en     km
en     km

មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ផ្ដល់​សេវា​ព្យាបាល​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​ជាង​ ១២០០០​នាក់​ និង​កុមារ​ជាង​ ៨០០០០​នាក់​

Share

​ភ្នំពេញ​ ៖​ គិត​ចាប់ពី​ថ្ងៃ​ទី​២១​ ខែមករា​ ដល់​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ បាន​ផ្ដល់​សេវា​ដល់​ស្ដ្រី​មាន​ផ្ទៃពោះ​ ១២០៤៥​នាក់​ និង​កុមារ​ ៨​ ៣២៨២​នាក់​។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៦​ ខែកុម្ភៈ​នេះ​។​

​យោង​តាម​របាយការណ៍​នេះ​ កុមារ​ឈឺ​មាន​ចំនួន​ ៨​ម៉ឺន​ ២​ពាន់​ ២៨២​នាក់​ ដែល​ត្រូវ​បាន​នាំ​ទៅ​ពិនិត្យ​ និង​ព្យាបាល​ នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​។​ ក្នុង​ចំណោម​កុមារ​ជាង​ ៨​ម៉ឺន​នាក់​នេះ​ មាន​កុមារ​កើត​ជំងឺ​ធ្ងន់ធ្ងរ​ ចំនួន​ ១​ម៉ឺន​ ២​ពាន់​ ០២៣​នាក់​ ដែល​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​ កុមារ​ ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជាង​ ១​ម៉ឺន​នាក់​នេះ​ រួម​មាន​ កុមារ​កើត​ជំងឺ​រលាក​ខួរក្បាល​ធ្ងន់ធ្ងរ​ ១៣៦​នាក់​ កុមារ​ កើត​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ ២២៤​នាក់​ និង​កុមារ​ដែល​ត្រូវ​ទទួល​បានការ​វះកាត់​ចំនួន​ ២១៣៣​នាក់​។​ បន្ថែម​ពី​នេះ​ កុមារ​ដែល​ទទួល​បាន​វះកាត់​បេះដូង​ និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​ បាន​ចំនួន​ ៥៤​នាក់​។​

​គួរ​ជម្រាប​ថា​ ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​២១​ ខែមករា​ ដល់​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​នេះ​ ស្ដ្រី​មាន​ផ្ទៃពោះ​ដែល​បាន​ទៅ​ទទួល​សេវា​ព្យាបាល​ ថែទាំ​ និង​សម្រាលកូន​ នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ មាន​ចំនួន​ ១​ម៉ឺន​ ២​ពាន់​ ០៤២​នាក់​។​ ក្នុង​ចំនួន​នេះ​ ស្ដ្រី​ចំនួន​ ២០៥៨​នាក់​ បាន​សម្រាលកូន​ដោយ​ជោគជ័យ​ (​នៅ​ផ្នែក​សម្ភព​ នៃ​មន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​០៧​ ឬ​គន្ធ​បុប្ផា​ទី​០៣)​។​

​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ គឺជា​កេរ្ដិ៍​មរតក​របស់​លោក​ វេជ្ជបណ្ឌិត​ Beat​ Richner​ ដែល​មាន​សញ្ជាតិ​ស្វី​ស​។​ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​ បាន​ចាត់​ទុក​លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ ជា​ព្រះ​ដែល​បាន​ជួយ​ដល់​កុមារ​ខ្មែរ​ ក្រីក្រ​រាប់​លាន​នាក់​។​ លោក​វេជ្ជបណ្ឌិត​ Beat​ Richner​ បាន​ចាប់ផ្តើម​បើក​ដំណើរការ​ មន្ទីរពេទ្យ​គុន្ធ​បុប្ផា​ នៅ​ឆ្នាំ​១៩៩២​ ដើម្បី​ជួយ​ព្យាបាល​កុមារ​ និង​ស្ដ្រី​កម្ពុជា​ ដែល​មាន​ជីវភាព​ ក្រីក្រ​ដោយ​ឥត​គិតថ្លៃ​។​ ក្នុង​មួយ​ថ្ងៃៗ​ មន្ទីរពេទ្យ​នេះ​ ទទួល​ព្យាបាល​កុមារ​ និង​ស្ដ្រី​ ក្រីក្រ​ មក​ពី​គ្រប់​ច្រកល្ហក​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ យ៉ាង​ហោច​ណាស់​ ពី​១៥០​ ទៅ​ ២០០​នាក់​។​

​យោង​តាម​របាយការណ៍​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ គិត​ចាប់តាំងពី​ឆ្នាំ​១៩៩២​ រហូត​ដល់​ឆ្នាំ​២០១៦​ អ្នកជំងឺ​ដែល​មាន​ជីវភាព​ក្រីក្រ​ ពិសេស​ស្ដ្រី​ និង​កុមារ​ ប្រមាណ​ជាង​ ១៥​លាន​នាក់​ បាន​ទៅ​ទទួល​សេវា​ព្យាបាល​ ពី​មន្ទីរពេទ្យ​គន្ធ​បុប្ផា​។​ ​បើ​គិត​មក​ដល់​ឆ្នាំ​២០១៧​ មន្ទីរពេទ្យ​មនុស្សធម៌​នេះ​ មាន​បុគ្គលិក​បំរើ​ការងារ​ចំនួន​ ២៥០០​នាក់​។​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ប្រកាន់ខ្ជាប់​នូវ​បទបញ្ជាផ្ទៃក្នុង​ គឺ​គ្រូពេទ្យ​ទាំងអស់​ ដាច់ខាត​មិន​ត្រូវ​ទារប្រាក់​ពី​គ្រួសារ​អ្នកជំងឺ​ឡើយ​ ហើយ​មិនតែប៉ុណ្ណោះ​ ក៏​គ្មាន​គ្រូពេទ្យ​ណា​ម្នាក់​ ឆ្លៀត​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ នៅ​គ្លីនិក​ឯកជន​នោះ​ដែរ​។​ បច្ចុប្បន្ន​នេះ​មន្ទីរពេទ្យ​មនុស្សធម៌​នេះ​ មាន​សាខា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​ក្នុង​ក្រុង​សៀមរាប​ ខេត្តសៀមរាប​៕​

Share

Image
Image
Image