en     km
en     km

​ស្ដ្រីមេឃុំ​ ៤​ អាណត្ដិ ៖​ បុរស​ពិតជា​ដឹង​ពី​ទោស​កំហុស​ នៃ​ការ​ប្រព្រឹត្ដ​ហិង្សា​លើ​ស្ដ្រី​ តែ​ពួក​គេ​ធ្វើ​ទាំង​បំពាន​

Share

​ភ្នំពេញ​ ៖​ ម្ចាស់​តំណែង​មេឃុំ​ ៤​ អាណត្ដិ​ជាប់​គ្នា​ យល់​ថា​ បុរស​ពិតជា​ដឹង​កំហុស​ចំពោះ​ ការ​ប្រព្រឹត្ដ​ហិង្សា​លើ​ស្ដ្រី​ មានទោស​នោះ​ទេ​ តែ​ពួក​គេ​ធ្វើ​ទាំង​បំពាន​។​ អ្នកស្រី​ កឹ​ម​ ស៊ុន​ណា​រី​ សុំ​ឲ្យ​អាជ្ញាធរ​ទាំងអស់​ ត្រូវ​យក​ច្បាប់​របស់​ប្រទេស​មក​អនុវត្ដ​ក្នុង​ករណី​ដែល​មាន​ហិង្សា​ទៅ​លើ​ស្ដ្រី​ ដោយ​មិន​ត្រូវ​បញ្ចប់​ត្រឹម​ការ​សម្រុះសម្រួល​នោះ​ឡើយ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

 

អ្នកស្រី មេឃុំអណ្ដូងពោធិ កឹម ស៊ុនណារី រូបខាងឆ្វេង

រហូត​មក​ដល់​ចុងឆ្នាំ​២០១៧​នេះ​ អង្គការ​ដែល​ធ្វើការ​ងារ​លើក​ស្ទួយ​សិទ្ធិ​ស្ដ្រី​ នៅ​តែ​មើលឃើញ​ថា​ ហិង្សា​លើ​ស្ដ្រី​មិន​បាន​ថយ​ចុះ​ឡើយ​។​ មិនតែប៉ុណ្ណោះ​រូបភាព​ហិង្សា​កាន់តែ​ធ្ងន់ធ្ងរ​ និង​គួរ​ឲ្យ​ព្រួយបារម្ភ​ថែម​ទៀត​។​ កាលពី​ខែវិច្ឆិកា​ អង្គការ​កម្ពុជា​ ដើម្បី​ជួយ​ស្ដ្រី​មាន​វិបត្ដិ​ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា​ មាន​ស្ដ្រី​រង​គ្រោះ​ករណី​អំពើ​ហិង្សា​ចំនួន​ ៨៦​ករណី​ ករណី​រំលោភ​សេពសន្ថវៈ​មាន​ ៣៤​ និង​ករណី​ជួញដូរ​មាន​ចំនួន​ ១០​ករណី​។​ តាម​អង្គការ​នេះ​ ចំនួន​ហិង្សា​ទៅ​លើ​ស្ដ្រី​ក្នុង​ឆ្នាំ​២០១៧​ គឺ​មានការ​កើនឡើង​ជាង​កាលពី​ឆ្នាំ​២០១៦​។​

​ទាក់ទិន​ករណី​នេះ​ ស្ដ្រី​ ម្ចាស់​តំណែង​មេឃុំ​ ៤​អាណត្ដិ​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ខេត្ដស្វាយរៀង​គឺ​អ្នកស្រី​ កឹ​ម​ ស៊ុន​ណា​រី​ មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​ស្ត្រី​កាលពី​ថ្មីៗ​នេះ​ថា​ បុរស​មិនមែន​មិន​បានដឹង​ ថា​ ការ​ប្រព្រឹត្ដ​ហិង្សា​លើ​ស្ដ្រី​មានទោស​នោះ​ទេ​ តែ​ជា​ទូទៅ​បុរស​ទាំងនោះ​ តែងតែ​ធ្វើ​ទាំង​បំពាន​ដោយ​អាង​កំលាំង​ និង​អំណាច​របស់​ពួក​គេ​។​

