ភ្នំពេញ៖អង្គកាសង្គមស៊ីវិលទទូចឲ្យប្រជាជនរដ្ឋត្រូវរាយការណ៍ទៅសមត្ថិកិច្ចអំពីជនសង្ស័យប្រព្រឹត្តិបទល្មើសជាជាងការប្រើអំពើហិង្សា។ការប្រើអំពើហិង្សាចំពោះជនសង្ស័យជាអំពើខុសច្បាប់និងប្រឈមមុខជាប់ពន្ធនាគារ។តែយ៉ាងណាក៏ដោយ ពួកគាត់ថា ករណីពលរដ្ឋប្រើហិង្សាលើជនសង្ស័យដូចជាករណីបង្កគ្រោះថ្នាក់ចរាចរណ៍អាចមកពីកត្តាហិង្សារបស់មនុស្សមិនឱ្យតម្លៃវប្បធម៌នៃការអត់ឱនគ្នាខណៈពួកគេមិនទាន់មានជំនឿលើប្រព័ន្ធយុត្តិធម៌។
ជាទូទៅគេសង្កេតឃើញថាសកម្មភាពវាយដំលើជនសង្ស័យក្នុងករណីអំពើលួចប្លន់និងជនសង្ស័យបង្កគ្រោះថ្នាក់ចរាចរណ៍ស្ទើរក្លាយជាទម្លាប់ទៅហើយសម្រាប់ប្រជាជនកម្ពុជា។
ជាក់ស្តែងកាលពីថ្ងៃអាទិត្យ ទី១១ ខែ មីនា ម្សិលមិញនេះ ប្រជាពលរដ្ឋមួយក្រុមបានព្រួតគ្នាវាយទៅលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើកឡានរត់គេចមិនទទួលខុសត្រូវឲ្យ។ករណីនេះ បង្កឱ្យអ្នកបើកបររងរបួសធ្ងន់ធ្ងរ។
បើតាមសាក្សីដែលត្រូវបានចុះផ្សាយតាមបណ្តាញផ្សាយព័ត៌មាននានាថារថយន្តបង្កហេតុរបស់លោក ស៊ុយ សារ៉េត ជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យហើយរូបលោកផ្ទាល់ជាអ្នក បង្កគ្រោះថ្នាក់ចរាចរណ៍។ ការកើតហេតុនេះ គឺដំបូងនៅម្តុំវត្តទួលអស់លោកស្ថិតនៅក្នុងខណ្ឌឬស្សីកែវដោយបើកបុកហើយរត់គេចុំក្រោយមកទៀតបានបុករះបង្កគ្រោះថ្នាក់មួយលើកទៀតនៅម្តុំផ្សារដេប៉ូ។ជនបង្កបន្តបើករត់រហូតត្រូវបានក្រុមប្រជាពលរដ្ឋជិះម៉ូតូដេញតាមទាន់ នៅក្រោយមន្ទីរពេទ្យលោកសង្ឃដោយព្រួតគ្នាវាយយ៉ាងខ្លាំង។
បើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកនៅជំពូកទី៦ត្រង់មាត្រា ៣៤ បានចែងថាគ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ជាសមត្ថកិច្ចរបស់នគរបាលផ្លូវគោល។រាល់ករណីគ្រោះថ្នាក់ចរាចរណ៍នគរបាលចរាចរណ៍ត្រូវរក្សាសណ្តាប់ធ្នាប់សាធារណៈជួយសង្គ្រោះជនរងគ្រោះនិងរក្សាសន្តិសុខគ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្តាត់ជម្លោះកើតឡើង។
មាត្រា៣៥ បានចែងថាអ្នកបង្ករគ្រោះថ្នាក់ត្រូវឈប់យានជំនិះរបស់ខ្លួនជាបន្ទាន់ ដើម្បីកុំឲ្យបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។មិនត្រូវប្រើអំពើហិង្សាឬបង្កជម្លោះគ្រប់ភាគីពាក់ព័ន្ធ។មាត្រា៣៧ ចែងអំពីការទទួលខុសត្រូវចំពោះជនបង្កហេតុត្រូវរាយការណ៍ទៅសមត្ថកិច្ចអំពីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមនុស្សរងរបួសឬបាត់បង់ជីវិតដើម្បីបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។
