ក្រុងភ្នំពេញ៖រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនិងមន្រ្តីជាន់ខ្ពស់នៃអង្គការយូនីសេហ្វកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០១៨បានឯកភាពគ្នាទាំងស្រុងលើផែនការកាត់បន្ថយកុមាររស់នៅក្នុងមណ្ឌល ឲ្យទៅរស់នៅជួបជុំគ្រួសារវិញ។យ៉ាងណាក៏ដោយក្រសួងពន្យល់ថាការធ្វើបែបនេះពុំមែនកាត់បន្ថយមណ្ឌលនោះទេ។
លោកសេរីវឌ្ឍនៈរាយការណ៍៖
លោកវងសូតរដ្ឋមន្រ្តីនៃក្រសួងសង្គមកិច្ចនិងនាយិការប្រតិបត្តិនៃអង្គការយូនីសេហ្វលោកស្រីKarin Hulshof កាលពីថ្ងៃទី២៥ខែមករា ម្សិលមិញបានឯកភាពគ្នាទាំងស្រុងលើគម្រោងផែនការកាត់បន្ថយកុមារឲ្យទៅរស់នៅជួបជុំគ្រួសារវិញឲ្យបាន៣០ភាគរយ។
លោករដ្ឋមន្រ្តីពន្យល់ថាការបន្ថយកុមារឲ្យទៅរស់នៅជួបជុំគ្រួសារនេះមានន័យថាកុមារខ្លះដែលទៅរស់នៅមណ្ឌលគឺពុំមែនដោយសារតែកំព្រាគ្មានម្តាយឪពុកនោះទេតែលោកពន្យល់ថាក្មេងទាំងអស់នោះអាចមករស់នៅក្នុងមណ្ឌលដោយសារតែកត្តាជីវភាពជាដើម។
លោកបានបន្ថែមថាគម្រោងកាត់បន្ថយកុមាររស់នៅក្នុងមណ្ឌលប្រមាណជាង ៣០ភាគរយដោយធ្វើសមាហរណទៅតាមសហគមន៍វិញនេះគឺបានដំណើរការជាបន្តបន្ទាប់ហើយសកម្មភាពនេះបានទទួលផលវិជ្ជមានខ្លះនិងចំណុចអវិជ្ជមានខ្លះផងដែរ។ក្រសួងសង្គមកិច្ចចាត់ទុកថាការគ្រប់គ្រងកុមារគឺជាផ្នែកមួយដ៏មានសំខាន់និងជាចំណែកដែលត្រូវអនុវត្តក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាក្របខណ្ឌនៃការងារជំនាញ។
លោកបានបន្ថែមទៀតថាក្រសួងសង្គមកិច្ចបានចាប់ផ្តើមការងារមួយចំនួនដោយបង្វែរទិសដៅជំនួយនៅក្នុងមណ្ឌលទៅផ្តល់នៅតាមសហគមន៍វិញដោយសារមិនចង់ឲ្យមានរូបភាពកុមាររស់នៅក្នុងមណ្ឌលច្រើន។លោកបន្តថា ផែនការនេះមិនមែនមានន័យថា រដ្ឋាភិបាលបោះបង់ការផ្តល់សេវាដល់កុមារទាំងអស់ចោលនោះទេ។
សំឡេងលោកវងសូត៖
លោកស្រីKarin Hulshof នាយកប្រតិបត្តិអង្គការយូនីសេហ្វប្រចាំតំបន់អង្គការបានថ្លែងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អរបស់ក្រសួងសង្គមកិច្ចជាមួយនឹងយូនីសេហ្វដោយអ្នកស្រីចាត់ទុកកិច្ចសហប្រតិបត្តិការនេះកំពុងដំណើរការរីកចម្រើនទៅកាន់តែខ្លាំង មានភាពជិតស្និទជាមួយ។លោកស្រីបានបន្ថែមថាប្រទេសកម្ពុជាមិនមែនមានតែការអភិវឌ្ឍន៍នៅក្នុងទីក្រុងនោះទេតែសូម្បីនៅតាមជនបទក៏មានការអភិវឌ្ឍន៍ដូចគ្នា។
សូមបញ្ជាក់ថាលោកស្រី Karin Hulshof ឯកភាពទាំងស្រុងចំពោះផែនការនៃការកាត់បន្ថយ៣០ភាគរយនៃចំនួនកុមារឲ្យវិលត្រលប់ទៅរស់នៅជាមួយគ្រួសារប្រកបដោយសុវត្ថិភាពវិញ៕