en     km
en     km

​សម្តេចហ៊ុន សែន ​ណែនាំ​អាជ្ញាធរ​ស្វែងរក​ជន​ដៃដល់​ប្រើ​អំពើ​ហិង្សា​លើ​សាស្ត្រាចារ្យ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

Share

​ភ្នំពេញ​៖​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជន​ដៃដល់​បង្ក​ហិង្សា​លើ​លោក​សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​កម្ពុជា​ម្នាក់​ឲ្យ​រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​ក្រៅប្រទេស​យក​មក​កាត់ទោស​តាម​ច្បាប់​។​រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​បាន​ឃាត់​និង​ឃុំខ្លួន​ជនសង្ស័យ​បី​នាក់​ករណី​វាយដំ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ កាលពី​ស​ប្តា​ហ៍​មុន​។​

លោក ស៊ុយ សារ៉េត សាស្រ្តាចារ្យនៅសកលវិទ្យាល័យត្រូវបានក្រុមពលរដ្ឋព្រួតវាយតំដោយសារករណីបង្កគ្រោះថ្នាក់ចរាចរណ៍។រូបភាព៖ Facebook

​នៅ​ក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោង​ជាង​១​ម៉ឺន​នាក់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ២១​ ខែ​ មីនា​នេះ​ សម្តេច​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​មួយ​ចំនួន​ទៀត​ដែល​បាន​បង្ក​ហិង្សា​លោក​បណ្ឌិត​ ស៊ុ​យ​ សា​រ៉េ​ត​ សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​កម្ពុជា​ឲ្យ​រង​របួសធ្ងន់​ស្ទើ​ស្លាប់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។​

​សម្តេច​ ហ៊ុន​សែន​៖«​ខ្ញុំ​ពិតជា​សោកស្តាយ​និង​បង្ហាញ​នូវ​ការ​ឈឺចាប់​។​តើ​ហេតុ​អ្វី​ទៅ​បានជា​កើតជា​សីលធម៌​បែប​នេះ​ចំពោះ​មនុស្ស​មួយ​ក្រុម​តូច​ណាមួយ​នោះ​។​ឥឡូវ​ត្រូវ​បាន​ចាប់ខ្លួន​មួយ​ចំនួន​ហើយ​ យើង​នឹង​បន្ត​តាម​រក​ស្វែង​ចាប់ខ្លួន​ដោយ​មិន​ត្រូវ​ឲ្យ​អ្នក​ជនពាល​បែប​នេះ​បង្កើត​ឡើង​នូវ​ស្ថានភាព​ហើយដោយ​ខ្វះ​ការ​ទទួលខុស​ចំពោះ​ផ្នែក​ព្រហ្មទណ្ឌ​នោះ​ទេ​។​»

​សម្តេច​ ហ៊ុន​ សែន​ ថ្លែង​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​ទៅ​លើ​លោក​សាស្ត្រាចារ្យ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​ប៉ុន្តែ​សម្តេច​ប្រជាជន​រដ្ឋ​ត្រូវ​ចាប់​ជនសង្ស័យ​បញ្ជូន​ទៅ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោយ​មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​លើ​ពួក​គេ​ទេ​។​

កាលពី​ថ្ងៃ​ទី​១១​ ខែមីនា​ លោក​បណ្ឌិត​ ស៊ុ​យ​ សា​រ៉េ​ត​ សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​នៅ​សកល​វិទ្យាល័យ​កម្ពុជា​រង​ការ​ចោទប្រកាន់​ថា​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​ព្យាយាម​រត់គេច​ត្រូវ​បាន​ហ្វូង​មនុស្សឃាត់​រថយន្ត​និង​វាយដំ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កំពុង​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀតណាម​។​

​បច្ចុប្បន្ន​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាប់​និង​ឃុំខ្លួន​ជនសង្ស័យ​បី​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ទៅ​លើ​លោក​បណ្ឌិត​ ស៊ុ​យ​ សា​រ៉េ​ត​ សាស្ត្រាចារ្យ​មហាវិទ្យាល័យ​វ័យ​៥២​ឆ្នាំ​ស្ទើ​ស្លាប់​កាលពី​ស​ប្តា​ហ៍​មុន​។​ជនសង្ស័យ​ទាំងនោះ​ឈ្មោះ​ យា​ត​ ទិ​ត្យា​ លោក​ អាន​ វិ​នទី​ និង​លោក​ អាន​ ផ​ល្លី​។​

​ក្រោយ​ព្យាបាល​អស់​ពេល​ជិត​ពី​រស​ប្តា​ហ៍​នៅ​ក្រៅប្រទេស​លោក​ ស៊ុ​យ​ សា​រ៉េ​ត​ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ចន្ទ​ ទី​២០​ មីនា​នេះ​ ច្រានចោល​ថា​លោក​មិន​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​បើ​ឡាន​រត់គេច​ទេ​។​

​លោក​ ស៊ុ​យ​ សា​រ៉េ​ត​៖«​ប្អូន​ម្នាក់​វា​លេង​ទូរស័ព្ទ​ដល់​ឡាន​ខ្ញុំ​ចាប់​ហ្វាំ​ង​វា​ក៏​ជិះ​ទៅ​បុ​ខ​គូទ​ឡាន​គេ​ ហើយ​វា​ក៏​ដួល​នៅ​ខាង​មុខ​ខាងស្តាំ​ដៃ​ ហើយ​ខ្ញុំ​ក៏​ចាប់​ហ្វាំ​ង​ដោយ​ចាប់​ហ្វាំ​ង​ទៅ​មា​ម៉ូតូ​ស្រវឹង​មាន​មនុស្ស​ចាស់​ខ្ទង់​វ័យ​៤០​ពីរ​នាក់​ដូច​អត់​អាវ​បើ​តាម​ខ្ញុំ​ដឹង​អត់​មាន​ពាក់មួក​ទៀត​(​សុវត្ថិភាព​)​ដោយ​ជិះ​មក​គៀរ​ឡាន​ខ្ញុំ​នៅ​ខាងស្តាំ​។​»​

​ក្រោយ​កើតហេតុ​ពីរ​ថ្ងៃ​កូនស្រី​លោក​បណ្ឌិត​ ស៊ុ​យ​ សា​រ៉េ​ត​ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១​ពាន់​២​រយ​លាន​រៀល​ប្រហែល​៣០​ម៉ឺន​ដុល្លារ​។​

​យោង​តាម​ក្រមព្រហ្មទណ្ឌ​ត្រង់​មាត្រា​២១៧​បាន​ចែង​ថា​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​អ្នក​ដទៃ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល​ទៅ​៦​លាន​រៀល​។​មាត្រា​២១៨​ បាន​ចែង​ថា​អំពើ​ហិង្សា​ដោយ​ចេតនា​ ដោយ​មានការ​គិត​ទុកជា​មុន​ ដោយ​ប្រើ​អាវុធ​ឬ​គំរាមកំហែង​នឹង​អាវុធ​និង​អំពើ​ហិង្សា​ដោយ​មនុស្ស​ច្រើន​ក្នុង​ឋានៈ​ជា​ចារី​ សហចារី​អ្នក​ផ្តើមគំនិត​និង​អ្នកសមគំនិត​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង