en     km
en     km

ម្ចាស់​សហគ្រាសជា​ជនបរទេស​នៅ​កម្ពុជា​ នឹង​ប្រឈម​ការ​ផាកពិន័យ​ និង​បណ្ដេញចេញ​ ក្នុង​ករណី​មិន​បាន​បង់ពន្ធ​

Share

​ភ្នំពេញ​ ៖​ មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ ក្នុង​ឱកាស​ពិធី​បិទ​សន្និបាត​ បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​ និង​លើក​ទិស​ដៅ​ការងារ​បន្ដ​ របស់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ បាន​បញ្ជាក់​ថា​ ម្ចាស់​សហគ្រាស​ជា​ជនបរទេស​ និង​ពលករ​បរទេស​ ដែល​កំពុង​រកស៊ី​ និង​ធ្វើការ​នៅ​កម្ពុជា​ នឹង​ប្រឈម​ការ​ផាកពិន័យ​ និង​បណ្ដេញ​ចេញពី​កម្ពុជា​ ក្នុង​ករណី​ដែល​អ្នក​ទាំងនោះ​មិន​បង់ពន្ធ​ជូន​រដ្ឋ​។

លោក​ លៀ​ ស៊ី​ណា​ លម្អិត​ព័ត៌មាន​នេះ​ ៖​

 

សម្ដេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​

 

​លោកនាយ​ឧត្ដមសេនីយ៍​ សុខ​ ផល​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ នៃ​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ នៅ​ថ្ងៃ​ទី​០១​ ខែមីនា​ ឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ នឹង​ធ្វើការ​ហៅ​ម្ចាស់​សហគ្រាស​ ជា​ជនបរទេស​ ដែល​កំពុង​បើក​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​ ប្រមាណ​ ៤០០​នាក់​ មក​ជូ​ប​ ដើម្បី​ក្រើន​រំ​ឮ​ក​ពួក​គេ​ឲ្យ​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​ជា​ជនបរទេស​ ដែល​មក​រកស៊ី​នៅ​កម្ពុជា​។​

​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ បន្ថែម​ថា​ ក្រៅ​តែ​ពី​ម្ចាស់​សហគ្រាស​ដែល​ត្រូវ​បង់ពន្ធ​ហើយ​ ក្នុង​នោះ​ពលករ​បរទេស​ ដែល​កំពុង​បំពេញការងារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​ត្រូវ​មាន​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ​ដូច​គ្នា​ដែរ​។​ ជនបរទេស​ម្នាក់ៗ​ ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​នៅ​ដំណាច់ឆ្នាំ​នីមួយៗ​ នូវ​ទឹកប្រាក់​ ១០០​ដុល្លារ​។​ ក៏​ប៉ុន្ដែ​ក្នុង​ករណី​ជនបរទេស​ ទាំង​ថៅកែ​ និង​ពលករ​ មិន​បាន​គោរព​តាម​ច្បាប់​នេះ​ ពួក​គេ​នឹង​ត្រូវ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ ធ្វើការ​រួម​គ្នា​ជាមួយ​ក្រសួង​ការងារ​ ផាកពិន័យ​ជា​ទឹកប្រាក់​បន្ថែម​ពីលើ​ប្រាក់​ពន្ធ​នេះ​ ចំនួន​ ១២៥​ដុល្លារ​ទៀត​។​

​លោក​ឧត្ដមសេនីយ៍​ សុខ​ ផល​ បញ្ជាក់​ថា​ ប្រសិនបើ​ជនបរទេស​ទាំង​ថៅកែ​ និង​ពលករ​ រឹងរូស​មិន​ព្រម​អនុវត្ដ​អ្វី​ដែល​ជា​ច្បាប់​របស់​កម្ពុជា​ ពួក​គេ​នឹង​ត្រូវ​បាន​បង្ខំ​ឲ្យ​បង់​ផាកពិន័យ​ ហើយ​បណ្ដេញ​ចេញពី​កម្ពុជា​ ឬ​ក៏​ត្រូវ​ប្ដឹង​ឡើង​តុលាការ​ ចាប់​ដាក់​ពន្ធនាគារ​ មុន​បណ្ដេញ​ចេញពី​កម្ពុជា​។​

​លោក​ឧត្ដមសេនីយ៍​ សុខ​ ផល​ ៖«​បើ​អត់​បង់ពន្ធ​ច្បាប់​អន្ដោប្រវេសន៍​ មានការ​ចាត់ការ​មាន​ពីរ​យ៉ាង​ ទី​១​ គឺ​ចាប់​គាត់​ឲ្យ​បង់ពន្ធ​ហើយ​បណ្ដេញ​ទៅ​វិញ​។​ ទី​២​ បើសិនជា​រឹងរូស​មិន​អនុវត្ដ​គឺ​ដាក់​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ស្នើ​ដាក់​ពន្ធនាគារ​ បាន​ ៣​ខែ​ បន្ទាប់​មក​បាន​បណ្ដេញចេញ​ បាត់​មុខរបរ​នៅ​ទី​ហ្នឹង​ទៀត​ អ​ញ្ចឹ​ង​គាត់​រើស​មួយ​ណា​»​។​

​ពាកព័ន្ធ​ករណី​នេះ​ សម្ដេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​ដែរ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ជនបរទេស​ធ្វើការ​នៅ​កម្ពុជា​ ដោយ​មិន​ស្របច្បាប់​ទៀត​នោះ​ទេ​។​ សម្ដេច​បន្ដ​ថា​ ការ​ដែល​មាន​ជនបរទេស​ធ្វើ​ការងារ​នៅ​កម្ពុជា​ ដោយ​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​ គឺ​វា​បាន​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ​ និង​ឱកាស​ការងារ​សម្រាប់​ពលរដ្ឋ​ខ្មែរ​។​

​ជនបរទេស​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើការ​នៅ​កម្ពុជា​មាន​ជាង​ ១៦​ម៉ឺន​នាក់​ ក៏​ប៉ុន្ដែ​គឺ​មាន​ជនបរទេស​ប្រមាណ​តែ​ ៥​ម៉ឺន​ ៧​ពាន់​នាក់​ ប៉ុណ្ណោះ​ ដែល​មាន​ប័ណ្ណ​ការងារ​ស្រប​ទៅ​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ កម្ពុជា​បាន​បាត់បង់​ចំណូល​ក្នុង​មួយ​ឆ្នាំៗ​ ជាង​ ២០​លាន​ដុល្លារ​ ព្រោះតែ​ជនបរទេស​ ទាំង​ថៅកែ​ និង​ពលករ​ មួយ​ចំនួន​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​៕

Share

Image
Image
Image