en     km
en     km

ពលរដ្ឋមួយចំនួនគាំទ្រច្បាប់ថ្មីមួយដាក់ទោសប្រាំឆ្នាំជនណាប្រមាថអង្គព្រះមហាក្សត្រ

Share

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតច្បាប់ថ្មីមួយដាក់ចូលក្នុងក្រមព្រហ្មទណ្ឌដោយដាក់ទោសទៅលើជនណាដែលប្រមាថអង្គព្រះមហាក្សត្រ អោយមានទោសដាក់ពន្ធនាគារ ប្រាំឆ្នាំ និងដាក់អោយរងការពិន័យជាប្រាក់ច្រើនលានរៀល។

ជុំវិញរឿងនេះដែរ វិទ្យុស្ត្រីបានជួបសម្ភាសពលរដ្ឋមួយចំនួដែលរស់នៅក្នុងទីក្រុងភ្នំពេញក្នុងគោលបំណងសួរថា តើពួកគាត់បានទទួលព័ត៌ មាននេះទេ ហើយយល់ដូចម្ដេចដែរ? ពួកគាត់ភាគច្រើនហាក់សាទរនឹងវិធានថ្មីនេះ។ តែមានពលរដ្ឋខ្លះសុំមិនផ្ដល់ចម្លើយដែរ។

កាលពីថ្ងៃទី ២ កុម្ភៈ ឆ្នាំ២០១៨នេះ បន្ទាប់ពី​ពិភាក្សាហើយ រាជរដ្ឋាភិបាលក៏បានអនម័តលើសេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីដាក់ទោស​អ្នកប្រ​មាថអង្គ​ព្រះម​ហាក្ស​​ត្ ​ឲ្យជាប់ព​ន្ធនា​គា​រ ៥ឆ្នាំ និងពិន័យជាប្រាក់ ចន្លោះពី១ លាន ដល់ ៥០លា​នរៀល។

សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ២កុម្ភៈនេះ រាជដ្ឋាភិបាលបានសម្រេចថា ដើម្បីធានានឹងលើកស្ទួយព្រះចេស្តាអង្គព្រះមហាក្សត្រដែលជាព្រះប្រមុខរដ្ឋនៃព្រះរាជជាណាចក្រកម្ពុជា និងដោយ​មានសំ​ណើ​ពីក្រុមប្រឹក្សា​ធម្មនុ​ញ្ញផ​ងនោះ ការប្រមាថអង្គព្រះមហា​ក្សត្រត្រូវកំ​ណត់ជាទោសព្រហ្មទណ្ឌ។

សេចក្តី​ព្រាងបានចែងថា៖ «ការប្រមាថព្រះមហាក្សត្រនឹងត្រូវផ្តន្ទាទោសពីមួយឆ្នាំ ទៅប្រាំឆ្នាំ និងពិន័យជាប្រាក់ពី ២លា​ន​រៀ​​ល ទៅ ១០លានរៀល។ ចំពោះនីតីបុគ្គលត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ ៥០លា​នរៀ​ល ព្រម​ទាំ​ងទោ​ស​បន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភា​ពពាក់​ព័ន្ទ​នឹង​ការ​ប្រមា​ថចំ​ពោះ​អង្គព្រះ​ម​​ហា​ក្សត្រ»

នៅក្នុងក្រមព្រហ្មទណ្ឌចាស់កាលពីឆ្នាំ២០១០ មិនបានចែងពីបទប្រមាថព្រះមហាក្សត្រទេគឺមានចែងតែបទ រាជឃាតកម្ម ធ្វើទារុណកម្ម ឬ​ បទហិង្សាលើព្រះមហាក្សត្រជាដើម។​

តើពលរដ្ឋ យល់ឃើញដូចម្ដេចដែរ ចំពោះការតាក់តែងវិសោធនកម្មថ្មី នៃក្រមព្រហ្មទណ្ឌ ដែលដាក់ទោស អ្នកប្រមាថអង្គព្រះមហាក្សត្រ មានទោស ៥ឆ្នាំ? 

ទាក់ទិន រឿងនេះ ពលរដ្ឋមួយចំនួនដែល វិទ្យុស្ត្រីបានសុំការយល់ឃើញ គឺពួកគាត់ភាគច្រើនហាក់សាទរនឹងវិធាន​ថ្មីនេះ ។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក គង់ សុផា ដែលមានមុខរ​បរជាអ្នករត់ម៉ូតូឌុបបានបង្ហាញទស្សនៈថា លោកយល់ស្របនិងគាំទ្រចំពោះច្បាប់មួយនេះ ។

លោក គង់ សុផា៖« ច្បាប់ដែលរដ្ឋាភិបាលយើងគាត់ចែងណឹង ល្អ ពូយល់ស្របតាមណឹង ព្រោះច្បាប់នេះល្អ ល្អត្រង់ថា យើងមិនអោយជនណាធ្វើផ្ដេសផ្ដាស មើលងាយដល់ព្រះមហាក្សត្រយើង»។

ពលរដ្ឋដែលមានស្រុកកំណើតនៅខេត្តព្រៃវែងរូបនេះបានបន្ដថា ការគាំទ្ររបស់លោកក៏ដោយសារតែលោកស្រឡាញ់ និងមានមោទនភាពចំពោះព្រះមហាក្សត្រខ្មែរ។

លោក គង់ សុផា៖«អត់ទាន់ដែរ តែមកទាន់ជំនាន់ព្រះមហាក្សត្រសីហនុ ស្រឡាញ់សម្ដេច សីហនុតែម្ដង ស្រឡាញ់គាត់ត្រង់ ថា គាត់ក្លាហានទាមទារសន្ធិសញ្ញាទឹកដីពីបារាំង ឃើញគាត់ស្នេហាទឹកដីចឹងបានស្រឡាញ់ព្រះមហាក្សត្រ»។

ជុំវិញរូបនេះដែរពលរដ្ឋមួយរូបទៀត គឺ អ្នកស្រី ពិសី ដែលមានមុខរបរជាអ្នកលក់កាហ្វេនៅក្នុងរាជធានីភ្នំពេញមួយកន្លែង ក៏មានទស្សនៈយល់ឃើញដូចនេះដែរ គឺអ្នកស្រីគាំទ្រចំពោះការបង្កើតច្បាប់ថ្មីមួយនេះ។

អ្នកស្រី ពិសី ៖«ច៎ាព្រោះអីបើគាត់មានឋានៈខ្ពស់គាត់អាចមានជំនុំការប្រឹក្សានៅក្នុងវាំងគាត់ហើយ តែគ្រាន់តែថា បើចង់រិះ គន់លើបណ្ដាញសង្គមហ្វេសប៊ុកពេលខ្លះត្រូវ ពេលខ្លះក៏វាមិនត្រូវដែរ ស្ដេចនៅក្នុងប្រទេសយើង ដល់ពេលយើងរិះគន់គាត់ ដូចថា មើលងាយគាត់ក៏ដូចមើលងាយប្រទេសខ្លួនឯងដែរ ។បើនៅប្រទេសជិតខាងកុំថាឡើយរិះគន់ សូម្បីតែយករូបទៅកាត់តក៏គេស៊ើបយកមកដាក់គុកបានដែរ»។

ទៅមិនទាន់ឆ្ងាយពីការយល់ឃើញរបស់ពលរដ្ឋនេះដែរ  បុរសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ លោកក៏បានបង្ហាញទស្សនៈយល់ស្របនឹងវិធានថ្មីនេះ។

ពលរដ្ឋដែលមកពីខេត្តកំពង់ធំរូបនេះ បានបញ្ជាក់មូលហេតុដូចនេះ ៖ «ខ្ញុំយល់ឃើញថា យើងវាមិនត្រូវប្រមាថព្រះមហាកត្រចឹង បើប្រមាថត្រូវតែមានទោសចឹង ខ្ញុំគាំទ្រ»។

ដោយឡែកពលរដ្ឋខ្លះទៀតហាក់មិនចាប់អារម្មណ៍អ្វីច្រើនទេ ដោយសារពួកគាត់គិតថា ការរកស៊ីទទួលទានជាការសំខាន់ជាង។ 

ជាការបកស្រាយអោយកាន់តែច្បាស់ទាក់ទងនិងច្បាប់ថ្មីនៃក្រមព្រហ្មទណ្ឌនេះដែរ តាមរយៈបទសម្ភាសមួយជាមួយវិទ្យុស្រ្ដីនៅរសៀលថ្ងៃទី ០៣ ខែកុម្ភៈនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្ដិធម៌ពន្យល់ថា ច្បាប់ថ្មីនេះ គឺមានបំណងរក្សាភាពថ្លៃថ្នូរ និងលើកតម្កើងកិត្តិយសរបស់ព្រះមហាក្សត្រ ។

លោក ជិន ម៉ាលីន៖«បានន័យថា កាលណាព្រះមហាក្សត្រយើងមានតែមួយទេ គឺព្រះមហាក្សត្រដែលគ្រងរាជ្យ ហើយជាប្រមុខរដ្ឋ ចឹងទេគឺសំដៅទៅដល់ព្រះមហាក្សត្រដែលគ្រងរាជ្យ ហើយជាប្រមុខច្បាប់គឺការពារ »។

តាម លោក ជិន ម៉ាលីន ជនណាដែលហ៊ានប្រមាថព្រះមហាក្សត្រ ក្នុងរូបភាពជាពាក្យសម្ដី កាយវិការ ឬជាសំណេរ  នឹងត្រូវមានទោសទៅតាមច្បាប់ដែលបានចែងនៃក្រមព្រហ្មទណ្ឌថ្មីនេះ។

កាលពីចុងឆ្នាំ២០១៧ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន និង មន្ត្រីរបស់សម្ដេចបានដាក់ពាក្យ ប្តឹង លោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រីក្រោមបទចោទប្រមាថអង្គព្រះមហាក្សត្រ ដែលបុរសនេះរិះគន់ព្រះមហាក្សត្រធ្វើឡើងតាមទូរស័ព្ទ ។ នេះជា លើកដំបូងហើយ ដែលរាជាណាចក្រកម្ពុជាមានច្បាប់ពិសេសមួយ ដាក់ទោសជនណាប្រមាថអង្គព្រះមហាក្សត្រ៕

Share

ព័ត៌មានទាក់ទង

Image