ភ្នំពេញ៖ គ្រឹះស្ថានសិក្សាវិស័យឯកជនមួយបាននាំយកកម្មវិធីសិក្សាកម្រិតបឋមសិក្សាឈ្មោះថា ALOHA Metal Arithmetic ដែលជាមុខវិជ្ជាផ្នែកគណិតវិទ្យា ដើម្បីអភិវឌ្ឍការលូតលាស់ខួរក្បាលកុមារក្នុងគណនាលេខឱ្យបានឆាប់រហ័សនិងសុក្រឹត្យត្រឹមត្រូវដោយមិនប្រើឧបករណ៍ជំនួយអេឡិចត្រូនិច។ អ្នកជំនាញការអប់រំថា កម្មវិធីនេះគួរត្រូវដាក់បង្រៀននៅសាលារៀនរបស់រដ្ឋផងដែរ។
ស្តាប់ព័ត៌មានជាសំឡេង៖
គ្រឹះស្ថានសិក្សាវិស័យឯកជនឈ្មោះ សាលាអប់រំកុមារឆ្នើមកម្ពុជា ឬ Super Children Education ដែលសហការណ៍ជាមួយមជ្ឈមណ្ឌល ALOHA Metal Arithmetic បាននាំយកកម្មវិធីសិក្សាជំនាញគណនាលេខបានឆាប់រហ័ស និងមានសុក្រឹត្យភាពក្នុងកម្រិតបឋមសិក្សា ចាប់ពីអាយុប្រាំឆ្នាំរហូតដល់អាយុ ១៣ឆ្នាំ។ នេះបើតាមលោក អ៊ូច អានភក្តី នាយកសាលាអប់រំកុមារឆ្នើមកម្ពុជា។
នៅក្នុងសន្និសីទកាសែតស្ដីពីកិច្ចព្រមព្រៀងយោគយល់គ្នាធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកានេះ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោក អ៊ូច អានភក្តី នាយកសាលាអប់រំកុមារឆ្នើមបានឲ្យដឹងថា កម្មវិធីសិក្សា ALOHA គ្រោងនឹងដាក់បញ្ជូលក្នុងកម្មវិធីសិក្សានៅសាលារបស់លោកនៅរយៈពីរខែមុខទៀត។
លោក អានភក្តី បន្ថែមថា កម្មវិធីសិក្សា ALOHA (Abacus Learning of Higher Arithmetic) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ដោយអ្នកជំនាញអប់រំនៃប្រទេសម៉ាឡេស៊ី លោក Loh Mun Sung។ បច្ចុប្បន្នកម្មវិធីសិក្សានេះកំពុងមានវត្តមាននៅក្នុងប្រទេសជិត៤០ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមយល់ឃើញថា កម្មសិក្សានេះ គួរត្រូវដាក់ឱ្យសិក្សាទាំងក្នុងសាលាសាធារណៈរបស់រដ្ឋនិងឯកជនដែលជាការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ទោះបីយ៉ាងណាលោកថា ការដាក់កម្មវិធីនេះនៅគ្រឹះស្ថានឯកជនអាចធ្វើឱ្យកុមារកម្ពុជា ដែលក្រីក្រមិនអាចទទួលចំណេះដឹងពីកម្មវិធីនេះបានទេ។
បើតាមលោក Loh Mun Sung ស្ថាបនិកនិងជាប្រធាន ALOHA international បានបង្ហាញសុទិដ្ឋិនិយមថា កម្មវិធីសិក្សានេះនឹងជួយអភិវឌ្ឍន៍ខួរក្បាលកុមារកម្ពុជាក្នុងការគណនាលេខបានឆាប់រហ័យសនិងត្រឹមត្រូវ ដោយមិនប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកជំនួយឡើយ។
លោក Loh Mun Sung បន្ថែមថា កុមារដែលសិក្សាកម្មវិធី ALOHA Metal Arithmetic មានសិស្សជាង ៤លាននាក់និង ៤ពាន់សាខានៅទូទាំងពិភពលោក៕