ជនសង្ស័យបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃអាទិត្យទី១១មីនាហើយត្រូវប្រជាពលរដ្ឋព្រួតវាយដោយប្រើដុំឥដ្ឋ ដុំថ្ម និងមួកសុវត្ថិភាពវាយគឺ មានឈ្មោះ ស៊ុយ សារ៉េត ជាសាស្ត្រាចារ្យនៅសកលវិទ្យាកម្ពុជា។ជនបង្កគ្រោះថ្នាក់ចរាចរណ៍បុករះហើយរត់គេចនាំឱ្យមានកំហឹងដល់ពលរដ្ឋ ដោយបានព្រួតគ្នា វាយឱ្យរងរបួសបែកក្បាលហូរឈាមជោកអាវ។
ករណីនេះ មន្ត្រីអង្គការសង្គមស៊ីវិលអំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់ការប្រើអំពើហិង្សាលើជនសង្ស័យព្រោះជាអំពើខុសច្បាប់ហើយប្រជាពលរដ្ឋចំបាច់រាយការណ៍ទៅសមត្ថកិច្ចអន្តរាគមន៍ករណី បទល្មើសខុសច្បាប់កើតឡើង។
លោក គង់ រតនៈ អនុប្រធានកម្មវិធីសុវត្តិភាពចរាចរណ៍ផ្លូវគោកនៃអង្គការHandicap International បានហៅទង្វើអ្នកវាយដំលើជនបង្កហេតុបើកឡានរត់គេចជាអំពើខុសច្បាប់និងក្រមសីលធម៌សង្គម។លោកបន្ថែមថាអ្នកបើកបរបង្កគ្រោះថា្នក់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយអ្នកវាយអ្នកបើកឡានក៏ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែរ។
លោក រតនៈ អំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាប់អ្នកប្រព្រឹត្តិមកផ្តន្ទាទោសអ្នកទាំងនោះទៅតាមផ្លូវច្បាប់។
លោក គង់ រតនៈ ៖«ខ្ញុំសុំឲ្យសមត្ថកិច្ចនឹងស្វែងរកពួកគាត់ហើយខ្ញុំគិតថាងាចអនុវត្តន៍តាមនីតិវិធីច្បាប់ដើម្បីឲ្យអ្នកដទៃទៀតគាត់មើលឃើញ។អំពាវនាវដល់ប្រជាពលរដ្ឋទូទៅថាបើយើងនិយាយអំពីបញ្ហាប៉ះទង្គិចចរាចរណ៍អត់មានពីណាគេចង់ទេក៏ប៉ុន្តែយើងគ្រប់គ្នាគឺត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាហើយប់បើសិនមានបញ្ហាសូមដោះស្រាយដោយឈរលើស្មារតីថាខ្មែរតែមួយ។»
ជាមួយគ្នានេះបើតាមព័ត៌មានក្នុងស្រុកចុះផ្សាយថា លោកនាយឧត្តមសេនីយ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាឲ្យសមតិកិច្ចស្រាវជ្រាវអ្នកវាយដំប៉ុនប៉ងសម្លាប់និងបំផ្លិចបំផ្លាញ់ទ្រព្យសម្បត្តិយកមកផ្តន្ទាទោសពាក់ព័ន្ធ។ លោកថាជនបង្កគ្រោះថ្នាក់ចរចរាណ៍បើករត់គេចមិនទទួលខុសត្រូវទុកឲ្យច្បាប់ជាអ្នកអនុវត្តប៉ុន្តែអ្នកវាយដំលើអ្នកបើកបរក៏ត្រូវទទួលទោសដូចគ្នា។
លោក ជួន សុវណ្ណ៖«ក្នុងករណីនេះយើងពិនិត្យឃើញថា ជាបទល្មើសជាក់ស្តែងព្រោះវាជាបទល្មើសហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃក៏មានស្ថានទម្ងន់ទោសផងដែរព្រោះបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម»។
កាលពីឆ្នាំ២០១៧ ករណីបុករះ នៅផ្លូវព្រះមុនិវង្ស ជិតវិទ្យាល័យបឹងត្របែក ក៏បណ្ដាលឱ្យពលរដ្ឋ ព្រួតគ្នាវាយអ្នកបើកបរស្ទើរស្លាប់នឹងកន្លែងដែរ។គេសង្កេតឃើញថា ករណីចោរឆក់ វិញ បើពលរដ្ឋតាមទាន់គឺសុទ្ធតែវាយស្ទើរស្លាប់ជនសង្ស័យនោះ។
តើនេះ អាចមកពីកត្តាអ្វី?
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាយល់ឃើញថាដើម្បីទប់ស្កាត់បទល្មើសអ្វីមួយដូចជាករណីវាយលើអ្នកបើកបរបង្កគ្រោះថ្នាក់ហើយបើករត់គឺ ប្រជាពលរដ្ឋគួររាយការណ៍ទៅប៉ូលិសចរចារណ៍ជាជាងប្រើអំពើហិង្សាលើជនល្មើស។
ទោះជាយ៉ាងណាលោក សន ជ័យ បង្ហាញទស្សនៈថាការវាយតំលើជនល្មើសប្រហែលជាការខ្វះជំនឿជាក់លើប្រព័ន្ធយុត្តិធម៌និងអាជ្ញាធរមានសមត្ថកិច្ចទើបប្រជាពលរដ្ឋសម្រេចអន្តរាគមន៍ក្រៅប្រព័ន្ធតុលាការ។
លោក សន ជ័យ៖«ខ្លួនខ្ញុំផ្ទាល់មានការសោកស្តាយយ៉ាងខ្លាំងចំពោះសោន្តកម្មដ៏គួរឲ្យរន្ធត់មួយនេះ។វាជារឿងដែលនាំឲ្យសង្គមយើងបែកបាក់និងបាត់បង់ជំនឿហើយរឿងនេះជាដើមចមនៃការអនុវត្តច្បាប់នៅកម្ពុជា។ជាពិសេសការខ្ចះជំនឿទៅលើសមត្ថកិច្ចហើយអ្នកអនុវត្តច្បាប់។»
ស្របនឹងទស្សនៈរបស់លោកសនជ័យនេះដែរ លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជាបានសម្តែងការសោកស្តាយចំពោះការប្រើហិង្សាលើអ្នកបើកបរ។លោកមើលឃើញថាជាហិង្សាមួយនាំឱ្យមានការស្អប់គ្នាកាន់តែខ្លាំងឡើង។លោកថាករណីរមិនទុកចិត្តលើតុលាការគឺជារឿងមួយតែករណីហិង្សានេះគឺជារឿងមួយទៀត។
លោក ព្រាប កុល៖«ខ្ញុំសូមអំពាវនាវឲ្យបងប្អូនខ្មែរយើងទំាងអស់សូមថ្កោលទោសចំពោះការប្រើអំពើហិង្សាបែបនេះ។រឿងតុលាការមិនអាចជឿទុកចិត្តបានជារឿងមួយដែលត្រូវបន្តជំរុញការធ្វើកែទម្រង់បន្តប៉ុន្តែមិនអាចយកមកដោះដូរជាមួយការប្រើអំពើហិង្សាដោយមហាជនបែបននេះទេ។»
យោងតាមក្រមព្រហ្មទណ្ឌត្រង់មាត្រា២១៧បានចែងថាអំពើហិង្សាដោយចេតនាលើអ្នកដទៃត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំនិងពិន័យជាប្រាក់២លានរៀលទៅ៦លានរៀល។មាត្រា២១៨ បានចែងថាអំពើហិង្សាដោយចេតនា ដោយមានការគិតទុកជាមុន ដោយប្រើអាវុធឬគំរាមកំហែងនឹងអាវុធនិងអំពើហិង្សាដោយមនុស្សច្រើនក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិតនិងអ្នកសមគំនិតត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល៕