en     km
en     km

នាយិកា​អង្គការ​ GADC​ ៖​ បញ្ហា​របស់​ស្ដ្រី​ និង​កុមារី​ នឹង​អាច​ដោះស្រាយ​បាន​ប្រសិនបើ​ស្ដ្រី​មាន​តួនាទី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​

Share

​ភ្នំពេញ​ ៖​ នាយិកា​ អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ វត្ដមាន​ស្ដ្រី​ក្នុង​ការ​ធ្វើ​សេចក្ដី​ស​ម្រេ​ចិត្ដ​ផ្សេងៗ​ នៃ​បញ្ហា​របស់​ស្ដ្រី​ និង​កុមារី​ អាច​ត្រូវ​បាន​ដោះស្រាយ​បាន​នឹង​មាន​ស្ថិរភាព​ ។​ បច្ចុប្បន្ន​នេះ​ នាយិកា​អង្គការ​ GADC​ មើលឃើញ​ថា​ ស្ដ្រី​វ័យក្មេង​បាន​ចូលរួម​សកម្មភាព​សង្គម​កាន់តែ​ច្រើន​ ក៏​ប៉ុន្ដែ​ឱកាស​ស្ដ្រី​ឡើង​ទៅ​កាន់​តំណែង​ជា​ថ្នាក់ដឹកនាំ​ ក្នុង​ការ​ធ្វើ​សេចក្ដីសម្រេច​ គឺ​មាន​ចំនួន​តិច​តូច​នៅឡើយ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

លោកស្រី រស់ សុភាព នាយិកាប្រតិបត្ដិ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GADC

អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​ក្នុង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ និង​សិ​ទិ្ធ​ស្ត្រី​ បាន​បង្ហាញ​ពី​ការ​រក​ឃើញ​របស់​ពួក​គេ​ថា​ ស្ដ្រី​នៅ​តែ​រង​អំពើ​ហិង្សា​ពី​បុរស​ ហើយ​រូបភាព​នៃ​ហិង្សា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​ ដែល​ជា​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​ ពី​សុវត្ថិភាព​របស់​ស្ដ្រី​ និង​ក្មេង​ស្រី​។​ ដើម្បី​លុប​បំបាត់​ទ​ង្វើ​បំពាន​លើ​ស្ដ្រី​ អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​ តស៊ូ​មតិ​លើ​ការ​ពាក់ព័ន្ធ​ នឹង​យេ​ន​ឌ័​រ​ ដើម្បី​ឱ្យ​ស្ដ្រី​ និង​បុរស​ មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​សង្គម​ យល់​ថា​ មាន​តែ​វត្ដមាន​ស្ដ្រី​ក្នុង​តំណែង​ជា​ក្បាល​ម៉ា​ស៊ិ​ន​ដឹកនាំ​ ត្រូវធ្វើ​សេចក្ដីសម្រេច​ ទើប​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ដ្រី​ និង​កុមារី​ បាន​ល្អ​ប្រសើរ​។​

​លោកស្រី​ រស់​ សុភាព​ នាយិកា​ប្រតិបត្ដិ​ អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GADC​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​វ័យក្មេង​បាន​ឈាន​ជើង​ចូល​ក្នុង​កិច្ចការ​សង្គម​មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ ក៏​ប៉ុន្ដែ​ការ​មិន​ទទួល​បាន​ឱកាស​ក្លាយ​ខ្លួន​ជា​ក្បាល​ម៉ា​ស៊ិ​ន​ ដើម្បី​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ផ្សេងៗ​ក៏​ជា​រឿង​ ដែល​នៅ​តែ​ជា​កង្វល់​មួយ​ដែរ​។​

