កោះម៉ាឌៀរស្ថិតនៅប្រជុំកោះនៃសមុទ្រឥណ្ឌាដែលជារដ្ឋតូចមួយមានប្រជាជនជិត ៥សែននាក់ បានធ្លាក់ចូលក្នុងវិបត្តិនយោ បាយដ៏គ្រោះថ្នាក់ដោយសារតែប្រធានាធិបតីរបស់ប្រទេសដ៏តូចមួយនេះ ជំទាស់សាលដីការបស់តុលាការកំពូលបង្គាប់អោយ ដោះលែងអ្នកទោសនយោបាយនិងអោយមេបក្សប្រឆាំងនិរទេសខ្លួនត្រឡប់ចូលប្រទេសវិញ។
វិបត្តិដ៏ធ្ងន់ធ្ងរទៀតនោះគឺ លោកប្រធានាធិបតីបានចាប់ខ្លួនចៅក្រមតុលាការកំពូលពីរនាក់និងអតីតប្រធានាធិបតីម្នាក់អោយឈានទៅដល់ការដាក់ប្រទេសស្ថិតក្នុងគ្រាមានអាសន្ន។
ដោយសារហេតុការណ៍នេះ ប្រទេសមហាយក្សឥណ្ឌា និងប្រទេសមហាយក្សចិនដែលមានឥទ្ធិពលលើដែនដីកោះដ៏តូចមួយនេះ ពួកគេកំពុងតែសម្លឹងទៅរកការអន្ដរាគមន៍ណាមួយដើម្បីបញ្ចប់ភាពវឹកវរលើដែនដីកោះដ៏តូចមួយនេះ ។
ទាំងឥណ្ឌានិងចិន គឺបើតាមសារព័ត៌មាននានាចុះផ្សាយថា ប្រទេសទាំងពីរនេះ អាចនឹងហោះចូលទៅធ្វើអន្ដរាគមន៍លើដែនដីកោះមួយនេះ ហើយបើប្រទេសណាឈ្នះលើកិច្ចអន្ដរាគមន៍នេះគឺជារដ្ឋដែលប្រើប្រាស់សិទ្ធអំណាចច្រើនជាងគេ ដើម្បីទាញផលប្រយោជន៍ពីដែនដីកោះនេះ។
តើប្រទេសឥណ្ឌានិងចិនអាចដណ្ដើមគ្នាអន្ដរាគមន៍លើប្រទេសដ៏តូចមួយនេះតាមរបៀបណា?
កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីលម្អិត៖
ប្រវត្តិរដ្ឋប្រហារ
កោះម៉ាឌៀវធ្លាប់បានឆ្លងកាត់ការធ្វើរដ្ឋប្រហារ ៤លើកមកហើយចាប់តាំងពីឆ្នាំ ១៩៨០ មកនោះ។ រដ្ឋប្រហារចំនួន ៣ដង គឺនៅឆ្នាំ ១៩៨០ , ១៩៨៣ និង ១៩៨៩ គឺជារដ្ឋប្រហារមិនបានសម្រេច។ ក្រុមប៉ុនប៉ងធ្វើរដ្ឋប្រហារកើតចេញពីអ្នកនយោបាយដែលចង់គ្រប់គ្រងអំណាចពីប្រធានាធិបតីម្នាក់ដែលកាន់អំណាចដោយប្រើប្រាស់កណ្ដាប់ដៃដែក គឺលោកប្រធានាធិបតី អាដូលឡា ហ្គាយោម ។
អ្នកប៉ុនប៉ងធ្វើរដ្ឋប្រហារបានប្រើប្រាស់មធ្យោបាយរបស់ខ្លួនដោយជួលទាហានស៊ីឈ្នួលមកពីប្រទេសស្រីលង្កា និងបញ្ចុះបញ្ចូលប្រជាជនអោយរើបំរះ ប្រឆាំងនិងប្រធានាធិបតីដែលកាន់អំណាចបែបយោធានិយមនេះ ។
ការធ្វើរដ្ឋប្រហារមិនបានសម្រេចទាំង ៣លើកមកនេះ ដោយសារតែរដ្ឋាភិបាលឥណ្ឌាបានបញ្ចូនទ័ពចូលអន្ដរាគមន៍និងទប់ស្ថានការណ៍អោយមានសេ្ថរភាពឡើងវិញ។ តែរដ្ឋប្រហារនៅឆ្នាំ ២០១២ គឺជាការបាត់បង់ឱកាសរបស់ប្រទេសឥណ្ឌាដោយសារតែរដ្ឋប្រហារពេលនោះកើតចេញពីខ្លួនគេតែម្ដង គឺ ទម្លាក់ប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដំបូងរបស់ដែនកោះនេះ គឺលោកមហាម៉េត ណាស៊ីដ ។
អ្នកដណ្ដើមអំណាចបានពីប្រធានាធិបតីរូបនេះគឺអនុប្រធានាធិបតីខ្លួនឯង។ ដើមចមនៃការធ្វើរដ្ឋប្រហារឆ្នាំ ២០១២ ដោយសារតែប្រជាជនបះបោរអោយលោកណាស៊ីដលាលែងពីតំណែង។ ប៉ុន្ដែអ្វីដែលនៅពីក្រោយអំពើបះបោរនេះ គឺក្រុមគណបក្សប្រឆាំងមួយទៀតជាអ្នករៀបចំឡើងគឺពេលនោះហើយដែលឥណ្ឌាបាត់បង់លទ្ធភាពចូលមកស្រោចស្រង់ស្ថានការណ៍របស់ប្រធានាធិបតីមហាម៉េត ណាស៊ីដ ។
ការបោះឆ្នោតឆ្នាំ ២០១៣
