en     km
en     km

សំណុំរឿងលោកកឹមសុខាធ្លាក់ដល់តុលាការអន្តរជាតិ(មានសំឡេង)

Share

ភ្នំពេញ៖ កញ្ញា កឹម មនោវិជ្ជា កូនស្រី លោក កឹម សុខា បានឱ្យដឹងថា ក្រុមមេធាវីអន្ដរជាតិមួយក្រុមបានដាក់ពាក្យបណ្ដឹងទៅក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកការឃុំខ្លួនដោយបំពានរួចហើយ (UN Working Group on Arbitrary Deten tion )។

តាមកញ្ញា កឹម មនោវិជ្ជា ក្រុមការងាររបស់អង្គការសហប្រជាជាតិនេះនឹងចុះធ្វើការស៊ើបអង្កេតលើករណីឃុំខ្លួនលោក កឹម ​សុខា ដោយផ្ទាល់នៅកម្ពុជានៅពេលខាងមុខនេះ។ តែមន្ត្រីបក្សកាន់អំណាចធ្លាប់អះអាងថា គ្មានតុលាការបរទេសណាមួយប្រើសិទ្ធិរំលោភ លើដែនសមត្ថកិច្ចរបស់តុលាការកម្ពុជាបានទេ ព្រោះករណី លោក កឹម សុខា ក្ដី លោក សម រង្ស៊ី ក្ដី គឺ ផ្អែកលើ ក្រមព្រហ្មទណ្ឌប្រទេសកម្ពុជា ។  

សំឡេង កញ្ញា កឹម មនោវិជ្ជា ៖

 

នៅក្នុងវីដេអូឃី្លបជាងមួយនាទី ដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃទី ២២ ធ្នូ ឆ្នាំ២០១៧នេះ កញ្ញា កឹម មនោវិជ្ជា បានរៀបរាប់ដូចនេះថា កឹម មនោវិជ្ជា ៖ «ពួកយើងខ្ញុំបានពឹងពាក់មេធាវីអន្ដរជាតិមួយក្រុម ដែលពួកគាត់បានដាក់ពាក្យបណ្ដឹងនោះនៅថ្ងៃទី ២០ ហើយម្សិលមិញនេះ ពួកយើងខ្ញុំបានទទួលព័ត៌ មានពីគេថា គេបានទទួលពាក្យបណ្ដឹងពីពួកយើងខ្ញុំហើយ ។ទៅមុខទៀតអ្វីដែលនឹងអាចកើតមានឡើងគឺគេនឹងសិក្សាពាក្យបណ្ដឹងនោះ គេនឹងទាក់ទងទៅអាជ្ញាធរកម្ពុជា​ រដ្ឋាភិបាលជាដើមដើម្បីសុំព័ត៌មានបន្ថែមហើយគេក៏អាចបង្កើតទៅជាការស៊ើបអង្កេតមួយដែលគេចុះទៅត្រួតពិនិត្យផ្ទាល់នៅប្រទេសកម្ពុជាផងដែរ »។

តាមការឱ្យដឹងពីកញ្ញា កឹម មនោវិជ្ជា ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកការឃុំខ្លួនដោយបំពានបានទទួលពាក្យបណ្ដឹងស្នើសុំឱ្យស៊ើបអង្កេតលើរឿងក្ដីលោក កឹម សុខា ពីក្រុមមេធាវីអន្ដរជាតិកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៧។

តែបែបនេះក្ដី វិទ្យុស្រ្ដីមិនអាចសុំព័ត៌មានប្រតិកម្មពីមន្រ្ដីអ្នកនាំពាក្យរដ្ឋាភិបាលអ្នកនាំពាក្យបក្សកាន់អំណាចនឹងអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានទេនៅរសៀលថ្ងៃនេះ ដោយពុំលើកទូរស័ព្ទ។

យ៉ាងណាក៏ដោយមន្រ្ដីកម្ពុជារបស់បក្សកាន់អំណាចធ្លាប់អះអាងថា សំណុំរឿងរបស់លោកកឹម សុខា និងគណបក្សសង្រ្គោះជាតិគឺផ្អែកទៅលើច្បាប់របស់កម្ពុជា គឺគ្មានតុលាការបរទេសណាមួយ អាចប្រើឥទ្ធិពលកាត់ក្ដីលើដែនយុត្ដាធិការរបស់ព្រះរាជាណាចក្រកម្ពុជាបានឡើយ។

លោក កឹម សុខា ត្រូវបានចាប់ខ្លួនទាំងកណ្ដាលយប់ កាលពីថ្ងៃទី ៣ កញ្ញាឆ្នាំ ២០១៧ ខណៈលោកនៅមានអភ័យឯកសិទ្ធិជាអ្នកតំណាងរាស្រ្ដ។

ករណីចាប់ខ្លួនគាត់ទាំងកណ្ដាលយប់នេះ ត្រូវបានថ្កោលទោសជាខ្លាំងប៉ុន្ដែអ្នកច្បាប់របស់រដ្ឋាភិបាលអះអាងថា ព្រះរាជអាជ្ញា ចោទលោក កឹម សុខា ឋានៈជាប្រធានគណបក្សសង្រ្គោះជាតិនោះ គឺពាក់ព័ន្ធនឹងអំពើក្បត់ជាតិជាមួយនឹងពួកបរទេសដែលគេថាពឹងពាក់បរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលខ្លួនឯង។ ករណីនេះ នាំអោយគណបក្សសង្រ្គោះជាតិត្រូវបានរំលាយកាលពីថ្ងៃទី ១៦ វិច្ឆិកា ដោយតុលាការកំពូល៕

 

 

 

Share

Image
Image
Image