ភ្នំពេញ៖របាយការណ៍សិក្សាស្រាវជ្រាវថ្មីមួយរបស់ធនាគារពិភពលោកបានបង្ហាញថាកម្ពុជាមានលទ្ធភាពពង្រីកបណ្តាញចែកចាយអគ្គីសនីរដ្ឋរហូតដល់៧១,៥ភាគរយនៅទូទាំងប្រទេស ។តែបែបនេះក្ដីធនាគារពិភពផ្ដល់អនុសាសន៍ឱ្យ រាជរដ្ឋាភិបាលកែលម្អសេវាកម្មអគ្គីសនីដើម្បីភាពទុកចិត្តដល់អ្នកប្រើប្រាស់។
យោងតាមរបាយការណ៍របស់ធនាគារពិភពលោក(World Bank)ចេញផ្សាយនៅថ្ងៃទី២២ ខែ មីនានេះបង្ហាញថានៅទូទាំងប្រទេសគ្រួសារជិត៩០ភាគរយមានលទ្ធភាពទទួលបានការផ្គត់ផ្គង់អគ្គីសនីដោយយ៉ាងហោចណាស់រយៈពេល៤ម៉ោងក្នុងមួយថ្ងៃ។ប៉ុន្តែគ្រួសារជិតពីរភាគបីប្រឈមដាច់ចរន្តអគ្គីសនីញឹកញាប់។
របាយការណ៍នេះរកឃើញថាគ្រួសារស្ទើពាក់កណ្តាលមានអគ្គីសនីប្រើតែមិនមែនបណ្តាញអគ្គីសនីរដ្ឋគឺប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យជិត៨០ភាគរយនិងប្រហែល៦០ភាគរយនៃគ្រួសារ ក្នុងភូមិដែលគ្មានបណ្តាញអគ្គសនី។
បញ្ហាប្រឈមធំបំផុតនៃការពង្រីកបណ្តាញចែកចាយអគ្គីសនីនៅតាមជនបទមានត្រឹមតែ៦៧ភាគរយ បើធៀបទៅនឹងទីប្រជុំជនមានរហូតដល់ជិត៩៧ភាគរយប្រើអគ្គីសនីពីបណ្តាញចែកចាយរដ្ឋ។
របាយការណ៍នេះទទូច ថាកម្ពុជាចាំបាច់មានការកែលម្អការលក់តម្លៃ អគ្គីសនី ដើម្បីធ្វើយ៉ាងណាឲ្យអ្នកប្រើប្រាស់ទទួលអគ្គីសនីពីបណ្តាញចែកចាយរដ្ឋដោយផ្តល់ប្រយោជន៍ជាអតិបរមា។
ប្រមាណ៧ភាគរយនៃគ្រួសារកម្ពុជាបានចំណាយទៅលើតម្លៃអគ្គីសនីជាង៥ភាគរយ ដើម្បីទទួលបានថាមពលអគ្គីសនី៣៦៥គីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។
របាយការណ៍នេះពន្យល់ថាកាលណាប្រជាពលរដ្ឋទទួលបានអគ្គីសនីគួរឲ្យទុកចិត្តនិងមានគុណភាពគ្រាន់បើជាងនេះគឺគ្រួសារជាង៥៥ភាគរយនៅប្រជុំជនអាចនឹងទាញយកផលប្រយោជន៍អតិបរមាពីអគ្គីសនី។
លោក ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គីសនីកម្ពុជាមានប្រសាសន៍នៅក្នុងរបាយការណ៍នេះថាកម្ពុជាមានភាពរីកចម្រើនយ៉ាងលឿនក្នុងការពង្រីកលទ្ធភាពទទួលបានអគ្គីសនីទៅដល់ភូមិហើយរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ពង្រឹងភាពទុកចិត្តនិងគុណភាពនៃការផ្គត់ផ្គង់អគ្គីសនី ដើម្បីជួយសេដ្ឋកិច្ចគ្រួសារនិងធុរកិច្ចលូតលាស់ល្អ។
អត្រាទទួលបានអគ្គីសនីតាមប្រព័ន្ធបណ្តាញមេនៅកម្ពុជាមានសន្ទុះកើនឡើងឆាប់រហ័សក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។នៅឆ្នាំ១៩៩៧ អត្រាមានអគ្គីសនីប្រើប្រាស់បណ្តាញចែកចាយមេក្នុងប្រទេសកម្ពុជាមានតែ១៦,៤ភាគរយប៉ុណ្ណោះ។អត្រាអ្នកប្រើប្រាស់កើនជិតទ្វេដងរហូតដល់៣២,៥ភាគរយនៅឆ្នាំ ២០១០ហើយកើន៨៥,២ភាគរយក្នុងឆ្នាំ២០១៤៕