en     km
en     km

កម្ពុជា​ និង​សិង្ហ​បុរី​ ត្រៀម​ចុះហត្ថលេខា​ផ្ដល់​បុព្វសិទ្ធិ​ និង​អភ័យឯកសិទ្ធិ​ដល់​មជ្ឈមណ្ឌល​ ARMAC

Share

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ កម្ពុជា​ លោក​ ប្រាក់​ សុ​ខុន​ និង​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ ប្រចាំ​កម្ពុជា​ លោក​ ម៉ៃ​ឃើ​ល​ តាន់​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ នៃ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​ ARMAC​ សម្រាប់​ឆ្នាំ​២០១៨​ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ក្នុង​ការ​ផ្ដល់​បុព្វសិទ្ធិ​ និង​អភ័យឯកសិទ្ធិ​ដល់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​ នៅ​ថ្ងៃ​ទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុជា​ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​នេះ​។​

​ពិធី​ចុះហត្ថលេខា​ នឹង​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​ ARMAC​ នៅ​ទីក្រុង​ភ្នំពេញ​។​ ក្នុង​ពិធី​នេះ​ ក៏​នឹង​មានការ​ចូលរួម​ធ្វើ​ជា​សាក្សី​ ដោយ​សមាជិក​ នៃ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ នៃ​ ARMAC​ មន្ដ្រី​លេខាធិការដ្ឋាន​អាស៊ាន​ និង​តំណាង​ស្ថានទូត​ប្រទេស​អាស៊ាន​ នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ​។​

​កិច្ចព្រមព្រៀង​នេះ​ នឹង​ក្លាយជា​លិខិត​តុ​ប​ការណ៍​ដ៏​សំខាន់​ ដែល​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ដ​ និង​ការ​គាំទ្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ​ សម្រាប់​ទីស្នាក់ការ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​។​ លើស​ពី​នេះ​ ក្នុង​ពិធី​នេះ​ ក៏​នឹង​ចែង​អំពី​ភារកិច្ច​ និង​ការ​ទទួលខុសត្រូវ​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ព្រមទាំង​បុព្វសិទ្ធិ​ និង​អភ័យឯកសិទ្ធិ​ដែល​ត្រូវ​ផ្ដល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​ អាច​បំពេញ​មុខងារ​ និង​ប្រតិបត្ដិការ​របស់​ខ្លួន​បាន​ពេញលេញ​ និង​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។​

​គួរ​កត់​សម្គាល់ថា​ ការ​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​ គឺជា​ការ​ផ្ដួចផ្ដើម​ដោយ​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ ក្នុង​អំឡុង​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១​ កាលពី​ឆ្នាំ​២០១២៕

Share

Image
Image
Image