ក្រសួងសុខាភិបាលបានចុះផ្សាយថាស្ត្រីម្នាក់ជាកម្មករដែលបានសម្រាលកូនតាមដងផ្លូវមួយនៅខេត្តព្រះសីហនុ ត្រូវបានជួយសង្រ្គោះទាន់ពេល គឺម្ដាយនិងកូន ប្រកបដោយសុវត្ថិភាពដោយមានការជួយជាបន្ទាន់ដោយក្រុមគ្រូពេទ្យស្រុក។
ក្រសួងសុខាភិបាល កោតសរសើរដល់បុគ្គលិកសុខាភិបាល ជាពិសេសក្រុមគ្រូពេទ្យនិងឆ្មប ដែលបានជួយដល់ការសំរាលកូនដោយសុវត្ថិភាពនៅតាមដងផ្លូវនៃខេត្តព្រះសីហនុ។
តាមគេហទំព័ររបស់ក្រសួង ស្ត្រីសំរាលកូននៅតាមដងផ្លូវនោះ ជាកម្មការីនី រោងចក្រតំបន់ សេដ្ឋកិច្ចពិសេស បិតត្រាំង បានសម្រាលកូន នៅកណ្តាលផ្លូវ កាលពីវេលាម៉ោងជិត ៩ព្រឹកនៃថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ។ពេលដែលស្ត្រីរូបនេះ ឈឺពោះឆ្លងទន្លេ ហើយធ្វើដំណើរមកមន្ទីរពេទ្យ ដើម្បីសម្រាលកូន ប៉ុន្តែមកមិនទាន់ ក៍សម្រាលកូនតាមផ្លូវម្តុំខាងមុខរោងចក្រ បិតត្រាំង ស្រុកព្រៃនប់។
ស្ត្រីជាកម្មការីនី រោងចក្ររូបនេះ ឈ្មោះ ឆៀង ឆវី អាយុ ២៣ឆ្នាំ មានប្តីឈ្មោះ សេង រុន អាយុ ២២ឆ្នាំ មានទីលំនៅភូមិតាលះ ឃុំរាម ស្រុកព្រៃនប់។ ចំណែកកូនតូចដែលទើបសំរាលនៅតាមផ្លូវនេះ ជាកូនប្រុសនិងជាកូនទី៣ មានទម្ងន់២,៨គីឡូក្រាម។
ក្រសួងបានអះអាងថា នេះ មិនមែនជាលើកទីមួយទេ ដែលក្រុមគ្រូពេទ្យនិងឆ្មប បានអនុវត្តកិច្ចការប្រកបដោយក្រមសីលធ៌មវិជ្ជាជីវ:ពេទ្យបានល្អប្រសើរ ក្នុងការជួយសង្គ្រោះស្ត្រីសំរាលកូននៅតាមដងផ្លូវ ឫនៅទីតាំងផ្សេងៗ ដែលមិនមែនជាមណ្ឌលសុខភាព ឫមន្ទីរពេទ្យ។
គោលនយោបាយ សង្គមកិច្ចរបស់រដ្ឋាភិបាល ប្រកាសថា កម្មការិនីដែលទៅសម្រាលកូននៅមន្ទីររដ្ឋនឹងមិនត្រូវអោយបង់ថ្លៃសេវានោះទេ។ បន្ថែមលើសនេះទៀត ប្រមុខរដ្ឋាភិបាល បានប្រកាស ជួយឧបត្ថម្ភប្រាក់ ៤០ម៉ឺនរៀលទៀតផង បើកម្មការិនីនោះ សម្រាល់កូនបានមួយ៕