​អ្នកស្រី​ កឹ​ម​ ស៊ុន​ណា​រី​ មេឃុំ​ អណ្ដូង​ពោធិ​ ស្រុក​ រមាស​ហែក​ ខេត្ដស្វាយរៀង​ បាន​អះអាង​ដូច្នេះ​ ដោយសារ​អ្នកស្រី​ធ្លាប់​បាន​ជួប​ស្ត្រី​រង​គ្រោះ​ទាំងនោះ​ ដោយ​បាន​សាកសួរ​ផ្ទាល់​ក្រោយ​ពី​បុរស​ ឬ​ ស្វាមី​ប្រើ​ហិង្សា​លើ​ពួក​គេ​។​

​អ្នកស្រី​ កឹ​ម​ ស៊ុន​ណា​រី​៖«​ច្រើន​តែ​អស់លោក​ប្ដីៗ​ កាលពី​លើក​មុន​ហ្នឹង​ គាត់​ថា​ ហ៊ាន​តែ​ទៅ​ប្ដឹង​មេឃុំ​មើល​ ប្ដឹង​បង​មេឃុំ​មើល​ តែ​ចេញ​មក​វិញ​អញ់​វ៉ៃ​ទាល់តែ​ងាប់​ ម្លោះ​ហើយ​គាត់​អត់​ហ៊ាន​ទេ​ កន្លែង​ហ្នឹងហើយ​ដែល​ស្ដ្រី​គាត់​បាក់ស្បាត​»​។​

​តែ​យ៉ាងណា​អ្នកស្រី​ យល់​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​បុរស​ ហ៊ាន​ប្រើ​ហិង្សា​លើ​ស្ដ្រី​ បើ​ទោះជា​បានដឹង​ថា​ មានទោស​ក៏​ដោយ​នោះ​ ព្រោះតែ​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ភាគច្រើន​ជា​បុរស​ហាក់​មិនសូវ​បាន​ប្រើ​វិធានការ​ច្បាប់​ជាក់លាក់​ដាក់​ទណ្ឌកម្ម​ ទៅ​លើ​បុរស​នោះ​ទេ​ ដោយ​អាជ្ញាធរ​តែងតែ​ប្រាប់​ឲ្យ​ស្រុះស្រួល​គ្នា​រវាង​ជនល្មើស​ និង​ស្ដ្រី​រង​គ្រោះ​ ដែល​ចំណុច​នេះ​អ្នកស្រី​ ទាមទា​ឲ្យ​អាជ្ញាធរ​ទាំងអស់​ទាំងអស់​ បញ្ឈប់​ការ​សម្រុះសម្រួល​ ក្នុង​ករណី​មាន​ហិង្សា​ធ្ងន់​ ត្រូវ​យក​ច្បាប់​ មក​អនុវត្ដ​ទោស​ចំពោះ​ជនល្មើស​។​

​អ្នកស្រី​ កឹ​ម​ ស៊ុន​ណា​រី​៖«​ចា​ សូម​ឲ្យ​គាត់​អនុវត្ដ​ច្បាប់​ យើង​យក​ច្បាប់​ជា​ធំ​ ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ច្បាប់រដ្ឋធម្មនុញ្ញ​ នេះឯង​ អ​ញ្ចឹ​ង​នៅ​ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​វា​មានច្បាប់​ច្រើន​ផ្សេង​ទៀត​ អ​ញ្ចឹ​ង​យើង​យក​ច្បាប់​ណាមួយ​ដែល​ពា​ក៉​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​លើ​រូបរាង​កាយ​ស្ដ្រី​ហ្នឹង​ តើ​ច្បាប់​ហ្នឹង​ជា​ច្បាប់​អី​ បើ​វា​ធ្ងន់ធ្ងរ​គឺ​ច្បាប់ព្រហ្មទណ្ឌ​ ព្រហ្មទណ្ឌ​គឺ​ មានទោស​ទណ្ឌ​ ចា​ ខ្ញុំ​ចង់​និយាយ​កន្លែង​ហ្នឹង​អ​ញ្ចឹ​ង​ បើ​គិតតែ​រឿង​សម្របសម្រួលៗ​ ងាប់​ហើយ​ស្ដ្រី​គ្មាន​ហ៊ាន​តស៊ូ​មតិ​ស្អី​ទេ​»​។​

