en     km
en     km

រដ្ឋាភិបាល​ចិន​ ប្ដេជ្ញា​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ បង្ក្រាប​ជនជាតិ​ចិន​ ប្រព្រឹត្ដ​បទល្មើស​នៅ​កម្ពុជា​

Share

​ភ្នំពេញ​ ៖​ រដ្ឋាភិបាល​ចិន​ បាន​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ដ​ ធ្វើការ​រួម​គ្នា​ជាមួយ​អាជ្ញាធរ​កម្ពុជា​ ដើម្បី​បង្ក្រាប​ជនជាតិ​ចិន​ ដែល​ប្រព្រឹត្ដ​បទល្មើស​នៅ​កម្ពុជា​។​ ករណី​នេះ​អភិបាលខេត្ដ​ព្រះ​សីហ​នុ​ ដែល​ជា​តំបន់​សម្បូរ​ជនជាតិ​ចិន​ ច្រើន​ជាង​បណ្ដា​ខេត្ដ​ផ្សេងៗ​ យល់​ថា​ នេះ​គឺជា​សារ​ថ្មី​មួយ​ ដែល​បង្ហាញ​ពី​ការ​សហការ​ កាន់តែ​ល្អ​រវាង​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំង​ពីរ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

ជនជាតិចិន ដែលប្រព្រឹត្ដល្មើសច្បាប់នៅកម្ពុជា ត្រូវចាប់ខ្លួន ករណី ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ប្រភពរូបភាពី កាសែត Khmertimkh. KT/Mai Vireak

 

​បន្ទាប់​ពី​ ២​ស​ប្ដា​ហ៍​ ក្រោយ​ពេល​ដែល​របាយការណ៍​ របស់​អភិបាលខេត្ដ​ព្រះ​សីហ​នុ​ លោក​ យន្ដ​ មីន​ ផ្ញើ​ជូន​សម្ដេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ដ្រី​ និង​ជា​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ ដោយ​បង្ហាញ​ពី​កំណើន​ភ្ញៀវ​ទេសចរណ៍​ និង​វិនិយោគ​គិ​ន​ ដែល​សង្កេត​ឃើញ​បរទេស​យ៉ាងច្រើន​ចូល​ទៅ​ស្នាក់​នៅ​ និង​បណ្ដាក់​ទុក​ក្នុង​ខេត្ដ​នេះ​។​ របាយការណ៍​បាន​បន្ដ​ថា​ ក្នុង​ចំណោម​ជនបរទេស​ដែល​ស្នាក់​នៅ​ទាំង​អស់នេះ​ គឺ​មាន​ជនជាតិ​ចិន​ ជា​ពួក​ម៉ាហ្វីយ៉ា​មួយ​ចំនួន​ បាន​បន្លំ​ខ្លួន​ចូល​ទៅ​ប្រព្រឹត្ដ​បទល្មើស​ បង្ក​អសន្ដិសុខ​ និង​ចាប់ជំរិត​អ្នក​វិនិយោគ​ជាដើម​។​

​ជុំវិញ​ករណី​នេះ​ កាលពី​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ម្សិលមិញ​ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ បាន​ធ្វើ​សន្និសីទ​សារ​ព័ត​មាន​មួយ​ដោយ​សម្ដែង​ពី​ក្ដី​ព្រួយបារម្ភ​ និង​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​អាជ្ញាធរ​កម្ពុជា​ ក្នុង​ការ​អនុវត្ដ​ច្បាប់​បង្ក្រាប​ជនជាតិ​ចិន​ដែល​បាន​ប្រព្រឹត្ដ​បទល្មើស​ បង្ក​សកម្មភាព​អសន្ដិសុខ​ និង​អ​ស្ថិរភាព​ផ្សេងៗ​នៅ​លើ​ទឹកដី​កម្ពុជា​។​

​លោក​ ស្យុ​ង​ បូ​ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ក្នុង​សន្និសីទ​នេះ​ តាម​រយៈ​អ្នកបកប្រែ​ថា​ រដ្ឋាភិបាល​ចិន​សូម​អំពាវនាវ​ដល់​ប្រជាជន​ចិន​ ដែល​មក​ទេសចរណ៍​ ឬ​មក​ធ្វើការ​ នៅ​ក្នុង​កម្ពុជា​ទាំងអស់​ ត្រូវ​តែ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​ច្បាប់​ វប្បធម៌​ និង​ទំនៀម​ទំ​ន​លាប់​ របស់​ប្រទេស​កម្ពុជា​ ។​ បន្ថែម​ពី​នេះ​ ឯកអគ្គរដ្ឋទូត​ចិន​បាន​មើលឃើញ​ថា​ កន្លង​មក​ពលរដ្ឋ​ចិន​មួយ​ភាគ​ធំ​បាន​គោរព​ និង​អនុវត្ដ​តាម​បាន​ល្អ​ប្រសើរ​ ។​ ប៉ុន្ដែ​លោក​ ស្យុ​ង​ បូ​ ក៏​ទទួលស្គាល់​ផង​ដែរ​ ថា​ ពិតជា​មាន​ជនជាតិ​ចិន​មួយ​ចំនួន​ បាន​ចូល​មក​កម្ពុជា​ បង្ក​បញ្ហា​អសន្ដិសុខ​ និង​អ​ស្ថិរភាព​ជា​ច្រើន​ ដែល​មាន​ដូច​ជា​ ការ​លេងល្បែង​ខុសច្បាប់​ ការ​ប្រព្រឹត្ដ​បទល្មើស​ចាប់ជំរិត​ទា​លុយ​តាម​អ៊ីនធឺណិត​ ជាដើម​។​ ត្រង់​ចំណុច​នេះ​ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ បាន​អះអាង​ថា​ ខ្លួន​គាំទ្រ​គ្រប់​សកម្មភាព​អនុវត្ដ​ច្បាប់​ ចំពោះ​ជនជាតិ​ចិន​ ដែល​ប្រព្រឹត្ដ​ល្មើសច្បាប់​នៅ​កម្ពុជា​។​