​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​អំពាវនាវ​ដល់​ស្ថាប័ន​ ក្រសួង​មាន​សមត្ថកិច្ច​របស់​រដ្ឋ​ ទាំងអស់​ឲ្យ​បង្កើន​បេក្ខភាព​ស្ដ្រី​ក្នុង​តួនាទី​។​ តែ​លោកស្រី​ រស់​ សុភាព​ មើលឃើញ​ថា​ ស្ដ្រី​ក្នុង​តួនាទី​គឺ​មាន​ចំនួន​ច្រើន​ពិតមែន​ ប៉ុន្ដែ​ការ​ដំឡើង​តួនាទី​ ទៅ​ជា​ថ្នាក់ដឹកនាំ​ ស្ដ្រី​គឺ​មាន​ចំនួន​តិច​នៅឡើយ​។​ ត្រង់​ចំណុច​នេះ​នាយិកា​អង្គការ​ GADC​ សង្កត់ធ្ងន់​ថា​ ស្ដ្រី​មាន​តែ​ចំនួន​ក្នុង​អង្គភាព​រដ្ឋ​ ក៏​ប៉ុន្ដែ​ការ​ផ្ដល់​តួនាទី​សម្រាប់​ស្ដ្រី​ចាប់ពី​ថ្នាក់​តូច​ឡើង​ទៅ​ ត្រូវ​បាន​មើល​រំ​លេង​។​ ព្រោះតែ​កា​រល​មើល​រំលង​សមត្ថភាព​ស្ដ្រី​ ទើប​រាល់​ការ​បញ្ចេញមតិ​យោ​លប់​ផ្សេងៗ​ ពាក់ព័ន្ធ​នឹង​ការ​រក្សា​សុខមាលភាព​ សុវត្ថិភាព​ សម្រាប់​ស្ដ្រី​ នៅ​តាម​មូលដ្ឋាន​ហាក់​អនុវត្ដ​មិន​បាន​ល្អ​ប្រសើរ​។​ ករណី​នេះ​លោកស្រី​បញ្ជាក់​ថា​ គឺជា​តួនាទី​របស់​រាជរដ្ឋាភិបាល​ និង​គណបក្ស​នយោបាយ​ ដែល​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​ឲ្យ​ស្ដ្រី​ និង​បុរស​មាន​ចំនួន​ស្មើគ្នា​។​

​លោកស្រី​ រស់​ សុភាព​ ៖«​ជា​ទូទៅ​យើង​ឃើញ​ថា​ ទៅ​ដល់​ថ្នាក់​កាន់តែ​ខ្ពស់​ចំនួន​ស្ដ្រី​គឺ​អត់​មាន​ទេ​ កន្លែង​ណា​ក៏​ដោយ​អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​ ជា​តួនាទី​របស់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​គណបក្ស​នយោបាយ​ផង​ដែរ​ ក្នុង​ការ​សម្រេច​តែងតាំង​បុគ្គលិក​ចំនួន​នៃ​ស្ដ្រី​»​។​

​អំពើ​ហិង្សា​លើ​ស្ដ្រី​នៅ​តែ​កើត​មាន​ ដូច​កាលពី​ខែមករា​ ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះ​ ស្ដ្រី​បម្រើ​ការងារ​ជា​អ្នក​រត់​តុ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​ទីក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ត្រូវ​ឧត្ដមសេនីយ៍​មួយ​រូប​យក​ចាន​គប់​ក្បាល​បណ្ដាល​ឲ្យ​បែក​ ដេរ​ប្រាំ​ថ្នេរ​។​ ចំណែក​នៅ​ខេត្ដរតនគិរី​ យុវ​វ​តី​ មួយ​រូប​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចាបបង្ខំ​រំលោភ​ហើយ​សម្លាប់​បំបិទ​។​ ករណី​ដូច​គ្នា​នេះ​ ក៏​បាន​កើតឡើង​ផង​ដែរ​ នៅ​ខេត្ដពោធិ៍សាត់​ ទៅ​យុវ​វ​តី​មួយ​រូប​អាយុ​ ១២​ឆ្នាំ​ ក្រោយ​ពេល​នាង​ចេញពី​សាលារៀន​ ក៏​ត្រូវ​បាន​បុរស​ម្នាក់​ចាប់រំលោភ​ និង​សម្លាប់​បំបិទមាត់​។​ បញ្ហា​ទាំង​អស់នេះ​ បាន​ក្លាយជា​មេរោគ​ក្នុង​សង្គម​ ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត​ពី​សុវត្ថិភាព​ស្ដ្រី​ និង​ក្មេង​ស្រី​។​

​សម្រាប់​លោកស្រី​ រស់​ សុភាព​ បុរស​ពិតជា​មិនសូវ​មាន​ក្ដី​កង្វល់​ពី​ទុក្ខ​លំបាក​ ដូច​ស្ដ្រី​ឡើយ​។​ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ស្ដ្រី​ គឺ​ស្ត្រី​ចាំបាច់​ត្រូវ​មាន​វត្ដមាន​ស្ដ្រី​ក្នុង​តំណែង​ជា​ក្បាល​ម៉ា​ស៊ិ​ន​ដឹកនាំ​ទាំង​ថ្នាក់​មូលដ្ឋាន​និង​ថ្នាក់​ជាតិ​ ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​ពាក់ព័ន្ធ​បញ្ហា​របស់​ខ្លួន​។​

​លោក​ស្រិ​ រស់​ សុភាព​ ៖«​វត្ដមាន​ស្ដ្រី​នៅ​ក្នុង​ការ​ចូលរួម​ធ្វើ​សេចក្ដី​សម្រេចចិត្ដ​ហ្នឹង​គឺ​មាន​សារសំខាន់​ត្រង់​ថា​ ស្ដ្រី​គាត់​អាច​ពាំនាំ​នូវ​តម្រូវការ​របស់​ស្ដ្រី​យក​ទៅ​ដាក់​នៅ​ក្នុង​កម្មវិធី​នៃ​កិច្ចប្រជុំ​ ហើយ​កម្មវិធី​នៃ​កិច្ចប្រជុំ​ហ្នឹង​អាច​លើក​ឡើង​បន្ដបន្ទាប់​ទៅ​ទៀត​រហូត​ទៅ​ដល់​ថ្នាក់​ជាតិ​ ហើយ​យក​បញ្ហា​ហ្នឹង​ទៅ​ដាក់​ចូល​ក្នុង​ផែនការ​យុទ្ធសាស្ដ្រ​ថ្នាក់​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​សម្រាប់​ប្រជាពលរដ្ឋ​វិញ​»​។​

​ព្រោះតែ​វត្ដមាន​ស្ដ្រី​មាន​សារសំខាន់​សម្រាប់​ស្ដ្រី​ក្នុង​សហគមន៍​ដូចនេះ​ ទើប​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ បាន​កំណត់​ទិស​ដៅ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៨​នេះ​ ដោយ​សន្យា​ បន្ដសកម្មភាព​ចុះ​អប់រំ​ដល់​ស្ដ្រី​ និង​បុរស​ ឲ្យ​យល់​កាន់តែ​ច្បាស់​ថែម​ទៀត​ អំពី​តួនាទី​របស់​ពួក​គេ​ក្នុង​សង្គម​ និង​ការ​អភិវឌ្ឍ​។​ អង្គការ​ GADC​ នា​ពេល​កន្លង​មក​បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​ខេត្ដ​ចំនួន​បី​ ដែល​រួម​មាន​ខេត្ដ​កំពង់​ឆ្នាំ​ ព្រៃវែង​ និង​ខេត្ដពោធិ៍សាត់​។​ វេទិកា​របស់​អង្គការ​ យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ គឺ​ក្រៅ​តែ​ពី​បាន​បណ្ដុះបណ្ដាល​ស្ដ្រី​ឲ្យ​មាន​យល់​ដឹង​កាន់តែ​ទូលាយ​ អង្គការ​នេះ​ ក៏​បាន​បើក​វេទិកា​អប់រំ​ដល់​បុរស​ផង​ដែរ​ ដើម្បី​ឲ្យ​បាន​យល់​ពី​ភាព​ស្មើគ្នា​រវាង​សិទ្ធិ​ស្ដ្រី​ និង​បុរស​ក្នុង​ការ​បញ្ចេញមតិ​។​

​លោកស្រី​ រស់​ សុភាព​ ៖«​យើង​បាន​ធ្វើ​នៅ​ក្នុង​ខេត្ដ​គោលដៅ​របស់​យើង​ ដើម្បី​ពង្រឹងសមត្ថភាព​របស់​ស្ដ្រី​ ហើយ​យើង​ក៏​ធ្វើការ​ជាមួយ​បុរស​ដែរ​ ដើម្បី​ឲ្យ​បុរស់​នៅ​ក្នុង​តួនាទី​ហ្នឹង​ គោរព​សិទ្ធិ​ស្ដ្រី​ និង​ផ្ដល់​ឱកាស​ ហើយនឹង​ស្ដាប់​នូវ​អ្វី​ដែល​ស្ដ្រី​គាត់​បាន​ពាំនាំ​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​»​។​

​យោង​តាម​របាយការណ៍​កាលពី​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ បាន​បង្ហាញ​ថា​ ស្ដ្រី​ក្នុង​តំណែង​ជា​មេឃុំ​ ចៅសង្កាត់​ មាន​ចំនួន​តិច​តូច​នៅឡើយ​។​ គណបក្ស​នយោបាយ​បាន​លើក​ឡើង​ថា​ ស្ដ្រី​នៅ​ក្នុង​បញ្ជី​បេក្ខភាព​របស់​ពួក​គេ​គឺ​បាន​បញ្ចូល​ មាន​ចំនួន​ច្រើន​។​ ត្រង់​ចំណុច​នេះ​លោកស្រី​ រស់​ សុភាព​ ទទួលស្គាល់​ ថា​ គណបក្ស​នយោបាយ​ពិតជា​បាន​បញ្ចូល​បេក្ខភាព​ស្ដ្រី​ក្នុង​បញ្ជី​បោះ​ឆ្នោត​របស់​ពួក​គេ​មែន​ ក៏​ប៉ុន្ដែ​លេខ​រៀង​របស់​ស្ដ្រី​បាន​ស្ថិត​នៅ​ក្រោម​បុរស​ដាច់​ឆ្ងាយ​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្ដ្រី​បាន​បាត់បង់​ឱកាស​ក្លាយ​ខ្លួន​ជា​ក្បាល​ម៉ា​ស៊ិ​ន​ដឹកនាំ​ការ​សម្រេច​ក្នុង​មូលដ្ឋាន​ ក្រោយ​គណបក្ស​នោះ​ឈ្នះ​ឆ្នោត​។​

​លោកស្រី​ រស់​ សុភាព​ ៖«​វា​មាន​ច្រើន​នៅ​ក្នុង​ថ្នាក់​មិន​សម្រេចចិត្ដ​ ឬ​ក៏​មិន​ទាន់​មាន​គ្រប់គ្រាន់​ដល់​ពេល​ដាក់​ទៅ​ក្នុង​តួនាទី​សម្រេចចិត្ដ​គឺ​អត់​។​ យើង​ឃើញ​ហើយ​នៅ​តាម​ក្រសួង​នានា​ហ្នឹង​ យើង​ឃើញ​មាន​ចំនួន​ស្ដ្រី​ច្រើន​ ប៉ុន្ដែ​ស្ដ្រី​ជា​រដ្ឋមន្ដ្រី​ដូច​អត់​មាន​ទេ​ ហើយ​ស្ដ្រី​ជា​ចា​ហ្វា​យ​ខេត្ដ​ហ្នឹង​ទើប​ឃើញ​មាន​មួយ​ ឬ​ពីរ​ ហើយ​វា​ពាក់ព័ន្ធ​និង​រឿង​ជីវិត​នយោបាយ​របស់​គាត់​ដែរ​ អ​ញ្ចឹ​ង​គណបក្ស​នយោបាយ​ត្រូវ​មើល​រឿង​ហ្នឹង​ដែរ​»​។​

​យ៉ាងណា​នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ បង្កើន​សកម្មភាព​ជាក់ស្ដែង​របស់​ខ្លួន​ ក្នុង​ការ​បង្កើន​ចំនួន​ស្ដ្រី​ក្នុង​តួនាទី​សម្រេចចិត្ដ​ឲ្យ​បាន​កាន់តែ​ច្រើន​ ដើម្បី​ឲ្យ​ចំនួន​ស្ដ្រី​សមាមាត្រ​ទៅ​នឹង​បុរស​។​

​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GADC​ គឺជា​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​ និង​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​។​ អង្គការ​ GADC​ បាន​ធ្វើការ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​សមាជិក​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​។​ អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ បាន​ធ្វើការ​តស៊ូ​មតិ​លើ​ការ​ពាក់ព័ន្ធ​ នឹង​យេ​ន​ឌ័​រ​ នៅ​ក្នុង​ច្បាប់​ និង​គោលនយោបាយ​ លើ​តម្រូវការ​ផ្លាស់​ប្ដូរ​ ពី​ការ​យកចិត្ដទុកដាក់​លើ​តួនាទី​របស់​ស្ដ្រី​ក្នុង​ការ​អភិវឌ្ឍ​ ឆ្ពោះទៅ​រក​អំណាច​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្ដីសម្រេច​ចិត្ត​បញ្ហា​របស់​ស្ដ្រី​និង​បុរស​ក្នុង​សង្គម​៕

Share

Image
Image
Image