en     km
en     km

កម្មការិនី​ ត្អូញត្អែ​ ករណី​ថ្លែ​ផ្ទះ​ឡើង​ប្រដេញ​ប្រាក់ខែ​

Share

​ភ្នំពេញ​ ៖​ កម្មការិនី​ រោងចក្រ​កាត់ដេរ​ ត្អូញត្អែ​ពី​ផែនការ​របស់​ម្ចាស់ផ្ទះ​ជួល​ ដែល​កំពុង​ត្រៀម​ឡើងថ្លៃ​ឈ្នួល​ផ្ទះ​ ប្រដេញ​ប្រាក់ខែ​របស់​ពួក​គេ​ ដែល​ដឹង​ថា​ នឹង​ត្រូវ​ឡើង​ដល់​ ១៧០​ដុល្លារ​ចាប់ពី​ឆ្នាំ​២០១៨​។​ រឿង​នេះ​តំណាង​សហជីព​ចង់​ឲ្យ​រដ្ឋអំណាច​ បង្ហាញ​វិធានការ​ជាក់លាក់​ ជា​ជាង​ត្រឹមតែ​ការ​អំពាវនាវ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖



​កម្មការិនី​រោងចក្រ​កាត់​សម្លៀក​បំពាក់​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ដ​កំ​ណ្ដា​ល​ បាន​អះអាង​ថា​ ម្ចាស់ផ្ទះ​ជួល​បាន​ជូនដំណឹង​ដល់​ពួក​គេ​រួច​ហើយ​ ថា​នឹង​ឡើងថ្លៃ​ឈ្នួល​ផ្ទះ​ម្ដងទៀត​។​

​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ឈ្មោះ​ វ៉ា​ន់​យិ​ន​ ដែល​កំពុង​បំពេញការងារ​នៅ​ក្នុង​រោងចក្រ​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ទូល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ អ្នកស្រី​សប្បាយចិត្ដ​ នៅ​ពេល​ដែល​ដឹង​ថា​ រាជរដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ ដល់​ ១៧០​ដុល្លារ​ ចាប់ពី​ឆ្នាំ​២០១៨​តទៅ​។​ ក៏​ប៉ុន្ដែ​ក្ដី​រីករាយ​នេះ​ បាន​បាត់​ទៅ​វិញ​ក្រោយ​ពេល​ដែល​ម្ចាស់ផ្ទះ​ជួល​បាន​ប្រាប់​អ្នកស្រី​ថា​ ផ្ទះ​ជួល​នឹង​ត្រូវ​ឡើងថ្លៃ​ ១០​ដុល្លារ​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​។​ អ្នកស្រី​ វ៉ា​ន់​ យិ​ន​ ៖«​ខាង​ខ្ញុំ​នៅ​ហ្នឹង​ វា​ ២០​ ឡើង​ ១០​ដុល្លារ​ទៀត​»​។​

​អ្នកស្រី​យល់​ថា​ បើ​ប្រាក់ខែ​ឡើងថ្លៃ​ តែ​តម្លៃ​ទំនិញ​ និង​ផ្ទះ​ជួល​ឡើង​ប្រដេញ​ដូចនេះ​ ទោះជា​ប្រាក់ខែ​ឡើង​បាន​ច្រើន​ប៉ុណ្ណា​ក៏​មិន​អាច​ធ្វើ​ឲ្យ​កម្មការិនី​ក្រីក្រ​ដូច​ជា​ អ្នកស្រី​អាច​រស់នៅ​បាន​សមរម្យ​នោះ​ដែរ​។​ អ្នកស្រី​ វ៉ា​ន់​ យិ​ន​ បន្ដ​ថា​ ប្រាក់ខែ​ ១៧០​ដុល្លារ​នេះ​ បើ​គិត​ឲ្យ​យូ​ឲ្យ​ទៅ​ គឺ​មិន​បាន​សល់​អ្វី​នោះ​ទេ​។​ អ្នកស្រី​ វ៉ា​ន់​ យិ​ន​ ៖«​ខ្ញុំ​ធ្វើការ​រោងចក្រ​តាំងពី​ជំនាន់​នៅ​ ៣០​ដុល្លារ​ តែ​សាច់​ជ្រូក​ ១​ខាំ​តែ​ ៧០០​រៀល​ទេ​ ខ្ញុំ​អាច​ថា​ គ្រាន់បើ​ដែរ​ ដល់​មក​សម័យ​ឥឡូវនេះ​ ប្រាក់ខែ​ច្រើន​មែន​តែ​ចាយ​អត់​គ្រប់​ ថ្លៃ​ផ្ទះ​ក៏​ឡើង​ ទំនិញ​ញាំ​ក៏​ឡើង​»​។​

