ភ្នំពេញ ៖ សត្វមាន់របស់កសិករ ដែលរស់នៅក្នុងភូមព្រៃភ្លាំង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង បានងាប់ជាបន្ដបន្ទាប់ កាលពីសប្ដាហ៍មុន។ កសិករបារម្ភថា នេះគឺជាជំងឺឆ្លងដែលមានគ្រោះថ្នាក់។ តែយ៉ាងណាអាជ្ញាធរមិនទាន់អាចបញ្ជាក់អ្វីបានទេ ដោយអះអាងថា នឹងចុះទៅដល់ផ្ទះកសិករដើម្បីពិនិត្យ។
លោក លៀ ស៊ីណា រាយការណ៍ ៖
លោក ឡេ សារ៉ួន ករសិកររស់នៅក្នុងភូមិព្រៃភ្លាំង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង បានប្រាប់វិទ្យុស្ដ្រីអេហ្វអឹម១០២ នៅថ្ងៃទី២៣ ខែមករានេះថា សត្វមាន់របស់លោក ដែលចិញ្ចឹមនៅផ្ទះជាលក្ខណៈគ្រួសារ ត្រៀមសម្រាបឱកាសពិធីចូលឆ្នាំចិន បានងាប់ជាបន្ដបន្ទាប់រហូតដល់ ១០០ក្បាល ។ លោកបន្ដថា មិនមែនមានតែសត្វមាន់របស់លោកនោះទេ ដែលងាប់ សូម្បីតែមាន់របស់អ្នកជិតខាងរបស់លោកក៏មានងាប់ដែរ។ លោកបន្ដថា សត្វមាន់របស់លោកមិនមានអាការសំកុក ឬក៏ប្រកាច់អ្វីទេ ប៉ុន្ដែនៅសុខៗស្រាប់តែងាប់តែម្ដង។ លោក ឡេ សារ៉ួន ៖«វាដូចថា ព្រឹកឡើងអញ្ចឹងវាដើរស៊ីធម្មតា ដល់ពេលស្អែកព្រឹកឡើងវាមានងាប់ហ្មង អត់មានប្រកាច់អត់មានអីទេ ស្រាប់តែចាប់ខ្មៅ យកទៅតែម្ដង ជួនកាលវាក្រាបលើសំបុកធ្លាក់មកតែម្ដង»។
ក្រោយពីមានសត្វមាន់ងាប់ដូចនេះ លោក សារ៉ួន មិនបានផ្ដល់ដំណឹងដល់អាជ្ញាធរ ដើម្បីចុះមកត្រួតពិនិត្យទេ ដោយលោកបញ្ជាក់ថា កាលពីឆ្នាំមុននៅពេលមានមាន់ងាប់លោកបានផ្ដល់ដំណឹងទៅអាជ្ញាធរឃុំ ក៏ប៉ុន្ដែមិនមានការចុះមកត្រួតពិនិត្យ ទើបនៅឆ្នាំនេះ លោកមិនផ្ដល់ដំណឹងទៅអាជ្ញាធរ។ លោកបានយកសត្វមាន់ដែលងាប់ទាំងអស់នោះទៅបណ្ដែតតាមខ្សែទឹកអូរ នៅចុងភូមិ ព្រោះលោកជឿអ្នកភូមិដែលនិយាយថា បើយកទៅកប់វានឹងធ្វើឲ្យមេរោគងំ ហើយឆ្លងទៅសត្វដទៃទៀត។ លោក ឡេ សារ៉ួន ៖«ខ្ញុំយកទៅព្រលែងចោលតាមទឹកហ្មងបាទ ដោយសារតែឮគេថាបើសិនណាយើងកប់វាអាចងំ នៅហ្នឹងហ្មង អញ្ចឹងយើងព្រលែងតាមទឹកហូរទៅទៅ»។
ជុំវិញករណីមានសត្វមាន់របស់អ្នកភូមិងាប់នេះ មេឃុំដំរីពួន លោក នុត សុភី បានប្រាប់វិទ្យុស្ដ្រីនៅថ្ងៃនេះថា លោកមិនទាន់ដឹងច្បាស់ពីករណីសត្វមាន់ ដែលងាប់ជាបន្ដបន្ទាប់នៅភូមិព្រៃភ្លាំង នេះទេ តែលោកគ្រាន់តែដឹងថា មានសត្វមាន់ងាប់ខ្លះៗរបស់អ្នកភូមិតែប៉ុណ្ណោះ។ តែយ៉ាងណាលោក នុត សុភី បានបញ្ជាក់ថា លោកនឹងប្រាប់ទៅមេភូមិឲ្យចុះទៅពិនិត្យមើលតាមផ្ទះរបស់ប្រជាពលរដ្ឋ។ លោក នុត សុភី ៖«បាទមិនអីទេ ចាំខ្ញុំសួរមេភូមិឲ្យគាត់ចុះពិនិត្យអីមើល ប៉ុន្ដែវាអត់មានការដ្ឋានធំៗចិញ្ចឹមអីទេ មានតែចិញ្ចឹមតាមក្នុងផ្ទះហ្នឹង»។
ទាក់ទិនករណីនេះ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រៃវែង មានប្រសាសន៍ថា លោកមិនទាន់បានទទួលសេចក្ដីរាយការណ៍ណាមួយ ថា មានសត្វមាន់ងាប់ជាបន្ដបន្ទាប់ ច្រើនក្បាលដូចនេះទេ។ ប៉ុន្ដែលោកស្នើពលរដ្ឋផ្ដល់ព័ត៌មាននេះ ទៅកាន់អាជ្ញាធរ ដើម្បីឲ្យមន្ដ្រីជំនាញ់ចុះទៅត្រួតពិនិត្យ សត្វមាន់ដែលងាប់នោះ។
ថ្មីៗនេះ ក្រសួងសុខាភិបាល បានជូនដំណឹង ដល់កសិករចិញ្ចឹមសត្វមាន់ ទា ឲ្យប្រុងប្រយ័ត្នពីការឆ្លងជំងឺផ្ដាសាយបក្សីមកសត្វចិញ្ចឹមរបស់ខ្លួន ព្រោះរដូវរងា គឺតែងតែមានផ្ទុះ ជំងឺប្រភេទនេះ។ ក្រសួងបានប្រាប់ថា បើមានករណីសត្វមាន់ សត្វទា ងាប់ ជាបន្តបន្ទាប់ ត្រូវ ជូនដំណឹងដល់សមត្ថកិច្ចដើម្បីចុះទៅត្រួតពិនិត្យ និងទប់ស្កាត់ ព្រោះមេរោគ H5 N1 ជាប្រភេទមួយដែលអាចឆ្លងមកមនុស្ស៕