​ស្ដ្រី​ម្ចាស់​តំណែង​មេឃុំ​អណ្ដូង​ពោធិ​ វ័យ​ ៦៧​ឆ្នាំ​រូប​នេះ​ សំណូមពរ​ដល់​អាជ្ញាធរ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​ ត្រូវ​គិត​ឡើង​វិញ​ ពី​ទ​ង្វើ​របស់​ខ្លួន​កន្លង​មក​ បើ​ទោះជា​ស្ដ្រី​រង​គ្រោះ​ដោយសារ​ប្ដី​វាយដំ​ ឬ​ដោយ​ការ​ចាប់រំលោភ​ មិនមែន​ជា​សាច់ញាតិ​របស់​ខ្លួន​ក្ដី​ តែ​ត្រូវ​គិត​ថា​ នេះ​ជា​បញ្ហា​រាំងស្ទះ​នាំ​ឲ្យ​សង្គម​ជាតិ​មិន​អាច​រីក​ចម្រើន​ ប្រសិនបើ​អំពើ​ហិង្សា​ នៅ​តែ​កើត​មាន​ហើយ​អាជ្ញាធរ​ខ្លួនឯង​ មិន​ប្រឹងប្រែង​ដោះស្រាយ​ និង​លុប​បំបាត់​។​

​ទាន់​ករណី​ហិង្សា​លើ​ស្ដ្រី​នេះ​ដែរ​ អ្នកស្រី​ ជិ​ម​ ចាន់​នាង​ អគ្គលេខាធិការ​ នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​រើសអើង​លើ​ស្ដ្រីភេទ​ ហៅ​កាត់​ថា​ NGOs-CEDAW​ មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៧​ នេះ​អង្គការ​ NGOs-CEDAW​ មិន​ទាន់​មាន​របាយការណ៍​ណាមួយ​ដើម្បី​បង្ហាញ​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​កើត​មាន​ច្រើន​ ឬ​ថយ​ចុះ​យ៉ាងណា​នោះ​ទេ​។​ ក៏​ប៉ុន្ដែ​អ្នកស្រី​ កត់សំគាល់​ឃើញ​ថា​ អំពើ​ហិង្សា​លើ​ស្ដ្រី​ គឺ​នៅ​តែ​កើត​មាន​ ហើយ​មាន​រូបភាព​ធ្ងន់ធ្ងរ​ជាង​មុន​។​

​អ្នកស្រី​ ជិ​ម​ ចាន់​នាង​៖«​តែ​អ្វី​ដែល​យើង​គួរ​ឲ្យ​កត់សំគាល់​យើង​ឃើញ​ថា​ ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​សព្វថ្ងៃ​ករណី​មួយៗ​ ហាក់​មាន​សភាព​រាង​ធ្ងន់​ជាង​មុន​ ព្រោះ​យើង​សង្កេត​ឃើញ​តាម​សារព័ត៌មាន​ ហើយ​តាម​ករណី​ដែល​អង្គការ​សមាជិក​យើង​ទទួល​បាន​ផ្ទាល់​ យើង​ឃើញ​ថា​ ភាគច្រើន​ជន​រង​គ្រោះ​អាច​ឈាន​ទៅ​ដល់​ការ​ស្លាប់​ វ៉ៃ​គ្នា​របួស​រហូត​ដល់​ស្លាប់​ក៏​មាន​ច្រើន​»​។​