​មិន​ថា​តែ​ផ្ទះ​ជួល​នៅ​ភ្នំពេញ​ទេ​ ដែល​ឡើងថ្លៃ​សូ​ម្បី​ផ្ទះ​ជួល​សម្រាប់​កម្មករ​ រោងចក្រ​កាត់ដេរ​នៅ​ខេត្ដកណ្ដាល​ ក៏​ត្រៀម​នឹង​ឡើងថ្លៃ​ដែរ​។​

​អ្នកស្រី​ ស៊ិ​ន​ ធា​រី​ កម្មការិនី​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ នៅ​ក្នុង​ខេត្ដកណ្ដាល​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពេល​សេចក្ដី​ប្រកាស​ ស្ដី​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ត្រូវ​បាន​ផ្សព្វផ្សាយ​ ម្ចាស់ផ្ទះ​ជួល​បាន​ប្រាប់​អ្នកស្រី​ភ្លាម​ថា​ ផ្ទះ​ជួល​របស់​គាត់​ នឹង​ត្រូវ​ចាប់ផ្ដើម​ឡើងថ្លៃ​នៅ​ដើមឆ្នាំ​ក្រោយ​ ព្រោះ​ទំនិញ​លើ​ទីផ្សារ​ក៏​ចាប់ផ្ដើម​ឡើងថ្លៃ​ដែរ​។​ អ្នកស្រី​ ស៊ិ​ន​ ធា​រី​ ៖«​ខាង​ខ្ញុំគេ​ឡើង​ដូច​គ្នា​បង​ គេ​ឡើង​ពី​មុន​បន្ទប់​ហ្នឹង​ ៣៥​ទេ​ ឥឡូវ​ឡើង​ថែម​ ១០​រៀល​ អី​ទៀត​ អ​ញ្ចឹ​ង​ឡើង​ ៤៥​ ហើយ​នៅ​ទឹក​ភ្លើង​អី​បន្ដ​អ​ញ្ចឹ​ង​»​។​

​អ្នកស្រី​ ធា​រី​ បន្ដ​ថា​ អ្វី​ដែល​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​កន្លង​មក​ គឺ​មិន​បាន​ជួយ​អ្វី​ដល់​ពួក​គេ​ទេ​ ព្រោះតែ​ពេល​ដែល​ពួក​គាត់​ប្រាប់​ម្ចាស់ផ្ទះ​ ពី​ការ​អំពាវនាវ​របស់​សម្ដេច​ ហ៊ុន​ សែន​ កុំ​ឲ្យ​មានការ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​ ម្ចាស់ផ្ទះ​បែរជា​បដិសេធ​ថា​ គាត់​មិន​ដែល​ឮ​ការ​អំពាវនាវ​នេះ​ឡើយ​។​

​ចំណែក​អ្នកស្រី​ ពិសី​ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ នៅ​ម្ដុំ​សួន​កា​ណា​ឌី​យ៉ា​ បាន​ឲ្យ​ដឹង​ដែរ​ថា​ ម្ចាស់ផ្ទះ​ជួល​ដែល​គាត់​កំពុង​រស់នៅ​សព្វថ្ងៃ​ ក៏​បាន​ប្រាប់​អ្នកស្រី​ពី​ការ​ឡើងថ្លៃ​ផ្ទះ​ជួល​របស់​ពួក​គាត់​ដែរ​។​ អ្នកស្រី​ ពិសី​ បញ្ជាក់​ថា​ ថ្លៃ​ផ្ទះ​ឡើង​តាម​ប្រាក់ខែ​ដូច្នេះ​ គឺជា​បញ្ហា​លំបាក​មួយ​របស់​កម្មការិនី​ក្រីក្រ​ដូច​អ្នកស្រី​។​

​អ្នកស្រី​ ពិសី​ ៖«​ព្រោះ​លុយ​ដែល​ឡើង​ហ្នឹង​ គឺ​យើង​យក​មក​ដើម្បី​ទ្រទ្រង់​សុខភាព​ ហើយ​យើង​ត្រូវ​យក​មក​ចំណាយ​លើ​ថ្លៃ​ផ្ទះ​ ថ្លៃ​ទឹក​ ថ្លៃ​ភ្លើង​ ហើយ​មួយ​ចំនួន​ទៀត​ត្រូវ​ផ្ញើ​ទៅ​ ឪពុក​ ម្ដាយ​ ហើយ​ដល់​ពេល​ប្រាក់ខែ​ឡើង​ គឺ​ទំនិញ​ឡើង​ហើយ​អ្វីៗ​ឡើង​ទាំងអស់​ អ​ញ្ចឹ​ង​យើង​អត់​មាន​លុយ​ដែល​យើង​គិត​ថា​ ឡើង​បាន​ប៉ុណ្ណឹង​ យើង​ដក់​ ២០​រៀល​ហ្នឹង​ សម្រាប​សា​គួ​ទៅ​ផ្ទះ​ ថែមលុយ​យើង​ធ្វើ​បាន​ហ្នឹង​ទៀត​ទៅ​វា​បាន​ច្រើន​ជាង​មុន​ តែ​អត់​ទេ​ វា​ទៅ​ជា​ដក​យក​លុយ​ហ្នឹង​ទៅ​សៀត​ចូល​តាម​ទំនិញ​ទីផ្សារ​ផ្សេងៗ​ទៀត​»​។​

​ជុំវិញ​រឿង​នេះ​ ប្រធាន​សហជីព​ ស៊ីខាវ​ឌូ​ មើលឃើញ​ថា​ ជា​រឿង​លំបាក​ណាស់​សម្រាប់​កម្មករ​ ព្រោះ​ឲ្យ​តែ​ដល់​ពេល​រដ្ឋ​ដំឡើង​ប្រាក់​ឈ្នួល​ ថ្លៃ​ផ្ទះ​របស់​ពួក​គាត់​ក៏​តែងតែ​ឡើង​ តាម​ពីក្រោយ​ប្រាក់​ឈ្នួល​របស់​ពួក​គាត់​ដែរ​។​

​លោក​ បុ​ន​ វណ្ណ​ ប្រធាន​សហជីព​ ស៊ីខាវ​ឌូ​ បាន​លើក​ឡើង​ថា​ ម្ចាស់ផ្ទះ​ជួល​នឹង​មិន​ព្រម​ បញ្ឈប់​ការ​ឡើងថ្លៃ​ឈ្នួល​ផ្ទះ​សម្រាប់​កម្មករ​នោះ​ទេ​ ប្រសិនបើ​រដ្ឋអំណាច​បាន​ត្រឹមតែ​អំពាវនាវ​ ដោយ​គ្មាន​វិធានការ​ជាក់លាក់​ ជុំវិញ​រឿង​នេះ​។​
​ម្យ៉ាងវិញទៀត​លោក​មើលឃើញ​ថា​ ម្ចាស់ផ្ទះ​ដែល​តែងតែ​ប្រឹង​តម្លើង​ថ្លៃ​ឈ្នួល​ផ្ទះ​ តាម​ប្រាក់​ឈ្នួល​របស់​កម្មករ​ គឺ​ភាគច្រើន​ សុទ្ធតែ​ជាម​ន្ដ្រី​មាន​អំណាច​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​។​

​លោក​ ប៊ុ​ន​ វណ្ណ​៖«​ខ្ញុំ​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ដែរ​ បើ​គាត់​ប្រកាស់​ហើយ​ សូម​ចេញ​ជា​ក្រិ​ត្យ​ណាមួយ​ ច្បាប់​ណាមួយ​ ដើម្បី​ឲ្យ​វា​ត្រឹមត្រូវ​តិច​ទៅ​ បើ​អ​ញ្ចឹ​ង​អ្នក​លក់ដូរ​ប្រហែល​គេ​មិន​ស្ដាប់​យើង​ទេ​ យើង​ប្រកាស​តើ​ សំណូមពរ​តើ​ មាន​ទាន់​ជា​ច្បាប់​ឯណា​ ទាល់តែ​ច្បាប់​បាន​គេ​ខ្លាច​ ហើយ​ច្បាប់​ហ្នឹង​ដាក់​បាន​ទណ្ឌកម្ម​ទៅ​លើ​គេ​ទៀត​បាន​គេ​ខ្លាច​ អាហ្នឹង​បើ​យើង​ចង់​ការពារ​អ្នកក្រ​ពិតប្រាកដ​មែន​»​។​

​លើស​ពី​នេះ​ ប្រធាន​សហជីព​ ស៊ីខាវ​ឌូ​ ក៏​សំណូមពរ​ដល់​ម្ចាស់ផ្ទះ​ជួល​ គួរ​គិតដល់​ជីវភាព​ កម្មករ​ កម្មការិនី​ ផង​ កុំ​គិតតែ​ប្រឹង​ឡើងថ្លៃ​ឈ្នួល​ផ្ទះ​ តាម​ប្រាក់ខែ​របស់​កម្មករ​ ព្រោះ​ពួក​គេ​សុទ្ធតែ​ជា​ពលរដ្ឋ​ក្រីក្រ​ ទើប​បានជា​ពួក​គេ​ទៅ​ធ្វើ​ការងារ​នៅ​តាម​រោងចក្រ​។​

​កន្លង​មក​គេ​តែងតែ​ឮជា​រឿយៗ​ នូវ​ប្រសាសន៍​របស់​សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​វេទិកា​ថ្នាក់​ជាតិ​ធំៗ​មួយ​ចំនួន​ ឬ​ក៏​ក្នុង​វេទិកា​ដែល​លោក​ បាន​ជួប​ជាមួយ​ក្រុម​កម្មករ​ កម្មការិនី​ ពី​ការ​អំពាវនាវ​ដល់​ម្ចាស់ផ្ទះ​ជួល​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​សម្រាប់​កម្មករ​ កម្មការិនី​។​ តែ​មក​ដល់​ពេល​នេះ​ គឺ​មាន​តែ​ថ្លៃ​ទឹក​ ថ្លៃ​ភ្លើង​ប៉ុណ្ណោះ​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​កម្មករ​ ក៏​ប៉ុន្ដែ​ថ្លៃ​ផ្ទះ​ជួល​វិញ​ ហាក់​នៅ​តែ​បន្ដ​ឡើង​ដដែល​ នៅ​រាល់ពេល​ដែល​ក្រុម​កម្មរ​ ទទួល​បាន​ប្រាក់​ឈ្នួល​កើនឡើង​។​

​បច្ចុប្បន្ន​ ពលរដ្ឋ​ខ្មែរ​ចំនួន​ជាង​ ៨០​ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​ ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ ។​ ក្នុង​នោះ​មាន​ជាង​ ៧០​ភាគរយ​គឺជា​ស្ដ្រី​។​ ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​ កម្មការិនី​ ឆ្នាំ​២០១៧​នេះ​ គឺ​ ១៥៣​ដុល្លារ​ ហើយនឹង​ឡើង​ដល់​ ១៧០​ដុល្លារ​នៅ​ឆ្នាំ​២០១៨៕

Share

Image
Image
Image