ក្រុងភ្នំពេញ៖ ការប្រកួតប្រជែងស្នាដៃនិពន្ធអត្ថបទ ពានរង្វាន់អ្នកសារព័ត៌មានឆ្នើម ស្តីពីការរាយការណ៍ពីអំពើពុករលួយឆ្នាំ២០១៧ នេះ បានទៅលើ អ្នកសារព័ត៌មាន៤រូប តែក្នុងនោះអតីតអ្នកសារព័ត៌មានមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)ពីររូបបានឈ្នះពានរង្វាន់ជ័យលាភីលេខ១ដែលអត្ថបទពួកគេមានការសហការគ្នា។
ពានរង្វាន់នេះ ត្រូវបានប្រកាសលទ្ធផលនៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ រៀបចំដោយក្លឹបអ្នកកាសែត អង្គការតម្លាភាពកម្ពុជានិងគាំទ្រឧបត្ថម្ភដោយសហភាពអឺរ៉ុប រួមជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសស៊ុយអែត។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្លឹបអ្នកកាសែត ម្ចាស់ជ័យលាភីលេខមួយក្នុងកម្មវិធីនេះមានពីររូបគឺ កញ្ញា ឆេងណាតា និង កញ្ញា ច្រឹក ស្រីអូន អតីតអ្នកសារព័ត៌មានមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ។ កញ្ញា ឆេងណាតា បានបង្ហើបពីចំណាប់អារម្មណ៍របស់ខ្លួនថា កញ្ញាជាបុគ្គលម្នាក់ដែលស្អប់អំពើរពុករលួយ ហើយមានបំណងចង់ផ្សព្វផ្សាយឲ្យបានច្រើនក្នុងការកាត់បន្ថយអំពើរពុករលួយក្នុងសង្គមជាតិ។
កញ្ញា ឆេង ណាតា៖ មូលហេតុដែលធ្វើឲ្យបងចូលរួមក្នុងកម្មវិធីនេះ គឺបងចាប់អារម្មណ៍ពីការប្រកួតប្រជែង ហើយមួយទៀតបងគិតថានៅពេលដែលយើងធ្វើសេចក្តីរាយការណ៍អំពីអំពើរពុករលួយ នោះវានឹងផ្សព្វផ្សាយបានច្រើនទៅកាន់សារធារណជន ហើយណាមួយទៀត អាចដាស់តឿនដល់អ្នកប្រព្រឹត្តិអំពើរពុករលួយឲ្យមានការភ័យខ្លាច ហើយអត្ថបទនឹងផ្សព្វផ្សាយជាសារធារណជន។
អត្ថបទរួមគ្នារបស់កញ្ញាទាំង២ នេះ មានចំណងជើងថា« ពុករលួយធ្លាយដល់តំបន់ដាច់ស្រយាល ការបង្រ្កាបចាប់ពីថ្នាក់កណ្តាលមុន» ដែលជាបទយកការណ៍រៀបរាប់អំពីការចាក់ស្រេះនៃអំពើពុករលួយក្នុងសង្គមជាតិខ្មែរ។ អត្ថបទនេះបានរៀបរាប់ពីអំពើពុករលួយដែលកើតឡើងនៅក្នុងជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលរាប់បញ្ចូលចាប់តាំងពី រាស្រ្តសាមញ្ញ រហូតដល់ មន្ត្រីដែលមានតួនាទីនៅក្នុងរដ្ឋាភិបាល។
នៅក្នុងពិធីប្រគល់ពានរង្វាន់នេះ លោក ពុយ គាជាអគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជា និងជាគណៈកម្មការមួយរូបដាក់ពិន្ទុក្នុងការប្រកួតនេះ បានផ្តល់បទសម្ភាសន៍មកកាន់វិទ្យុស្រ្តីថា បេក្ខជនដែលចូលរួមក្នុងកម្មវិធីនេះមាន ចំណួន ៦ នាក់ ហើយជាប់ជ័យលាភី ៣ នាក់។ ក្នុងនោះ ជ័យលាភីលេខមួយ គឺជាអតីតអ្នកសារព័ត៌មានរបស់វិទ្យុស្ត្រី ចំណែកឯជ័យលាភីលេខ២ និង លេខ ៣ មកពីសារព័ត៌មានថ្មី ៗ។
លោកបានបន្ថែមថា ការដាក់ពិន្ទុនេះ គឺផ្អែកទៅដល់ការស្រាវជា្រវរបស់អ្នកសារព័ត៌មាន ដែលក្នុងនោះរាប់បញ្ជូលទាំងខ្លឹមសារ អក្ខរាវិរុទ្ធ និង ចំនងជើង។
លោក ពុយ គា៖ នៅក្នុងការជ្រើសរើសនេះ គឺយើងទីមួយឲ្យទៅលើ Contents ( ខ្លឹមសារ )អំពីការយកព័ត៌មានបែបស៊ីជម្រៅ ហើយយើងឲ្យតម្លៃទៅលើថា អ្នកសារព័ត៌មានយើងបានចំណាយពេលវេលាខ្លាំងប៉ុណ្ណាក្នុងការចុះយកព័ត៌មាននេះ ។
លោក ពុយ គា បានពន្យល់បន្ថែមថា គោលដៅរបស់ក្លឹបអ្នកកាសែតដែលបង្កើតនៅកម្មវិធីនេះ គឺចង់ឲ្យអ្នកកាសែតដែលមកពីគ្រប់ស្ថាប័នចូលរួមប្រកួតប្រជែង ចែករំលែកពីវិជ្ជាជិវៈ ជាពិសេសគឺផ្សព្វផ្សាយអំពីអំពើពុករលួយនៅក្នុងសង្គមឲ្យមហាជនបានដឹងអំពីការជះឥទ្ធិពលអាក្រក់ពីអំពើពុករលួយទៅលើប្រទេសកម្ពុជាទាំងមូល។
លោក ពុយគា ៖ បាទគោលដៅសំខាន់មែនទែន គឺយើងបើកចំហរ ឲ្យពួកគាត់ចូលរួមប្រលងដោយមិនប្រកាន់និន្នាការថាពួកគាត់បក្សណាបក្សណី អីទេ! តែគោលបំណងគឺចង់ឲ្យមហាជនបានដឹងពីភាពអាក្រក់នៃអំពើពុករលួយ។
គួររម្លឹកផងដែរថា កម្មវិធីប្រកួតប្រជែងអ្នកសារព័ត៌មានឆ្នើម ស្តីពីការរាយការណ៍អំពើពុករលួយនេះ ជ័យលាភីលេខមួយ កញ្ញា ឆេង ណាតា និង កញ្ញា ច្រឹក ស្រីអូន ទទួលបានប្រាក់លើទឹកចិត្ត ៧៥០ ដុល្លា ហើយជ័យលាភីលេខ ២ លោក ជា ធិរិទ្ធ សារព័ត៌មានថ្មីៗ ទទួលបាន ៤៥០ ដុលា្ល និង ជ័យលាភីលេខ បីកញ្ញា ខន ចំប៉ាមកពីសារព័ត៌មានថ្មីៗដែរដោយ ទទួលបានប្រាក់ ៣០០ ដុល្លា៕