en     km
en     km

សំបុក​ត្មាតភ្លើង​ដ៏​កម្រ​ចំនួន​ ០៣​ ត្រូវ​បាន​រក​ឃើញ​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​

Share

​ភ្នំពេញ​ ៖​ សត្វ​តា្ម​ត​ភ្លើង​ ដែល​ជា​ប្រភេទ​សត្វ​ស្លាប​ដ៏​កម្រ​ និង​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក​ ហើយ​ក៏​កំពុង​មាន​វត្ដមាន​មិន​ដល់​ ៥០​ក្បាល​ផង​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៩​ ខែមករា​នេះ​ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ WCS​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​អភិរក្ស​របស់​ក្រសួងបរិស្ថាន​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ និង​សហគមន៍​ បាន​រក​ឃើញ​សំបុក​របស់​វា​ចំនួន​ ០៣​ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​ ខេត្ដព្រះវិហារ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

សត្វត្មាតភ្លើងនៅក្នុងសំបុក នៃដែនជម្រកសត្វព្រៃឆែប ខេត្ដព្រះវិហារ ​ប្រភពរូបភាពអង្គការ WCS

ចំនួន​សត្វ​ត្មាតភ្លើង​ នៅ​លើ​សកលលោក​ ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា​ វា​មានការ​ធ្លាក់​ចុះ​ខ្លាំង​ គួរ​ឲ្យ​ព្រួយបារម្ភ​។​ សត្វ​ត្មាត​នៅ​កម្ពុជា​ បច្ចុប្បន្ន​នេះ​មាន​ចំនួន​ ០៣​ប្រភេទ​ គឺ​ត្មាតភ្លើង​ ត្មាត​ត្មោ​ត​ និង​ត្មាត​ប្រផេះ​។​ សត្វ​ត្មាត​ទាំង​បី​ប្រភេទ​នេះ​ គឺជា​ប្រភេទ​សត្វ​ស្លាប​ ដែល​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សកលលោក​ ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​ IUCN​ ។​ តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​អភិរក្ស​សត្វព្រៃ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចំនួន​សត្វ​ត្មាត​ទាំង​ ០៣​ ប្រភេទ​នេះ​ មាន​ចំនួន​ប្រមាណ​ ២០០-៣០០​ក្បាល​ប៉ុណ្ណោះ​ ដែល​ជា​ចំនួន​ច្រើន​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​ ការ​រក​ឃើញ​សំបុក​របស់​សត្វ​ត្មាតភ្លើង​ទាំង​ ០៣​សំបុក​នេះ​ គឺជា​ក្ដី​សង្ឃឹម​ដ៏​ធំ​មួយ​ដើម្បី​អភិរក្ស​សត្វ​ស្លាប​ប្រភេទ​នេះ​ កុំ​ឲ្យ​បាត់បង់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​។​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ហៅ​កាត់​ថា​ WCS​ ដែល​មាន​ទិស​ដៅ​ជួយ​រាជរ​ដ្ឋា​ភិ​បា​កម្ពុជា​ ក្នុង​ការ​ថែរក្សា​ អភិរក្ស​សត្វព្រៃ​ និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​ បាន​បង្កើត​កម្មវិធី​មួយ​មានឈ្មោះ​ថា​ កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប​ ដែល​អង្គការ​អភិរក្ស​សត្វព្រៃ​មួយ​នេះ​ បាន​ជួល​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សហគមន៍​ ឲ្យ​មក​ការពារ​សំបុក​សត្វ​ស្លាប​ ដោយ​ផ្ដល់​ប្រាក់​កម្រៃ​ជូន​ពួក​គាត់​ ជំនួស​ការ​ប្រមូល​យក​ពង​កូន​សត្វ​ស្លាប​ដ៏​កម្រ​ទាំងនោះ​ទៅ​លក់​។​

​លោក​ ស៊ឹង​ សាំង​ អ្នកយាម​សំបុក​ត្មាតភ្លើង​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​ បាន​និយាយ​ថា​ លោក​ពេញចិត្ដ​នឹង​ការងារ​យាម​សំបុក​សត្វ​តា្ម​ត​នេះ​ ពីព្រោះ​តែ​វា​បាន​ជួយ​ឲ្យ​គ្រួសារ​របស់​លោក​អាច​រក​ប្រាក់​ចំណូល​ ដើម្បី​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រូ​សារ​ និង​មួយវិញទៀត​ លោក​អាច​រួមចំណែក​ក្នុង​ការ​ថែរក្សា​សត្វ​ត្មាត​ដ៏​កម្រ​នេះ​។​

​បើ​ទោះជា​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម​ដើម្បី​រួមចំណែក​ថែរក្សា​វត្ដមាន​សត្វព្រៃ​ដ៏​កម្រ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាងណា​ក្ដី​ តែ​អង្គការ​មួយ​នេះ​ នៅ​តែ​មាន​ក្ដី​បារម្ភ​ពី​ការ​បាត់បង់​ទីជម្រក​ និង​ទីកន្លែង​ស្វែងរក​ចំណី​របស់​ពពួកសត្វ​ត្មាត​នេះ​ ដោយសារ​តែ​ការ​កើនឡើង​ នៃ​ការ​បាត់​ព្រៃឈើ​ ការ​ផ្លាស់​ប្ដូរ​ដី​ព្រៃ​តាម​រយៈ​ដី​សប្ប​ទាន​សេដ្ឋកិច្ច​ និង​ការ​កាប់​ឆ្ការ​ដី​ព្រៃ​យក​ធ្វើ​ជា​ដីចម្ការ​ ពី​ពលរដ្ឋ​រស់នៅ​តាម​សហគមន៍​។​ រយៈពេល​ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ អង្គការ​សមាមគ​អភិរក្ស​សត្វព្រៃ​បាន​រក​ឃើញ​ថា​ យ៉ាង​ហោច​ណាស់​សត្វ​ត្មាត​ ចំនួន​ ៣០​ក្បាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​សម្លាប់​ ដោយសារ​តែ​ការ​ប្រើប្រាស់​ថ្នាំពុល​ ដាក់​នៅ​តាម​ត្រពាំង​ក្នុង​ព្រៃ​ដើម្បី​ចាប់​សត្វ​ស្លាប​ និង​ថនិកសត្វ​មាន​មាឌតូច​ផ្សេងៗ​ ដែល​កត្ដា​នេះ​ បាន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​។​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ក្រៅពី​មានកម្ម​វិធី​ការពារ​សំបុក​សត្វ​ស្លាប​ហើយ​ អង្គការ​អភិរក្ស​សត្វព្រៃ​មួយ​នេះ​ ក៏​បាន​រៀបចំ​ជា​អាហារ​ដ្ឋា​ន​ត្មាត​ ដែល​ជា​កិច្ចសហការ​រួម​គ្នា​រវាង​ក្រសួងបរិស្ថាន​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ក៏​ដូច​ជា​អង្គការ​អភិរក្ស​សត្វព្រៃ​ជា​ច្រើន​ទៀត​ ដើម្បី​ផ្ដល់​ចំណី​បន្ថែម​ដល់​ពពួក​ហ្វូង​សត្វ​ត្មាត​នៅ​កម្ពុជា​៕​

Share

Image
Image
Image