ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួងការងារកម្ពុជាមានប្រសាសន៍ក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្ដីពីសេចក្ដីព្រាងច្បាប់ ប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី៣០ ខែមករានេះ ថា លោកមានឆន្ទៈចង់ឲ្យច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ចេញជារូបរាងនៅមុនការបោះឆ្នោតថ្នាក់ជាតិឈានចូលមកដល់ ដើម្បីធានាស្ថិរភាពយូរអង្វែងសម្រាប់យន្ដការប្រាក់ឈ្នួល កម្មករ។ ជុំវិញរឿងនេះ ប្រធានសមាគមរោងចក្រកាត់ដេរ បង្ហាញជំហរឯកភាព ។
លោក លៀ ស៊ីណា រាយការណ៍ ៖
សេចក្ដីព្រាងច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បបរមា ដែល លើកកម្ពស់ជីវភាពរស់នៅសមរម្យ បង្កើតឱកាសការងារ និងបង្កើនផលិតភាពរបស់កម្មករនិយជិត និងមួយវិញទៀតជំរុញឲ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចកាន់តែប្រសើរប្រកបដោយភាពទាក់ទាញគឺគោលបំណងមួយរបស់រដ្ឋាភិបាល។
ក្នុងពិធីនេះ រដ្ឋមន្ដ្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង មានប្រសាសន៍ថា ការរៀបចំបង្កើតឲ្យមានសេចក្ដីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច សមាហរណកម្មអាស៊ានសំដៅ ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មអន្ដរជាតិ និងជាតិ នាពេលបច្ចុប្បន្ននេះ។
តាមលោករដ្ឋមន្ដ្រីក្រសួងការងារ សិក្ខាសាលានៅថ្ងៃនេះគឺជាសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ដែលលោកមានបំណងចង់ឲ្យសេចក្ដីព្រាងច្បាប់ស្ដីប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនេះ លេចជារូបរាងឡើងឲ្យបានមុនការបោះឆ្នោតថ្នាក់ជាតិឈានចូលមកដល់ ប្រយោជន៍ដើម្បីធានាស្ថិរភាពយូរអង្វែងសម្រាប់យន្ដការប្រាក់ឈ្នួល កម្មករ។ មូលហេតុដែលរដ្ឋមន្ដ្រីក្រសួងការងារមានបំណងដូចនេះ ពីព្រោះតែលោកបារម្ភពីការអូសបន្លាយពេលយូរ ក្នុងការពិនិត្យនិងអនុម័តច្បាប់នេះ ដោយសារតែប្រទេសកម្ពុជា នឹងត្រូវរៀបចំការបោះឆ្នោតថ្នាក់ជាតិ ដ៏សំខាន់មួយនាពេលខាងមុខ។
លោក អ៊ិត សំហេង ៖«ព្រោះកាលណាតែវិស្សមកាលហើយ គាត់ត្រូវបោះឆ្នោត បោះឆ្នោតមកអាណត្ដិថ្មី ហើយអញ្ចឹងទេ បើដល់អាណត្ដិថ្មី យើងគិតថា គ្រែងឡូវាយូរ ហើយបងប្អូនយើងកំពុងរង់ចាំ ហើយច្បាប់នេះខ្ញុំមើលទៅវាមិនមានផលប៉ះពាល់ដល់នណាម្នាក់ទេ វាមានតែផលចំណេញគ្រប់ភាគីទាំងអស់»។
លើសពីនេះ លោក អ៊ិត សំហេង បានបន្ថែមទៀតថា ការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា តាមរយៈយន្ដការច្បាប់ គឺជាវិធាន ដ៏រឹងមាំមួយក្នុងការធានាឲ្យបាននូវប្រាក់ឈ្នួលអប្បបរមាមួយដែលសមស្របទៅតាមបែបវិទ្យាសាស្ដ្រ ផ្អែកទៅតាមលក្ខខណ្ឌវិនិច្ឆ័យសង្គម និងសេដ្ឋកិច្ចតាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានតំណាង
ស្នើៗគ្នាមកពីភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល។
ទាក់ទិននឹងសេចក្ដីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានេះ លោក វ៉ាន់ សូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បង្ហាញជំហរគាំទ្រដោយបញ្ជាក់ថា គឺជារឿងល្អ ព្រោះតែក្រោយពេលដែលច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា នេះចេញ វានឹងក្លាយជាជំនួយមួយសម្រាប់ឲ្យទាំងភាគី និយោជក និយោជិត រួមជាមួយរាជរដ្ឋាភិបាលអាចពិភាក្សាគ្នា រកស្ដង់ដារប្រាក់ឈ្នួលត្រឹមត្រូវមួយដើម្បីយកមកចរចា។ ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា ចង់ឲ្យនិយោជកនៅក្នុងវិស័យផ្សេងៗ មានដូចវិស័យទេសចរណ៍ វិស័យសណ្ឋាគារ ឬក៏វិស័យកសិកម្ម មកចូលរួមចរចាដែរ តទៅថ្ងៃមុខ ។លោកសង្កត់ធ្ងន់ថា សមាគមរោងចក្រកាត់ដេរកម្ពុជា គឺដឹងត្រឹមតែតម្លៃក្នុងវិស័យកាត់ដេរ តែប៉ុណ្ណោះ ដែលលោកគិតថា ដើម្បីឲ្យការចរចាការកំណត់ប្រាក់ឈ្នួលកាន់មានភាពល្អប្រសើរ គឺទាមទារឲ្យមានការចូលរួមគ្រប់វិស័យ។
លោក វ៉ាន់ សូអៀង ៖«ខ្ញុំចាប់អារម្មណ៍ឲ្យអ្នករកស៊ីផ្សេងៗ ដូចជាទេសចរណ៍ កសិកម្ម អីហ្នឹងឲ្យគេចូលរួមមកចរចាពីព្រោះយើង ជីម៉ាក់ ដឹងតែតម្លៃធ្វើម្ចាស់កាត់ដេរ ម្ចាស់ស្បែកជើងទេ ប៉ុន្ដែតម្លៃផ្សេងៗទៀតយើងអត់ស្គាល់ អញ្ចឹងទាល់តែឲ្យគេអ្នកផ្សេងទៀតចូលរួមដែរ»។
សូមជម្រាបថា ក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី ស្ដីពីសេចក្ដីព្រាងច្បាប់ ប្រាក់ឈ្នួលអប្បបរមានេះ លោករដ្ឋមន្ដ្រីក្រសួងការងារ បានសង្កត់ធ្ងន់ថា បើទោះច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានេះចេញក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្ដយន្ដការណ៍ចរចាពីតម្លើងប្រាក់ឈ្នួលកម្មករទៀតដែរ ដែលធ្វើយ៉ាងណាឲ្យប្រាក់ឈ្នួលកម្មករ ឈានកម្រិតល្អប្រសើរមួយ នឹងឈានទៅជាប្រទេសដែលពលរដ្ឋមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នាពេលអនាគត៕