en     km
en     km

អង្គការ​ WCS​ ៖​ ការ​ស្រាវជ្រាវ​នៅ​ភ្នំ​ត្បែង​មាន​បំណងចង់​ដឹង​ពី​ប្រភេទ​សត្វព្រៃ​ និង​ការពារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​

Share

​ភ្នំពេញ​ ៖​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ សហការ​ជាមួយ​ក្រុម​ស្រាវជ្រាវ​ក្រសួងបរិស្ថាន​ និង​ប្រជា​សហគមន៍​បានអោយ​ដឹង​ថា​ ក្រៅ​តែ​ពី​ចង់​ដឹង​ពី​ប្រភេទ​សត្វព្រៃ​នៅ​ភ្នំ​ត្បែង​ហើយ​ អង្គការ​នេះ​ ក៏​មាន​បំណង​ចូលរួម​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​នេះ​ផង​ដែរ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

ដើមឈើនៅភ្នំត្បែង ប្រភពរូបភាពពី អង្គការ WCS

 

ភ្នំ​ត្បែង​ ស្ថិត​នៅ​ស្រុក​ខេត្តព្រះវិហារ​ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ ដែល​គ្របដណ្ដប់​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​ ២,៥២៦៩​ហិច​តា​ និង​មាន​កម្ពស់​រហូត​ដល់​ ៤០០​ម៉ែត្រ​។​ ភ្នំ​ត្បែង​ ត្រូវ​បាន​បង្កើត​ជា​តំបន់​បេ​តិក​ណ្ឌ​ធម្មជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៦​ ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ នៃ​អាង​ស្ដុក​ទឹក​ផ្នែក​ខាងលើ​ស្ទឹង​សែន​ ដែល​ជា​ដៃ​របស់​ទន្លេសាប​។​

​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ សហការ​ជាមួយ​ក្រុម​ស្រាវជ្រាវ​មក​ពី​ក្រសួងបរិស្ថាន​ និង​ប្រជា​សហគមន៍​ នៅ​ថ្ងៃ​ទី​២៥​ ខែធ្នូ​នេះ​ បាន​រួម​គ្នា​សិក្សា​ស្រាវជ្រាវ​ពពួក​ថនិកសត្វ​មាន​មាឌតូច​ និង​មធ្យម​ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ ក្នុង​ខេត្ដព្រះវិហារ​ ដោយ​ដាក់​ម៉ាស៊ីនថតរូប​ ស្វ័យប្រវត្ដិ​នៅ​ទីតាំង​សំខាន់ៗ​ ដូច​ជា​ ប្រភព​ទឹក​ តំបន់​ដី​ ដែល​សត្វ​ចូល​ចិត្ដ​ទៅ​ និង​កន្លែង​ដែល​មាន​ស្នាមជើង​សត្វ​ឆ្លងកាត់​។​

ទេសភាពភ្នំត្បែង ប្រភពរូបភាពី Google

 

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ បាន​ផ្ដល់​សម្ភាស​ន៌​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ មូលហេតុ​ដែល​មានការ​ចុះ​ទៅ​ស្រាវ​ស្រាវ​នេះ​ ពីព្រោះ​តែ​អង្គការ​ WCS​ ក៏​ដូច​ជា​ក្រុម​ស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន​ ចង់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​ចំនួន​សត្វព្រៃ​ និង​ប្រភេទ​របស់​ពួក​វា​ ដែល​កំពុង​មាន​វត្ដមាន​ នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​នេះ​។​ លោក​បន្ដ​ថា​ ក្រោយ​ការ​ចុះ​ស្រាវជ្រាវ​នេះ​ សមាគម​អភិរក្ស​សត្វព្រៃ​ រំពឹង​ថា​ នឹង​បានដឹង​កាន់តែ​ច្បាស់​ពី​ពពួកសត្វ​ព្រៃ​ ដែល​មាន​ដូច​ជា​ រមាំង​ ឈ្លូស​ ជ្រូកព្រៃ​ ក្ដាន់​ និង​ពពួកសត្វ​ខ្លា​ ដែល​អ្នក​ភូមិ​អះអាង​ថា​ ធ្លាប់​បាន​ជួប​ប្រទះ​។​

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​៖«​យើង​រំពឹង​ថា​ ជា​ពិសេស​ប្រភេទ​ដូច​ជា​ រមាំង​ ឈ្លូស​ ជ្រូកព្រៃ​ ក្ដាន់​ អី​អ​ញ្ចឹ​ង​ គ្រាន់តែ​ថា​ នៅ​ពេល​នេះ​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស្រាវជ្រាវ​ ដោយសារ​កន្លង​មក​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ពី​អ្នក​ភូមិ​ដែល​គាត់​ធ្លាប់​ជួប​ប្រទះ​អ​ញ្ចឹ​ង​យើង​ចង់រក​ភស្ដុ​តាង​ឲ្យ​បាន​ពិតប្រាកដ​ តាម​រយៈ​ការ​ថតរូប​ ដោយ​ដាក់​កា​ម៉េ​រា​នៅ​ទីតាំង​សំខាន់ៗ​ ហើយ​យើង​នឹង​ធ្វើការ​ប្រមូល​វា​ មួយ​ខែ​យើង​ទៅ​ម្ដង​ប្រមូល​រូបភាព​ហ្នឹង​ អ​ញ្ចឹ​ង​រយៈពេល​បី​ខែ​យើង​នឹង​ដឹង​ថា​ មាន​ប្រភេទ​សត្វ​អ្វីខ្លះ​ដែល​រស់នៅ​ក្នុង​តំបន់​ហ្នឹង​»​។​

កាម៉េរា ដែលអង្គការ WCS បំពាក់ដើម្បីថតរូបស្វ័យប្រវត្ដិសត្វនៅភ្នំត្បែង ប្រភពរូបភាពី អង្គការ WCS

 

​បន្ថែម​ពី​នេះ​ មន្ដ្រី​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ WCS​ បញ្ជាក់​ថា​ ការ​ចុះ​ស្រាវជ្រាវ​នេះ​ ក៏​មាន​បំណង​ចូលរួម​ការពារ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នេះ​ផង​ដែរ​ បើ​ទោះជា​សកម្មភាព​លួច​កាប់​ឈើ​ក្នុង​តំបន់​នេះ​ មិនមែន​ជា​ទ្រង់ទ្រាយ​ធំ​ក៏​ដោយ​ ក៏​ប៉ុន្ដែ​អង្គការ​អភិរក្ស​សត្វព្រៃ​មួយ​នេះ​ មើលឃើញ​ថា​ មាន​សកម្មភាព​លួច​កាប់​ឈើ​ដោយ​ខុសច្បាប់​មួយ​ចំនួន​បាន​កើតឡើង​។​

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​៖«​កាល​យើង​ចូល​ទៅ​ហ្នឹង​ យើង​ឃើញ​ថា​មាន​ មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ ប៉ុន្ដែ​វា​មិនមែន​ទ្រង់ទ្រាយ​ធំ​ ដោយសារ​តំបន់​ហ្នឹង​ជា​តំបន់​ភ្នំ​អ​ញ្ចឹ​ង​ វា​ពិបាក​ក្នុង​ការ​ឡើង​ការ​អី​អ​ញ្ចឹ​ង​ ។​ប៉ុន្ដែ​យើង​ឃើញ​ថា​នៅ​មានការ​កាប់​បំផ្លាញ​ អ​ញ្ចឹ​ង​ក្រោយ​ពេល​យើង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ហើយ​ យើង​នឹង​យក​ព័ត៌មាន​ហ្នឹង​មក​ដាក់​បញ្ចូល​គ្នា​ហើយ​ យើង​នឹង​ពិភាក្សា​រួម​គ្នា​ជាមួយ​រដ្ឋាភិបាល​មាន​ មន្ទីរ​បរិស្ថាន​ មាន​សហគមន៍​ ដើម្បី​យើង​រៀបចំ​ផែនការ​អភិរក្ស​រួម​គ្នា​មួយ​ ដើម្បី​ឈាន​ទៅ​ការ​អនុវត្ដ​»​។​

សត្វព្រៃនៅកម្ពុជា ប្រភពរូបភាពី ហ្វេសប៊ុក ព្រះតេជគុណ But Saluth

 

​ភ្នំ​ត្បែង​ ស្ថិត​ក្នុង​ខេត្ដព្រះវិហារ​ គឺជា​តំបន់​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ព្រោះ​តំបន់​នេះ​មាន​ទេសភាព​ស្រស់​ស្អាត​ និង​មាន​ទឹកជ្រោះ​ ហូរ​ធ្លាក់​ពីលើ​ភ្នំ​មក​ផង​ដែរ​។​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ការពារ​ព្រៃឈើ​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​វិស័យ​ទេសចរណ៍​ សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ និង​ជា​ពិសេស​ គឺ​ផ្ដល់​ទី​ជា​ជម្រក​ដ៏​សម​ស្រប​មួយ​ សម្រាប់​សត្វព្រៃ​ នៅ​កម្ពុជា​៕​

Share

Image
Image
Image