​កម្ពុជា​មានច្បាប់​ស្ដី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ច​ការពារ​ជន​រង​គ្រោះ​ ដែល​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០០៥​ និង​ព្រឹទ្ធសភា​ អនុម័ត​ និង​ទទួលស្គាល់​កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០០៥​ ។​ ច្បាប់​នេះ​ មាន​បំណង​ធ្វើ​យ៉ាងណា​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការពារ​ជន​រង​គ្រោះ​ និង​ពង្រឹង​វប្ប​ធ​ម​អហិង្សា​។​ ក៏​ប៉ុន្ដែ​អ្នកស្រី​ ជិ​ម​ ចាន់​នាង​ មាន​ប្រសាសន៍​ថា​ យោង​តាម​ការ​សង្កេត​មើល​របស់​អ្នកស្រី​ ចំពោះ​ការ​អនុវត្ដ​ច្បាប់​ដែល​បាន​អនុម័ត​នេះ​ គឺ​មិន​ទាន់​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ​ ពោល​គឺ​នៅ​មាន​ភាព​ខ្វះខាត​ច្រើន​ ដែល​ស្ដ្រី​រង​គ្រោះ​ដោយ​ហិង្សា​មិន​ទាន់​បាន​ទទួល​ការ​យកចិត្ដទុកដាក់​គ្រប់គ្រាន់​នៅឡើយ​ ក្រោយ​ពេល​ពួក​គេ​ត្រូវ​បាន​ជនល្មើស​ប្រព្រឹត្ដ​ការ​វាយដំ​លើ​រូបរាង​កាយ​។​

​អ្នកស្រី​ ជិ​ម​ ចាន់​នាង​ បានឱ្យ​ដឹង​ថា​ មាន​មូលហេតុ​មួយ​ចំនួន​ ដែល​នាំ​ឲ្យ​ច្បាប់​ស្ដី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​កិច្ច​ការពារ​ជន​រង​គ្រោះ​ មិន​អាច​អនុវត្ដ​បាន​ល្អ​ប្រសើរ​ មាន​ដូច​ជា​ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​នៅ​តែ​យល់​ច្រឡំ​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ គឺជា​បញ្ហា​ផ្ទៃក្នុង​គ្រួសារ​ ។​ ជាង​នេះ​ អាជ្ញាធរ​មូលដ្ឋាន​ ហាក់​មិន​បានដឹង​ច្បាស់​ពី​តួនាទី​របស់​ពួក​គាត់​ ក្នុង​ការ​ការពារ​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ ដែល​ពួក​គាត់​ ជា​និច្ចកាល​ តែងតែ​ព្យាយាម​សម្របសម្រួល​រវាង​ជនល្មើស​ និង​ជន​រង​គ្រោះ​ឲ្យ​ត្រូវ​រូ​វ​គ្នា​ និង​ព្រម​រួមរស់​ជាមួយ​គ្នា​ទៅ​វិញ​។​

​អ្នកស្រី​ ជិ​ម​ ចាន់​នាង​៖«​យើង​ឃើញ​ថា​ នៅ​មាន​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ ដែល​គាត់​អត់​ទាន់​យល់​ច្បាស់​នៅឡើយ​អំពី​តួនាទី​គាត់​ តាម​ច្បាប់​អំពើ​ហិង្សា​ដែល​យើង​មាន​សព្វថ្ងៃ​ អ​ញ្ចឹ​ង​យើង​ឃើញ​ថា​ ភាគច្រើន​អ្វី​ដែល​ជន​រង​គ្រោះ​ទទួល​បាន​ក្រៅពី​ការ​សម្របសម្រួល​គឺ​ពួក​គាត់​គ្មាន​ជម្រើស​ទេ​ គាត់​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ​រស់នៅ​ជាមួយនឹង​ស្វាមី​ ឬ​ជាមួយ​ដៃគូ​គាត់​ដែល​ជា​អ្នក​ប្រព្រឹត្ដ​អំពើ​ហិង្សា​ហ្នឹង​ដដែល»​។​

​ជុំវិញ​រឿង​នេះ​ អគ្គលេខាធិការ​ នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដើម្បី​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​រើសអើង​លើ​ស្ដ្រីភេទ​ សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ចុះ​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលាយ​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​បាន​យល់​កាន់តែ​ច្បាស់​ពី​ច្បាប់​ស្ដី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ពិសេស​គឺ​ទោស​កំហុស​ដែល​បុរស​បាន​ប្រព្រឹត្ត​ជា​ទោស​ព្រហ្មទណ្ឌ​។​

