en     km
en     km

បញ្ហាលទ្ធិប្រជាធិបតេយ្យកម្ពុជាគឺជារបៀបវារៈនៃកិច្ចជំនួបកំពូលអាស៊ាននៅអូស្រ្តាលី

Share

តាមទីភ្នាក់ងារសារព័ត៌មាន The New Daily ចុះផ្សាយនៅរសៀលថ្ងៃសុក្រទី ១៦មីនានេះថា លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull បានលើកឡើងអំពីបញ្ហាកម្ពុជានៅចំពោះមុខ សម្ដេច ហ៊ុន សែន ក្នុងជំនួបបិទទ្វារជិតនៅឯកិច្ចប្រជុំកំពូលអាស៊ាន។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអូស្រ្តាលីJulie Bishop បាននិយាយថា លោកស្រីនឹងលើកឡើងអំពីសិទ្ធិមនុស្សនិងលទិ្ធប្រជាធិបតេយ្យជាមួយសមភាគីកម្ពុជាអំឡុងកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ នៅទីក្រុងស៊ីដនី។

ប្រទេសអូស្ត្រាលីនៅឆ្នាំនេះ គឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន -អូស្ត្រាលី។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters អ្វីដែលនាំឱ្យលោកស្រី Julie Bishop លើកឡើងអំពីបញ្ហាកម្ពុជានៅពេលអ្នកសារព័ត៌មានបានសួរអំពី កម្ពុជា។

លោកស្រី Julie Bishop និយាយថា ៖«ជាការពិតអូស្ត្រាលី ត្រូវលើកឡើងអំពីកង្វល់របស់យើង​ជាមួយគណៈប្រតិភូកម្ពុជា »។

ទាក់ទិនការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានReuters  អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន  ចាត់ទុកថា ជាឱកាសល្អ ដែលសម្ដេច ហ៊ុន សែន ឆ្លៀតពន្យល់មេដឹកនាំអូស្ត្រាលី ជុំវិញបទល្មើសដែលបក្សប្រឆាំងបានប្រព្រឹត្ត ។

 លោក ផៃ ស៊ីផាន៖ «ជាឱកាសល្អ សម្រាប់សម្តេច ហើយជាឱកាសល្អសំរាប់មិត្តអូស្រ្តាលីគាត់យល់ច្បាស់ស៊ីជម្រៅពីបញ្ហាហ្នឹង! ហើយបើសិនជារឿងហ្នឹងមែន! ខ្ញុំថាវាជាឱកាសមួយ នៅក្នុងនាមជាដៃគូរសហប្រតិបត្តិការ ដែលអូស្រ្តាលីនៅតែបន្តកិច្ចសហ​ប្រតិបត្តិការមួយដ៏ជិតស្និទ្ធ  » 

អូស្ត្រាលី គឺជាអ្នកស្ថាបនិកមួយនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលជួយឱ្យកម្ពុជា​ពន្លត់សង្រ្គាមស៊ីវិលពីរទសវត្ស​​ ដែលមានរូបភាពសង្រ្គាមផ្ទៃក្នុង និងសង្រ្គាមឈ្លានពាន។

ក្នុងឋានៈជាភាគីពាក់ព័ន្ធរដ្ឋាភិបាលទីក្រុងកាំបេរ៉ា មានកាតព្វកិច្ចជួយស្ដារលទិ្ធប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ។ តាមរយៈនេះ អូស្រ្តាលីបានផ្ដល់ជំនួយឱ្យកម្ពុជាជាច្រើនរយលានដុល្លារ។

លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេងយល់ឃើញថា ជំនួបរវាងមេដឹកនាំអូស្ត្រាលី និងសម្ដេច ហ៊ុន សែន អាចទាញឱ្យស្ថានការណ៍នយោ បាយដែលឡើងកំដៅនេះ អាចវិលរក​ភាពធម្មតា។ អ្នកវិភាគវ័យកេ្មងរូបនេះ ចាត់ទុកប្រទេសអូស្ត្រាលីមានចិត្តសាស្ត្រធ្វើឱ្យមេដឹកនាំនិងអ្នកនយោបាយខ្មែរដែលមិនចុះសម្រុងគ្នាអាចចរចានឹងគ្នាវិញបាន។

លោក ហង្ស វិទូ៖ « ប្រទេសអូស្រ្តាលីផ្ទាល់ក៏បានបញ្ជេញមតិយោបល់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សផងដែរ ហើយនេះគឺជាការរៀបចំទុក​ ហើយខ្ញុំមានសុទិដ្ឋិនិយមថា អូស្រ្តាលីនឹងអាចធ្វើឲ្យកម្ពុជាងាកមករកការចរចរាឡើងវិញ ព្រោះអីមានប្រទេសមួយចំនួនចង់ឲ្យប្រទេសកម្ពុជា ត្រឡប់មករកវិញតែជារឿងដែលរដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកបាន តែបើអូស្ត្រាលីចេះប្រើរបៀបការទូតនោះ រដ្ឋាភិបាលនឹងងាកមករកការចរចារជាមួយគណបក្សប្រឆាំងឡើងវិញ »។

តែជាមួយគ្នានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ពលរដ្ឋខ្មែរនៅអូស្ត្រាលីថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbullបានសម្រេចផ្តល់ជំនួយ ៨៧លានដុល្លារអូស្ត្រាលីសម្រាប់អភិវឌ្ឍន៍នៅកម្ពុជា។

តាមគេហទំព័រ Fresh News ការសម្រេចផ្តល់ជំនួយនេះបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេច ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ៕

ប្រទេសកម្ពុជាស្ថិតក្នុងក្រសែភ្នែក និងរងសម្ពាធរបស់សហគមន៍អន្តរជាតិ ចាប់តាំងពីតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកាឆ្នាំ២០១៧ និងការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សនេះ ករណីក្បត់ជាតិ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង