អ្នកសង្កេតការណ៍ ដែលបានចូលរួមក្នុងកិច្ចប្រជុំរវាងគណៈប្រតិភូ គណបក្សកាន់អំណាច របស់លោកប្រធានាធិបតី នីកូឡាក់ ម៉ាឌូរ៉ូ និងក្រុមគណបក្សប្រឆាំង បានបង្ហើបព័ត៌មានឲ្យដឹងថា លទ្ធិផលនៃការប្រជុំនៅសាធារណរដ្ឋ ដូមីនិក កាលពីថ្ងៃម្សិលមិញ បើទោះបីជាមិនទាន់មានការព្រមព្រាងជាផ្លូវការណាមួយក៏ដោយ ប៉ុន្ដែភាគីទាំងពីរ បានព្រមព្រាងគ្នាក្រៅផ្លូវការ ថា នឹងឲ្យមានការបោះឆ្នោតឡើងវិញនៅឆ្នាំ២០១៨ គឺបោះឆ្នោតតំណាងរាស្ដ្រ ដែលមានការចូលរួមឃ្លាំមើលពីអន្ដរជាតិ ដែលការបោះឆ្នោតនោះ នឹងមានយុត្ដិធម៌ និង តម្លាភាពត្រឹមត្រូវ។
តាមទីភ្នាក់ងារសារព័ត៌ រ៉យទ័រ បានចុះផ្សាយថា ភាគីទាំងពីរបានព្រមព្រាងចរចាគ្នាម្ដងទៀតនៅថ្ងៃទី១៥ ខែធ្នូ ហើយរំពឹងថា នឹងមានលទ្ធិផលជាផ្លូវការនៅពេលនោះ។ គណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី ម៉ាឌូរ៉ូ ដែលបានយល់ព្រមចរចាជាមួយបក្សប្រឆាំងឡើងវិញនេះ គឺដោយសារតែការរងសម្ពាធកាន់តែខ្លាំងឡើងៗ ពីអន្ដរជាតិ ពិសេសគឺ អាមេរិក និង សហភាពអឺរ៉ុប ដែលបានដាក់ទណ្ឌកម្មជំហានដំបូងលើប្រទេសនេះរួចទៅហើយ។
លោក ម៉ាឌូរ៉ូ បានបោះឆ្នោតសភាធម្មនុញ្ញ កាលពីខែសីហា ដែលនាំឲ្យមានការរំលាយរដ្ឋសភា ដែលគ្រប់គ្រងដោយបក្សប្រឆាំង ធ្វើឲ្យប្រទេសនេះមានវិបត្ដិនយោបាយយ៉ាងធ្ងន់ធ្ងរ ហើយនៅទីបំផុតអាមេរិក និង សហភាពអឺរ៉ុប បានដាក់គំនាបជាខ្លាំង ដោយទាមទារឲ្យមានការបោះឆ្នោតឡើងវិញជាបន្ទាន់ និងទាមទារឲ្យដោះលែងក្រុមគណបក្សប្រឆាំងទាំងអស់វិញផងដែរ៕