​កាលពីដើម​ខែធ្នូ​ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ បាន​រក​ឃើញ​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ មិន​ទាន់​មាន​ភាព​ធូរស្រាល​នៅឡើយ​ទេ​ ពីព្រោះ​តែ​ភាព​ទន់ខ្សោយ​ នៃ​ប្រព័ន្ធ​យុត្ដិធម៌​ ក្នុង​ការ​ការពារ​ជន​រង​គ្រោះជា​ស្ដ្រី​ ។​ របាយការណ៍​របស់​អង្គការ​ លី​កាដូ​ មួយ​នេះ​មាន​ចំណងជើង​ថា​ “​បើ​គ្មាន​ការ​ផ្ដន្ទាទោស​ គឺ​គ្មាន​ការ​ការពារ​ ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​”​។​

​អង្គការ​ដែល​ធ្វើ​ការងារ​ ក្នុង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដដែល​នេះ​ បាន​បញ្ជាក់​ថា​ សំណុំរឿង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ បាន​បិទ​បញ្ចប់​ចំនួន​ ២៣៧​ករណី​ នៅ​ចន្លោះ​ឆ្នាំ​២០១៤​ ដល់​ចុងឆ្នាំ​ ២០១៦​។​ ជន​រង​គ្រោះ​ នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​ស្ដ្រី​ជាង​ ៤០​ភាគរយ​ ដែល​តុលាការ​សម្រេច​បិទ​បញ្ចប់​សំណុំរឿង​ បាន​វិល​ត្រឡប់​ទៅ​រួមរស់​ជាមួយ​ប្ដី​ ឬ​ដៃគូ​របស់​ពួក​គេ​ត​វិញ​ និង​ ២០​ភាគរយ​ ត្រូវ​បាន​តុលាការ​បញ្ចប់​សំណុំរឿង​ ដោយ​សម្រេច​ឲ្យ​មានការ​លែងលះ​គ្នា​ ក៏​ប៉ុន្ដែ​គ្មាន​បណ្ដឹង​ព្រហ្មទណ្ឌ​ដើម្បី​ប្រឆាំង​និង​ជនល្មើស​ដែល​ប្រព្រឹត្ដ​ហិង្សា​លើ​ស្ដ្រី​នោះ​ទេ​។​

​អង្គការ​នេះ​ រក​ឃើញ​ទៀត​ថា​ កត្ដា​ដែល​នាំ​ឲ្យ​ស្ដ្រី​រង​គ្រោះ​មិន​ដាក់​ពាក្យបណ្ដឹង​ជនល្មើស​ អាច​មក​ពី​កត្ដា​សម្ពាធ​គ្រួសារ​ ជំនឿ​សាសនា​ ភាព​ក្រីក្រ​ ការ​ខ្វះ​ធនធាន​ និង​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​ជាដើម​។​ បន្ថែម​ពី​នេះ​ក្នុង​ចំណោម​ ៣​ករណី​ នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ គឺ​មាន​ពីរ​ករណី​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ លើកទឹកចិត្ដ​ដល់​ជន​រង​គ្រោះ​ និង​ជនល្មើស​ ឲ្យ​វិល​មក​រួមរស់​ជាមួយ​គ្នា​វិញ​ ដោយ​គ្រាន់តែ​អាជ្ញាធរ​ ស្ដីបន្ទោស​លើ​បុរស​ជា​ប្ដី​ដែល​ប្រព្រឹត្ដ​ហិង្សា​លើ​ភរិយា​តែ​ប៉ុណ្ណោះ​។​ ក្នុង​របាយការណ៍​នេះ​ បាន​រក​ឃើញ​ទៀត​ថា​ ជនល្មើស​ប្រហែល​ ១/៣​ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ តិច​ជាង​ ២​ឆ្នាំ​ និង​ច្រើន​ជាង​ ១/៤​ នៃ​ទោស​ដែល​ត្រូវ​បាន​កាត់​ដោយ​តុលាការ​នោះ​ ត្រូវ​បាន​ព្យួរ​។​

​យោង​តាម​ក្រមព្រហ្មទណ្ឌ​ អំពើ​ហិង្សា​ប្រព្រឹត្ដ​ដោយ​សហព័ន្ធ​ ឬ​អ​នីតិ​សង្វាស​ ត្រូវ​ផ្ដន្ទាទោស​ជនល្មើស​ ដាក់​ពន្ធនាគារ​ចាប់ពី​ ២​ឆ្នាំទៅ​ដល់​ ៥​ឆ្នាំ​៕

Share

ព័ត៌មានទាក់ទង

Image