រូ ចន្ថា ដែរ។ អ្នកគ្រូ កញ្ញា សង្ឃឹមថា រដ្ឋាភិបាលគ្រប់គ្រងការឡើងតម្លៃទំនិញលើទីផ្សារឲ្យកាន់តែប្រសើរ ដើម្បីឲ្យយន្ដការដំឡើងប្រាក់បៀវត្សដល់លោកគ្រូអ្នកគ្រូនេះ មានប្រសិទ្ធភាព។
សូមជម្រាបថា បើយោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារអប់រំយុជន និងកីឡា ឆ្នាំសិក្សា ២០១៦-២០១៧ និងទិសដៅឆ្នាំសិក្សា ២០១៧-២០១៨ បានឲ្យដឹងថា បុគ្គលិកអប់រំសរុបនៅទូទាំងប្រទេស មានចំនួន ១សែន ១ម៉ឺន ៩ពាន់ ៣៦៨នាក់ មានស្ដ្រី ៥ម៉ឺន ៤ពាន់ ៣១៣នាក់។ គ្រូកម្រិតថ្នាក់ជាតិ ៣ពាន់ ២៣៧នាក់ មានស្ដ្រី ២៧,២៧ភាគរយ និងថ្នាក់ក្រោមជាតិ មានគ្រូចំនួន ១សែន ១ម៉ឺន ៦ពាន់ ១៣១នាក់ ដែលមានស្ដ្រី ៤៦ភាគរយ។ លោកគ្រូ អ្នកគ្រូ ចាប់ពីខែមសា ឆ្នាំ២០១៨នេះតទៅ ប្រាក់បៀវត្ស កម្រិតទាបបំផុតនឹងត្រូវកើនឡើង ដល់ ១លាន ១សែន ១ម៉ឺន ៤ពាន់ ៤៥០រៀល (១,១១៤,៤៥០រៀល)៕