en     km
en     km

EUប្រាប់កម្ពុជាគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសបើពុំនោះប្រឈមនឹងការដាក់ទណ្ឌកម្មថែមទៀត តែកម្ពុជាមិនខ្វល់

Share

ក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុប ដែលជាក្បាលម៉ាស៊ីនដឹកនាំសហភាពអ៊ឺរ៉ុប និងក្រុមរដ្ឋមន្ត្រីការបរទេស បានចេញសេចក្ដីសន្និដ្ឋានមួយមាន១១ចំណុច ដោយព្រមានរដ្ឋាភិបាលកម្ពុជាខ្លាំងៗ ចំពោះសភាពការណ៍នយោបាយកម្ពុជាសព្វថ្ងៃ ដែលក្រុមប្រឹក្សាបានពន្យល់ថា មានភាពអាក្រក់ជាទីបំផុត។  

តែបែបនេះក្ដីអ្នកនាំពាក្យ បក្សកាន់អំណាចនៅកម្ពុជា ថាកម្ពុជាមិនខ្វល់ឡើយ។

ស្តាប់សំឡេង លោក សេរីវឌ្ឍនៈ ៖ 

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរួមមួយ ដែលបានចេញផ្សាយ នៅបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃបណ្ដារដ្ឋមន្ត្រីការបរទេសអ៊ឺរ៉ុប កាលពីថ្ងៃចន្ទទី២៦ ខែកុម្ភៈនេះ បានដាក់ការព្រមានជាថ្មីម្ដងទៀត មកលើបក្សកាន់អំណាចនៃប្រទេសកម្ពុជា ។ ត្រង់ចំណុចទី១១បានបញ្ជាក់ដូចនេះ៖ «ប្រសិនជាស្ថានភាព មិនមានភាពប្រសើរឡើងវិញទេ ក្រុមប្រឹក្សាអ៊ឺរ៉ុបនឹងចាត់វិធានការ ដោយផ្ទាល់ និងចំទិសដៅដ៏សំខាន់ៗជាច្រើន»។

ចំណែកចំណុចទី២ បានរម្លឹកស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដែល បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ បានចុះហត្ថលេខាដោយប្រទេសកម្ពុជា និងប្រទេស១៨ទៀត ក្នុងនោះមានប្រទេសបារាំងនិងអង់គ្លេស។ តាមស្មារតីនេះ បានបង្កើតកាតព្វកិច្ចច្បាប់ដល់ភាគីទាំងអស់ ហើយកម្ពុជាខ្លួនឯងផ្ទាល់ត្រូវ គោរពនិងរក្សាឱ្យបានប្រព័ន្ធប្រជាធិបតេយ្យសេរី ដោយផ្អែកលើពហុបក្ស។ ស្មារតីរបស់កិច្ចព្រមព្រៀងនេះ តម្រូវឱ្យកម្ពុជា អនុវត្តនិងគោរពសិទិ្ធមនុស្ស និងសេរីភាពជាមូលដ្ឋាន ដូចមានចែងផងដែរនៃរដ្ឋធម្មនុញ្ញកម្ពុជា។

នៅក្នុងចំណុចទី៤ថា ក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុប បានទាមទារ ឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ប្រើប្រាស់ប្រព័ន្ធតុលាការ ជា«ជាឧបរកណ៍នយោបាយ» ដើម្បីគម្រាមកំហែង និងបំភិតបំភ័យក្រុមអ្នកនយោបាយប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល បណ្ដាអ្នកការពារសិទ្ធិការងារ និងសិទ្ធិមនុស្ស។

ចំណុចទី៥ ក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុប បន្តសម្ដែងការព្រួយបារម្មណ៍ចំពោះ ហេតុការណ៍ ចំពោះការបិទអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើន ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ប្រធានគណបក្ស លោក កឹម សុខា  យកទៅឃុំខ្លួនរហូតមកដល់ពេលនេះ។ត្រង់ចំណុចនេះក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុបក៏បានលើកឡើ់ងពីឆន្ទៈរបស់អ្នកបោះឆ្នោតជាង៤៤ភាគរយដែលត្រូវបានបំផ្លាញ។

