en     km
en     km

កម្មករ​ រោងចក្រ​កាត់ដេរ​ ហ្វឺ​ស​ ហ្គា​វ័ន​ កំពុង​រង់ចាំ​បើក​ប្រាក់ខែ​ដែលអូសបន្លាយ ៣ថ្ងៃកន្លងមក

Share

​ភ្នំពេញ​ ៖​ កម្មករ​ កម្មការិនី​ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ហ្វឺ​ស​ហ្គា​វ័​ន្ដ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម​ ប្រមាណ​ជិត​ ៤០០​នាក់​ កំពុង​រង់ចាំ​បើក​ប្រាក់ខែ​ ដែល​ថៅកែ​បាន​ សន្យា​ ថា​នឹង​ព្យាយាម​បើក​ជួន​ពួក​គេ​នៅ​ថ្ងៃ​ទី​១៣​ ខែមករា​នេះ​។​ តែ​យ៉ាងណា​ក្រុម​កម្មករ​ កំពុង​តែ​មាន​ក្ដី​បារម្ភ​ ថា​ នឹង​មិន​បាន​បើកប្រាក់​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

កម្មករ កម្មការិនី នៅរោងចក្រ ហ្វឺស ហ្គា វ័ន្ដ

រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ ហ្វឺ​ស​ហ្គា​វ័​ន្ដ​ ដែល​មាន​បុគ្គលិក​ប្រមាណ​ ៣៧០​នាក់​ ហើយ​ ៩៥​ភាគរយ​ជា​ស្ដ្រី​ បាន​កំពុង​រង់ចាំ​បើកប្រាក់​ខែ​របស់​ពួក​គេ​ អស់​រយៈពេល​ ៣​ថ្ងៃ​មក​ហើយ​ ដែល​ថៅកែ​រោងចក្រ​មួយ​នេះ​ បាន​ប្រាប់​ក្រុម​កម្មករ​ ថា​ ខ្លួន​នឹង​ព្យាយាម​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​នៅ​ថ្ងៃ​ទី​១៣​ មក​រា​នេះ​ ក៏​ប៉ុន្ដែ​រហូត​មក​ដល់​ម៉ោង​ ១២​ថ្ងៃ​ត្រង់នេះ​ ថៅកែ​ នៅ​មិន​ទាន់​ចេញ​មក​ជួប​ក្រុម​កម្មករ​ ដើម្បី​បើក​ប្រាក់ខែ​នៅឡើយ​ទេ​។​

​លោក​ ផា​ន់​ សា​វ៉ុ​ន​ កម្មករ​មួយ​រូប​ក្នុង​ចំណោម​កម្មករ​ដទៃ​ទៀត​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​១៣​ មក​រា​នេះ​ថា​ កម្មករ​ កម្មការិនី​ បាន​បំពេញការងារ​របស់​ពួក​គេ​ជា​ធម្មតា​ ហើយ​ទំនិញ​ក៏​ត្រូវ​បាន​ដឹក​ចេញពី​រោងចក្រ​ មិន​ដែល​ខកខាន​នោះ​ទេ​ ក៏​ប៉ុន្ដែ​ស្រាប់តែ​ដល់​ថ្ងៃ​ទី​១០​ មក​រា​ ដែល​ជា​ថ្ងៃ​ត្រូវ​បើក​ប្រាក់ខែ​ដូច​រាល់ដង​ ថៅកែ​ បែរជា​ប្រាប់​កម្មករ​ថា​ ខ្លួន​មិន​មាន​ប្រាក់​ដើម្បី​បើក​នោះ​ទេ​ ក៏​ប៉ុន្ដែ​ខ្លួន​នឹង​ព្យាយាម​បើក​ប្រាក់ខែ​សម្រាប់​កម្មករ​ ឲ្យ​បាន​នៅ​ថ្ងៃ​ទី​១៣​ មក​រា​ នេះ​ ។​ តែ​យ៉ាងណា​លោក​ សា​វ៉ុ​ន​ បង្ហាញ​ក្ដី​បារម្ភ​ថា​ ប្រាក់​ឈ្នួល​របស់​ពួក​លោក​ ទំនង​នឹង​មិន​អាច​បាន​បើក​នៅ​ថ្ងៃនេះ​ទេ​។​

​លោក​ ផា​ន់​ សា​វ៉ុ​ន​ ៖«​ពី​ដំបូង​ហ្នឹង​គឺ​ថ្ងៃ​ ១០​ ខាង​រោច​ក្រ​ត្រូវ​បើក​ប្រាក់ខែ​ឲ្យ​កម្មករ​ តែ​ដល់​ថ្ងៃ​ទី​១០​ ខាង​និយោជក​គាត់​មក​ប្រាប់​ថា​ គាត់​អត់​មាន​ប្រាក់​បើក​ទេ​ តែ​ថ្ងៃ​សៅ​រិ៍​ គាត់​នឹង​ព្យាយាម​បើក​ឲ្យ​ទៅ​ថ្ងៃ​ទី​១៣​ តែ​មក​ដល់​ថ្ងៃ​សៅ​រិ៍​ហើយ​អត់​ទាន់​ឃើញ​បើក​ទេ​»​។​

​បន្ថែម​លើ​នេះ​លោក​ ផា​ន់​ សា​វ៉ុ​ន​ បាន​បញ្ជាក់​ថា​ ក្រុម​កម្មករ​ កម្មការិនី​ទាំងអស់​ នឹង​រង់ចាំ​បន្ដ​ទៀត​ ដើម្បី​បាន​បើក​ប្រាក់ខែ​ ក៏​ប៉ុន្ដែ​លោក​ប្រាប់​ថា​ ប្រសិនបើ​នៅ​ថ្ងៃនេះ​ នៅ​តែ​មិន​បាន​បើក​ប្រាក់ខែ​ទៀត​ លោក​នឹង​ដាក់​ពាក្យបណ្ដឹង​ទៅ​ក្រសួង​ការងារ​ ដើម្បី​រក​ដំណោះស្រាយ​ជុំវិញ​រឿង​នេះ​។​