ការបោះឆ្នោតឆ្នាំ ២០១៣ គឺជាព្រឹត្តិការណ៍ដែលអ្នកវិភាគមើលឃើញថា ធ្វើឡើងគ្រាន់តែបំពេញរូបភាពប្រជាធិបតេយ្យមួយតែប៉ុណ្ណោះ។តែធាតុពិតប្រធានាធិបតីដែលជាប់ឆ្នោតបច្ចុប្បន្ននេះ គឺ លោកអាដូលឡា យ៉ាម៉ីន គឺជាអ្នកនៅពីក្រោយការបះបោរទម្លាក់លោកណាស៊ីដ ។
លោកយ៉ាម៉ីនបានជាប់ឆ្នោតពិតមែនតែអ្វីនៅពីក្រោយលោកយ៉ាម៉ីនទៀតនោះត្រូវបានមើលឃើញថាប្រទេសចិននៅពីក្រោយ។
ចាប់តាំងពីលោក យ៉ាម៉ីន ចូលកាន់តំណែងមករបបគ្រប់គ្រងនយោបាយទាំងសេដ្ឋកិច្ចទៅរកប្រទេសចិនទាំងស្រុង។ លោក បើកចំហទទួលយកវិនិយោគគិនពីប្រទេសចិនស្ទើរគ្រប់រូបភាពទាំងអស់អោយតែប្រទេសមហាយក្សចិននេះចង់បានអ្វី គឺ បាននឹងធ្វើយ៉ាងណាអោយកោះម៉ាឌៀវក្លាយជាតំបន់អភិវឌ្ឍន៍មួយដ៏រឹងមាំ។
បច្ចុប្បន្នកោះម៉ាឌៀវបានក្លាយជាជំរុំមួយរបស់ទេសចរជនជាតិចិន។
តើចិននិងឥណ្ឌាមួយណាមានឱកាសច្រើនជាងគេដើម្បីចូលទៅស្រោចស្រង់ស្ថានការណ៍នៅម៉ាឌៀវ?
ចាប់តាំងពីប្រទេសដ៏តូចមួយនេះធ្លាក់ក្នុងវិបត្តិដ៏គ្រោះថ្នាក់ភ្លាម គេសង្កេតឃើញប្រតិកម្មអន្ដរជាតិធ្លាក់មកផ្ទួនៗគ្នា។
ប្រទេសឥណ្ឌាចាប់ផ្ដើមមុនគេ ហើយក្រោយមកសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអង្គការសហប្រជាជាតិតាមពីក្រោយ។
រដ្ឋាភិបាលប្រទេសទាំងអស់នេះថ្កោលទោសយ៉ាងខ្លាំងប្រឆាំងនិងប្រធានាធិបតីអាដូលឡាយ៉ាម៉ីនដោយទាមទារអោយគោរព សាលដីការបស់តុលាការកំពូលហើយលុបចោលច្បាប់គ្រាមានអាសន្នដើម្បីបើកផ្លូវអោយមានការបោះឆ្នោតជាបន្ទាន់ដែលតាមគម្រោងប្រទេសតូចនេះនិងបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំ២០១៨ ឬដើមឆ្នាំ២០១៩។
ការបោះឆ្នោតលើកនេះ ត្រូវបានអន្ដរជាតិមើលឃើញថា ចាំបាច់ត្រូវតែចូលរួមគ្រប់ភាគីនយោបាយទាំងអស់ ពិសេសមេបក្សប្រឆាំងនិរទេសខ្លួនមហាម៉េតណាស៊ីដ ។
ឥណ្ឌាបានប្រកាសថា មិនយូរមិនឆាប់ទេខ្លួននឹងបញ្ចូនទ័ពមួយកងពលធំដើម្បីបញ្ចប់របបប្រធានាធិបតីយ៉ាម៉ីន ហើយសន្យានាំលោកវិលចូលប្រទេសវិញ។
ចំណែកឯប្រទេសចិនបានបញ្ចូនសារជាបន្ទាន់ប្រាប់ទៅឥណ្ឌាកុំធ្វើអ្វីអោយសោះ គឺទុកអោយអ្នកនយោបាយកោះម៉ាឌៀវដោះស្រាយដោយខ្លួនឯង។
ក្រុងប៉េកាំងទទូចថា បញ្ហាផ្ទៃក្នុងរបស់កោះម៉ាឌៀវមិនត្រូវប្រទេសណាមួយលូកដៃបានឡើយ។ តែផ្ទុយទៅវិញចិនបើជាត្រៀមបញ្ចូនអ្នកសម្របសម្រួលមកកាន់ដីកោះនេះ។
ជំហរបស់ក្រុងប៉េកាំងត្រូវបានគេមើលឃើញថា គ្មានអ្វីក្រៅពីទប់ស្ថានការណ៍ដើម្បីអោយប្រធានាធិបតីមាននិន្នាការជាមួយនិងខ្លួន បន្ដកាន់អំណាចទៀតនោះទេ។
យ៉ាងណាក៏ដោយគេអាចព្យាករណ៍ថា មិនយូរប៉ុន្មានទេស្ថានការណ៍នៅលើកោះម៉ាឌៀវនឹងប្រែប្រួលយ៉ាងខ្លាំងគឺឥណ្ឌាបានប្រកាសថា ខ្លួននឹងប្រើប្រាស់សិទ្ធិពិសេសមួយ ដើម្បីជួយអោយមានសន្ដិភាពនៅលើដែនដីដែលខ្លួនធ្លាប់ត្រួតត្រាមកនេះ។
បើឥណ្ឌឆក់ឱកាសបានមានន័យថា សាច់របូតពីមាត់ចិនវិញហើយ ៕