ជាថ្មីម្ដងទៀតក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុបបានទទូច ឲ្យមានការដោះលែង លោក កឹម សុខា ជាបន្ទាន់និងអំពាវនាវ ឲ្យ«លប់ចោលជាបន្ទាន់ នូវការការសម្រេចរំលាយគណបក្សប្រឆាំងខាងលើ»

ដោយឡែកចំណុចទី៨ ក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុប អះអាងថា អឺរ៉ុបជាទីផ្សារដ៏ធំរបស់កម្ពុជាដែលជាប្រភពអនុគ្រោះពន្ធដ៏ធំដែរសម្រាប់កម្ពុជាដែល កម្ពុជាទទួលបានផលប្រយោជន៍ ហើយ បើគ្មានការធ្វើឱ្យស្ថានភាពប្រជាធិបតេយ្យវិលមកវិញនោះទេ គឺវិធានការណ៍ ដាក់ទណ្ឌកម្មជាស្ដែងត្រូវបានអនុវត្ត។ នេះបើយោងតាមបញ្ញតិ្ត លេខ ៩៧៨ /២០១២។

រីឯចំណុចទី១០វិញ ក្រុមប្រឹក្សានៃសហភាពអ៊ឺរ៉ុបក៏បានទាមទារឱ្យបក្សកាន់អំណាច បើកការចារចាជាមួយគណបក្សប្រឆាំង (បក្សសង្រ្គោះជាតិ) ខណៈខ្លួនសន្យាបន្តជួយកម្ពុជាឡើងវិញក្រោមកាតព្វកិច្ចដែលកម្ពុជាគោរពសិទិ្ធមនុស្ស គោលការណ៍នីតិរដ្ឋ គឺជា ការគាំទ្រ សេដ្ឋកិច្ច​និងការអភិវឌ្ឍដោយចិរភាព។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យកាន់អំណាច លោក សុខ ឥសាន្តដែលបានផ្តល់បទសម្ភាសន៍ដល់វិទ្យុស្រ្តី នៅថ្ងៃទី ២៧ ខែ កុម្ភះនេះ បានឆ្លើយ​ថា អ្វីៗ គឺជាសិទ្ធិរបស់សហភាពអឺរ៉ុប ព្រោះលោកខាងលិចនេះ តែងតែជ្រៀតជ្រែក ចូលក្នុងកិច្ចការប្រទេសដទៃ ហើយនៅពីក្រោយក្រុម ធ្វើបដិវត្តន៍ពណ៌។

សំឡេង លោក សុខ ឥសាន្ត​៖ 

ករណីស្ថានការណ៍នយោបាយនៅកម្ពុជា បាននាំឲ្យសហគមន៍អន្តរជាតិ ចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបក្សកាន់អំណាច ចោទប្រកាន់ លោក កឹម សុខា​ ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងអំពើក្បត់ជាតិ និង ឈានដល់ការរំលាយបក្សប្រឆាំងធំនេះ។ ក្នុងនោះសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ឃើញថាឈានមុខគេ ដាក់សម្ពាធមកលើកម្ពុជា ខណៈប្រទេសជប៉ុនជាម្ចាស់ជំនួយ ដ៏ធំសម្រាប់កម្ពុជា មានការបារម្ភខ្លះដែរ តែមិនសូវឃើញមាន គាបសង្កត់កម្ពុជាខ្លាំងក្លាទេ។ យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលប្រើប្រាស់ វេទិកាសាធារណ តែងតែវាយបក លើសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិកវិញ ដោយ ចាត់ទុកថា វិធានការរបស់ អន្តរជាតិទាំង ២នេះ មិនបានឈរលើ គោលការណ៍សិទ្ធិមនុស្ស និង សេចក្តីត្រូវការរបស់ប្រទេសកម្ពុជាដែលប្រាថ្នា ឲ្យមានសន្តិភាព ពេញលេញនោះទេ៕

Share

ព័ត៌មានទាក់ទង

Image