​រហូត​មក​ដល់​ពេល​នេះ​ វិទ្យុ​ស្ដ្រី​មិន​អាច​ស្វែងរក​ការ​ឆ្លើយ​តប​ពី​ប្រធាន​រដ្ឋបាល​ ឬ​ក៏​ថៅកែ​ រោងចក្រ​ហ្វឺ​ស​ហ្គា​ន​វ័​ន្ដ​នេះ​ បាន​នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​ការ​យឺតយ៉ាវ​ការ​បើក​ប្រាក់ខែ​នេះ​ដែរ​ អ្នក​នាង​ សុខ​នី​ម​ កម្មការិនី​ មួយ​រូប​ក្នុង​រោងចក្រ​នេះ​ បាន​និយាយ​ថា​ កម្មករ​ នឹង​ជួប​ផល​លំបាក​ជាក់​ជា​ពុំខាន​ ប្រសិនបើ​ប្រាក់ខែ​មិន​អាច​បើក​ឲ្យ​បាន​នៅ​អំឡុង​ ១​ថ្ងៃ​ ឬ​២​ថ្ងៃនេះ​ ពីព្រោះ​តែ​កម្មករ​ទាំងអស់​គឺ​មិន​មាន​សល់​ប្រាក់​នៅ​នឹង​ខ្លួន​ ដើម្បី​បង់ថ្លៃ​ឈ្នួល​ផ្ទះ​នោះ​ទេ​។​

​អ្នក​នាង​ សុខ​នី​ម​៖«​និយាយ​ទៅ​គឺថា​ គ្រប់​គ្នា​សឹង​ថា​អស់​លុយ​ពី​ខ្លួន​ហើយ​ កម្មករ​វា​អត់​ដូច​គេ​ផ្សេង​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ ដូច​ថា​ បើ​ទោះជា​យឺតយ៉ាវ​បើក​ប្រាក់ខែ​ក៏​គេ​មាន​លុយ​សល់​ពី​មុនៗ​មក​អី​អ​ញ្ចឹ​ង​។​ សម្រាប់​ពួក​ខ្ញុំ​កម្មករ​ ដូច​ថា​ អត់​មាន​លុយ​សល់​ច្រើន​ សម្រាប់​ផ្គត់ផ្គង់​បន្ដ​ខែ​ទៅ​មុខ​ទៀត​ បើ​ខែ​ហ្នឹង​អត់​បាន​បើក​ឲ្យ​»​។​

​អ្នក​នាង​ សុខ​នី​ម​ សំណូម​ឲ្យ​រដ្ឋាភិបាល​ជួយ​រឹត​បន្ដឹង​ការ​ចុះ​ត្រួតពិនិត្យ​តាម​រោងចក្រ​ ពិសេស​គឺ​ការ​បើក​ប្រាក់ខែ​នេះ​ តែ​ម្ដង​។​ អ្នក​នាង​បន្ដ​ថា​ កម្មករ​ជា​ច្រើន​បាន​ខំធ្វើការ​ ដើម្បី​យក​ប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​ ប៉ុន្ដែ​បើ​ការ​ប្រាក់ខែ​យឺត​ដូច្នេះ​ កម្មករ​ ទាំងអស់​នឹង​នៅ​តែ​ជួប​ផល​លំបាក​ មិន​បាន​ធូរស្រាល​នោះ​ទេ​។​

​អ្នក​នាង​ សុខ​នី​ម​៖«​កម្មករ​គាត់​មាន​បញ្ហា​ជីវភាព​ខ្លាំង​ហើយ​ ទើប​គាត់​ខំប្រឹង​តស៊ូ​ធ្វើការ​ទោះ​ហត់នឿយ​ ហើយ​ខំ​ថែម​ម៉ោង​អី​អ្ច​ញ្ចឹ​ង​ ហើយ​រំពឹង​ថា​ ថៅកែ​បើក​លុយ​ឲ្យ​ទៀត​ទាត់​អ​ញ្ចឹ​ង​ទៅ​ ហើយ​ដល់​ពេល​អត់​មាន​បើក​លុយ​ទៀត​ទាត់​អ​ញ្ចឹ​ង​។​ ពួក​កម្មករ​ដូច​ពួក​ខ្ញុំ​គឺ​មាន​ផល​លំបាក​យ៉ាងច្រើន​ អ​ញ្ចឹ​ង​ចង់​ឲ្យ​រដ្ឋាភិបាល​គាត់​យកចិត្ដទុកដាក់​ ពង្រឹង​អា​ចំណុច​ហ្នឹង​ពី​ហ្នឹង​ទៅ​ណា​»​។​

​គួរ​ជម្រាប​ថា​ កម្មករ​ កម្មការិនី​ ទាំងអស់​បាន​អះអាង​ថា​ ពួក​គេ​នឹង​មិន​ធ្វើ​កូដកម្ម​ ឬ​បាតុកម្ម​អ្វី​ឡើយ​ ដែល​ពួក​គេ​នឹង​រង់ចាំ​ការ​ដោះស្រាយ​ពី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​បណ្ដាល​វិជ្ជាជីវៈ​ជា​មុន​សិន​ មុន​នឹង​មាន​យន្ដការ​ផ្សេង​ដើម្បី​ទាមទារ​ផលប្រយោជន៍​របស់​ពួក​គេ​៕

Share

ព័ត៌មានទាក់ទង

Image