ភ្នំពេញ ៖ រាជរដ្ឋាភិបាលថៃ បានយល់ព្រមពន្យាពេលពី ៣ ទៅ ៦ខែទៀត ដើម្បីឲ្យកម្ពុជា រៀបចំឯកសារផ្ដល់ភាពស្របច្បាប់ដល់ពលករខ្មែរ ដែលកំពុងធ្វើការងារនៅលើទឹកដីថៃ ដោយគ្មាច្បាប់អនុញ្ញាត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ដែលផ្សព្វផ្សាយកាលពីថ្ងៃទី២២ ធ្នូ។
លោក លៀ ស៊ីណា រាយការណ៍ ៖
តាមសេចក្ដីប្រកាសព័ត៌មាន ភាគីថៃបានយល់ព្រមតាមសំណើររបស់កម្ពុជា គឺបន្ទាប់ពីរដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានធ្វើដំណើរទៅកាន់ប្រទេសថៃ ជួបជាមួយរដ្ឋមន្ដ្រីក្រសួងការងារថៃ លោក អាឌុល សាំងស៊ីកែវ ដើម្បីពិភាក្សាពីដំណើរការ នៃការផ្ដល់ភាពស្របច្បាប់ដល់ករខ្មែរ ដែលកំពុងធ្វើការងារនៅប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាតិ។
នៅក្នុងជំនួបនេះ ភាគីថៃបានយលព្រម ពន្យាលពេលពី ៣ខែ ទៅ ៦ខែទៀត រហូតដល់កម្ពុជាបានផ្ដល់ភាពស្របច្បាប់ដល់ពលករកម្ពុជាគ្រប់ៗគ្នា និងអនុញ្ញាតឲ្យពលករកម្ពុជា ដែលកាន់ប័ណ្ណស៊ីជម្ពូ និងលិខិតបញ្ជាក់ ទំនាក់ទំនងរវាងនិយោជក និងពលករ អាចធ្វើការស្នើសុំលិខិតអនុញ្ញាត ធ្វើដំណើរទៅមកប្រទេសកម្ពុជា-ថៃ ពីមន្ទីរការងារតាមបណ្ដាខេត្ដនានា នៃព្រះរាជាណាចក្រថៃ ដោយមិនចំបាច់បង់កម្រៃសេវា ដើម្បីមកធ្វើលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ធ្វើការនៅបរទេស ឬឯកសារពាក់ព័ន្ធពីអាជ្ញាធរកម្ពុជាឡើយ។ ក្រៅពីការសន្យា នឹងពន្យាលពេល ដើម្បីឲ្យអាជ្ញាធរកម្ពុជា រៀបចំឯកសារស្របច្បាប់សម្រាប់ពលកររបស់ខ្លួនហើយ អាជ្ញាធរថៃ ក៏បានប្ដេជ្ញាពីការ ការពារនូវសុវត្ថិភាពជូនដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃផងដែរ។
បន្ថែមពីនេះ រដ្ឋមន្ដ្រីក្រសួងការងារ ក៏បានស្នើដល់ភាគីថៃ ឲ្យជំរុញការផ្សព្វផ្សាយបន្ថែមទៀតដល់ពលករកម្ពុជានៅថៃ ដើម្បីឲ្យមកបញ្ជាក់អត្ដសញ្ញាណ ដើម្បីទទួលបានភាពស្របច្បាប់ ដែលកម្ពុជា នឹងបង្កើនក្រុមការងារបន្ថែមទៀត ក៏ដូចជា បង្កើតឲ្យមានក្រុមចល័តតាមសំណើររបស់ភាគីថៃ ក្នុងការធ្វើលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស ឲ្យបានកាន់តែលឿនថែមទៀត។ លើសពីនេះ ភាគីកម្ពុជា និងភាគីថៃ បានយល់ព្រមនឹងបង្កើតក្រុមការងារផ្នែកព័ត៌មានវិទ្យាក្នុងការគ្រប់គ្រងពលករកម្ពុជា ដែលមានបំណងទៅធ្វើការងារនៅប្រទេសថៃ។ ភាគីទាំងពីរ នឹងពង្រឹងកិច្ចសហប្រតិបត្ដិការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមកលើវិស័យសំណង់ និងវិស័យផ្សេងៗទៀត រួមជាមួយការ ផ្ដល់កិច្ចគាំពារសង្គម ស្ដីពីការគ្រោះថ្នាក់ការងារ ការថែទាំសុខភាព ការធានារ៉ាប់រងអាយុជីវិត និងបន្ដសហការលើរបបសោធននិវត្ដន៍។ ភាគី ថៃ ក៏បានសន្យាផងដែរ ថានឹងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការកេញប្រវ័ញ្ចពលករខុសច្បាប់ ទប់ស្ដាត់មេខ្យល់ជួញដូរមនុស្សខុសច្បាប់ ដើម្បីលុបបំបាត់ការជួញដូរមនុស្ស និងការជួយជនរងគ្រោះព្រោះការជួញដូរ។
រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជា បានធ្វើលិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ធ្វើការនៅបរទេស ដោយបានផ្ដល់ជូនពលករកម្ពុជាបានចំនួនជាង ១៧ម៉ឺននាក់ ។ នៅសល់ប្រហែលជា ៤២ម៉ឺននាក់ទៀត ហើយនៅក្នុងនេះមានចំនួន ១៤ម៉ឺននាក់បានធ្វើរួចរាល់ហើយ ដែលនឹងត្រូវបន្ដចែកជូនដល់ពលករ។ ក្រសួងការងារកម្ពុជា ក៏កំពុងបន្ដរៀបចំឯកសារសម្រាប់ពលករ ដែលមានប័ណ្ណមិនមែនសញ្ជាតិថៃ ឬប័ណ្ណស៊ីជម្ពូ និងលិខិតបញ្ជាក់ ទំនាក់ទំនងរវាងនិយោជក និងពលករ សម្រាប់ពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការលើទឹកដីថៃ ចំនួន ២៨ម៉ឺននាក់ទៀតផងដែរ៕