en     km
en     km

តុលាការ​ខេត្ដកំពត​ សម្រេច​ឃុំខ្លួន​គ្រូថ្នាំ​ខ្មែរ​ម្នាក់​ ចោទ​ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា​

Share

​ភ្នំពេញ​ ៖​ បុរស​ម្នាក់​នេះ​ឈ្មោះ​ អ៊ឹ​ង​ ឈាន់​ ហៅ​ កៅ​ ត្រូវ​បាន​តុលាការ​ខេត្ដកំពត​ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ក្រោម​បទ​ចោទ​ “​មនុស្សឃាត​ដោយ​អ​ចេតនា​”​។​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ ខាន់​ សុផល​ ព្រះរាជអាជ្ញា​រង​ និង​ជា​អ្នកនាំពាក្យ​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ដកំពត​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​នេះ​។​

​គួរ​រំឮ​កថា​ លោក​ អ៊ឹ​ង​ ឈាន់​ ហៅ​ កៅ​ ភេទ​ប្រុស​ អាយុ​ ៥១​ឆ្នាំ​ គឺជា​គ្រូ​លក់​ថ្នាំបុរាណ​ខ្មែរ​ម្នាក់​ រស់នៅ​ក្នុង​ខេត្ដកំពត​។​ លោក​ត្រូវ​បាន​ចាប់ខ្លួន​ និង​បញ្ជូន​ទៅ​កាន់​តុលាការ​ ក្រោយ​ពេល​បុរស​ ដែល​ជា​គ្រូ​លក់​ថ្នាំខ្មែរ​រូប​នេះ​ បាន​លក់​ថ្នាំ​ ឲ្យ​ទៅ​បុរស​ម្នាក់​ឈ្មោះ​ សំ​ វ​ណ្ណា​ ភេទ​ ប្រុស​ អាយុ​ ៥៩​ឆ្នាំ​ ហើយ​លោក​ វ​ណ្ណា​ បាន​យក​ថ្នាំ​នោះ​ទៅ​លាយ​ជាមួយ​ស្រា​ យក​មក​ផឹក​បណ្ដាល​ឲ្យ​ពុល​ស្លាប់​បាត់បង់​ជីវិត​ កាលពី​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​។​

​តែ​យ៉ាងណា​បើ​យោង​តាម​ប្រសាសន៍​របស់​មន្ដ្រីជាន់ខ្ពស់​ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ដកំពត​ ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ យោង​តាម​ចម្លើយ​សារភាព​ របស់​ជនសង្ស័យ​ អ៊ឹ​ង​ ឈាន់​ បាន​បញ្ជាក់​ថា​ មុន​ពេល​ដែល​ខ្លួន​ប្រគល់​ថ្នាំ​ ឲ្យ​ទៅ​ជន​រង​គ្រោះ​ លោក​បាន​ប្រាប់​ថា​ ថ្នាំ​នោះ​មាន​សារធាតុពុល​។​ ដើម្បី​បន្សាប​ គឺ​ត្រូវ​ត្រាំ​ថ្នាំ​នោះ​ ជាមួយ​ស្រា​រយៈពេល​ ៧​ថ្ងៃ​ ទៅ​ ១០​ថ្ងៃជា​មុន​សិន​។​ ក៏​ប៉ុន្ដែ​ជន​រង​គ្រោះ​ មិន​បាន​ធ្វើ​តាម​អ្វី​ដែល​បុរស​ជា​អ្នកលក់​ថ្នាំខ្មែរ​ប្រាប់​នោះ​ទេ​។​

​ករណី​នេះ​ អ្នកស្រី​ គី​ម​ មួយ​ ភរិយា​លោក​ សំ​ វ​ណ្ណា​ បាន​ទទួលស្គាល់​ថា​ នៅ​ពេល​ដែល​គ្រូថ្នាំ​ខ្មែរ​រូប​នោះ​ ប្រគល់​ថ្នាំ​ឲ្យ​ទៅ​ស្វាមី​អ្នកស្រី​ គឺ​ពិតជា​បាន​ប្រាប់​ថា​ ថ្នាំ​នោះ​មាន​សារធាតុពុល​ពិតមែន​។​ តែ​អ្នកស្រី​យល់​ថា​ ប្រសិនជា​ថ្នាំ​មាន​ជាតិពុល​ បុរស​រូប​នោះ​ មិន​គួរ​យក​មក​លក់​ឲ្យ​ស្វាមី​អ្នកស្រី​ឡើយ​។​

​ពាក់ព័ន្ធ​ករណី​ពុល​ស្រា​នេះ​ដែរ​ ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​កាលពីដើម​ ខែកុម្ភៈ​ កន្លង​ទៅ​នេះ​ ដោយ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ កុំ​បរិភោគ​ស្រា​ ដែល​មិន​មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ ពី​ក្រសួងសុខាភិបាល​ ឬ​អាជ្ញាធរ​។​ តែបើ​ក្នុង​ករណី​ពលរដ្ឋ​មាន​តម្រូវការ​ស្រា​ សូម​ឲ្យ​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់​មុន​ពេល​ទិញ​យក​ទៅ​បរិភោគ​។​

​គួរ​ជម្រាប​ថា​ បើ​យោង​តាម​ទិន្នន័យ​ របស់​ក្រសួងសុខាភិបាល​ ករណី​ពុល​ស្រា​ ក្នុង​ឆ្នាំ​២០១៥​ បាន​កើតឡើង​ចំនួន​ ២៨៤​ករណី​ ហើយ​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ៣៣​នាក់​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ដ​ចំនួន​០៣​ គឺ​ខេត្ដ​ត្បូងឃ្មុំ​ ក្រចេះ​ និង​ខេត្ដមណ្ឌលគិរី​។​ ដោយឡែក​សម្រាប់​ឆ្នាំ​២០១៦​ ករណី​ពុល​ស្រា​ បាន​កើតឡើង​ចំនួន​ ៩២​ករណី​ បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៥​នាក់​ ស្ថិត​នៅ​ក្នុង​ខេត្ដ​កំពង់​ឆ្នាំ​។​ ចំណែក​ឆ្នាំ​២០១៧​ ករណី​ ពុល​ស្រា​បាន​កើតឡើង​ចំនួន​ ១៣​ករណី​ ហើយ​បង្ក​មនុស្ស​ស្លាប់​ចំនួន​ ២​នាក់​ ស្ថិត​ក្នុង​ខេ​ត្ដម​ណ្ឌ​គិរី​៕​

Share

ព័ត៌មានទាក់ទង

Image