​លោក​ ស្យុ​ង​ បូ​ ៖«​ភ្ញៀវ​ទេសចរណ៍​ចិន​ និង​ប្រជាជន​ធ្វើការ​នៅ​កម្ពុជា​ជាង​ ១​លាន​នាក់​នេះ​ ក្រុម​នេះ​មាន​ចំនួន​តិច​ណាស់​ តែ​ក៏​បាន​បំផ្លាញ​នូវ​មុខមាត់​ប្រជាជន​ចិន​យ៉ាងធ្ងន់ធ្ងរ​។​ ចំពោះ​ជន​ទាំង​អស់នេះ​ភាគី​ចិន​មាន​ជំហរ​យ៉ាង​ច្បាស់លាស់​ គឺ​យើងខ្ញុំ​គាំទ្រ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ធ្វើការ​ចាត់ការ​តាម​នីតិវិធី​»​។​

​ជុំវិញ​ករណី​នេះ​ លោក​ យន្ដ​ មីន​ អភិបាលខេត្ដ​ព្រះ​សីហ​នុ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ នៅ​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ នេះ​ថា​ ការ​ប្ដេជ្ញា​របស់​ភាគី​ចិន​នេះ​ គឺជា​សារ​ថ្មី​មួយ​ដែល​បង្ហាញ​ពី​ការ​សហការ​កាន់​ល្អ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​។​ តែ​យ៉ាងណា​លោក​អភិបាល​ប្រាប់​ថា​ កន្លង​មក​ភាគី​ចិន​ក៏​មិន​ដែល​បង្ហាញ​ពី​ការ​ប្រឆាំង​ឬ​ក៏​មិន​ពេញចិត្ដ​នៅ​ពេល​ដែល​អាជ្ញាធរ​កម្ពុជា​ អនុវត្ដ​ច្បាប់​ចំពោះ​ជនជាតិ​ដែល​ប្រព្រឹត្ដ​ល្មើសច្បាប់​នៅ​កម្ពុជា​នោះ​ដែរ​។​

​លោក​ យន្ដ​ មីន​ ៖«​កន្លង​មក​គាត់​គាំទ្រ​តើ​ គាត់​អត់​មាន​ប្រឆាំង​យើង​ ឬ​ក៏​មិន​ពេញចិត្ដ​យើង​អនុវត្ដ​ច្បាប់​ចំពោះ​ពលរដ្ឋ​គាត់​ទេ​ កន្លង​មក​គាត់​ណែនាំ​ពលរដ្ឋ​គាត់​គោរព​ច្បាប់ទម្លាប់​របស់​យើង​។​ ប៉ុន្ដែ​ពេល​ខ្លះ​បុគ្គល​ដែល​មក​ហ្នឹង​គាត់​អាច​ខុស​ដោយ​អ​ចេតនា​ ឬ​ក៏​ពេល​ខ្លះ​ក៏​ស្រវឹង​ភ្លើតភ្លើន​ខុស​ដោយ​ចេតនា​អីហ្នឹង​ វា​ជា​កំហុស​បុគ្គល​ទេ​។​ ប៉ុន្ដែ​ជា​រួម​មក​រដ្ឋាភិបាល​គេ​ ស្ថានទូត​គេ​ និង​អាជ្ញាធរ​ប្រទេស​គេ​ក៏​ដោយ​ ក៏​គេ​មាន​ចេតនា​ណែនាំ​ឲ្យ​ពលរដ្ឋ​ល្អ​ដូច​តែ​យើង​ដែរ​ហ្នឹង​»​។​

​បន្ថែម​លើ​នេះ​ លោក​ យន្ដ​ មីន​ បាន​អះអាង​ថា​ អាជ្ញាធរ​នឹង​បង្កើន​ការ​អនុវត្ដ​ច្បាប់​ ឲ្យ​បាន​តឹង​រឹង​កាន់តែ​ខ្លាំង​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​យ៉ាងណា​រក្សា​សន្ដិសុខ​ សុវត្ថិភាព​ឲ្យ​កាន់តែ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្នុង​តំបន់​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ​។​

​ខេត្ដ​ព្រះ​សីហ​នុ​ គឺជា​តំបន់​ទេសចរណ៍​សមុទ្រ​ ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​ខេត្ដ​ព្រះ​សី​ហនុមាន​ជនបរទេស​ជាង​ ៣​ម៉ឺន​នាក់​ មក​ពី​ ៤០​ប្រទេស​ ក៏​ប៉ុន្ដែ​ភាគច្រើន​ នៃ​ជនបរទេស​ទាំងអស់​នេះ​ គឺ​សុទ្ធសឹងតែ​ជា​ជនជាតិ​ចិន​។​ ចាប់តាំងពី​ឆ្នាំ​ ២០១១​ រហូត​ដល់​ខែតុលា​ ឆ្នាំ​២០១៧​ ជនជាតិ​ចិន​ចំនួន​ ១១៣៣​នាក់​ មាន​ស្ដ្រី​ ២២២​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ និង​និរទេស​ទៅ​កាន់​ប្រទេស​ចិន​វិញ​ ក្រោម​បទ​ចោទ​ទាក់ទិន​នឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​៕

Share

Image
Image
Image