ភ្នំពេញ ៖ ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៦ វិច្ឆិកានេះ ស្ដីពី “ការពិគ្រោះយោបល់ ការណែនាំ និងលក្ខខណ្ឌនៃការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង” នៅរាជធានីភ្នំពេញ បំណងឲ្យម្ចាស់អាជីវកម្មស្រា និងអ្នកដែលផលិតស្ប៉ត អំពីស្រា បញ្ឈប់ការឃោសនា ខុសពីការពិតអំពីគុណភាពស្រា និងការផ្ដល់រង្វាន់ ដែលជាការទាក់ទាញចិត្ដពលរដ្ឋឲ្យផឹកស្រាច្រើនលើសកំណត់។ លោក លៀ ស៊ីណា រាយការណ៍ ៖
ក្រសួងព័ត៌មានអំពាវនាវដល់អាជីវកម្មស្រា និងអ្នកដែលលក់ស្រា ឬអ្នកធ្វើស្ប៉ត ត្រូវ ជៀងវាងការផ្សាយពាណិជ្ជកម្ម ប្រកាសពីគុណភាពខុសពីការពិត ដែលនាំអោយប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
សិក្ខាសាលានេះរៀបចំឡើងរយៈពេលមួយថ្ងៃ បំណងបញ្ជ្រាបការយល់ដឹងអំពីគោលការណ៍ណែនាំ លក្ខខណ្ឌ និង តម្រូវការ ជុំវិញសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលមានដូចជាការផលិតស្ប៉ត ការចាក់ស្ប៉ត ការដាក់បង្ហាញផ្ទាំងប៉ាណូអំពីផលិតផលគ្រឿងស្រវឹង ដែលមិនត្រូវ ធ្វើការផ្សព្វផ្សាយពីស្រា ដែលមានលក្ខណៈទាក់ទាញនិងលើកទឹកចិត្ដសាធារណជនឲ្យចង់ផឹកស្រា ដោយនិយាយអំពីការឈ្នះរង្វាន់ និយាយអំពីចំណុចខ្លាំង ឬសរសើរផលិតផលគ្រឿងស្រវឹងទាំងនោះទេ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា កន្លងមកទាំងម្ចាស់អាជីវកម្មស្រា អ្នកនាំចូល និងអ្នកផ្សព្វផ្សាយ បានអនុវត្ដតាមការណែនាំរបស់ក្រសួងព័ត៌មានបានល្អប្រសើរហើយ ជុំវិញការផ្សព្វផ្សាយអំពីផលិតផលគ្រឿងស្រវឹង។ ក៏ប៉ុន្ដែគឺនៅមានកម្រិតនៅឡើយ ដែលក្រសួងយល់ថា ត្រូវតែមានការពង្រឹង និងចាត់វិធានការ បន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកផ្សព្វផ្សាយ អំពីផលិតផលស្រា ផ្សព្វផ្សាយដោយក្រមសីលធម៌ ដោយការទទួលខុសត្រូវ ហើយជាការផ្សព្វផ្សាយដែលមិនមែនជាការលើកទឹកចិត្ដ និងជំរុញ ឲ្យប្រជាពលរដ្ឋផឹកគ្រឿងស្រវឹងច្រើនហួសប្រមាណ។
លោក មាស សុភ័ណ្ឌ ៖«អញ្ចឹងហើយបានជាយើងរៀបចំសិក្ខាសាលាហ្នឹងឡើង ដើម្បីយើងប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធទាំងអស់ថា តើយើងនឹងអាចធ្វើការអ្វីខ្លះរួមគ្នា នៅក្នុងការជួយដល់សង្គម នៅក្នុងការកាត់បន្ថយហានិភ័យ ដែលបណ្ដាលមកពីការប្រើប្រាស់គ្រឿងស្រវឹងហួសប្រមាណហ្នឹងឯង»។
នៅលើប្រព័ន្ធផ្សព្វផ្សាយដែលមានដូចជាទូរទស្សន៍ វិទ្យុ គេហទំព័រ និងកាសែត ល្បីៗមួយចំនួនធំ គឺនៅតែបន្ដផ្សព្វផ្សាយស្ទើររាល់ថ្ងៃ ជុំវិញផលិតផលគ្រឿងស្រវឹង ដែលមានទាំងការលើកសរសើរពីគុណភាព បូករួមនឹងការផ្ដល់រង្វាន់ច្រើនសន្ធឹក សម្រាប់អ្នកផឹកស្រា ដែលករណីនេះ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន រំពឹងថា តាមរយៈសិក្ខាសាលានេះ អ្នកពាក់ព័ន្ធទាំងអស់ និងពង្រឹងការអនុវត្ដបទបញ្ជា ជុំវិញការផ្សព្វផ្សាយគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។
លោក មាស សុភ័ណ្ឌ៖«តាមរយៈសិក្ខាសាលាថ្ងៃនេះ ការចូលរួមអនុវត្ដនូវបទបញ្ជា ឬក៏ការចូលរួមចំណែករបស់វិស័យពាក់ព័ន្ធ នឹងជំរុញឲ្យការផ្សព្វផ្សាយនាពេលអនាគត់ហ្នឹងកាន់តែ មានការទទួលខុសត្រូវខ្ពស់ និងការចួលរួមចំណែកកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង»។
ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង នៅកម្ពុជា ហាក់មានទូលាយខ្លាំង ដែលពេលខ្លះសូម្បីតែកុមារ ក៏ចងចាំបានស្ទើរទាំងស្រុងពីអត្ថន័យ ឬបទចំរៀង ស្ដីអំពីគ្រឿងស្រវឹងដែលបានផ្សព្វផ្សាយ លើកញ្ចក់ទូរទស្សន៍ ឬតាមរយៈវិទ្យុដែរ។
រហូតមកដល់ពេលនេះ ក្រុមមន្ដ្រីរបស់អង្គការសង្គមស៊ីវិល បាននិយាយថា អំពើហិង្សាក្នុងគ្រួសារ ករណីរំលោភផ្លូវភេទ បានកើតឡើងមិនថម ក៏ព្រោះតែគ្រឿងបំពុលស្មារតី ដែលមានជាអាទិ៍គឺសុរាតែម្ដង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលាយបំផុត ចាប់ពីទីប្រជុំជន ដល់ទីជនបទដាច់ស្រយាល ។
ការផ្សព្វផ្សាយដ៏គគ្រឹកគ្រេងនេះ បានទទួលលទ្ធផលយ៉ាងសម្បើម ដែលនាំឲ្យពលរដ្ឋខ្មែរ ជ្រួលផឹកគ្រឿងស្រវឹងស្ទើរគ្រប់កម្មវិធី ហើយជាលទ្ធផលហិង្សាក្នុងគ្រួសារ ក៏កើតមិនថយ ហិង្សារំលោភផ្លូវក៏កើតឡើងស្ទើរមិនលោះថ្ងៃ ហើយកាន់តែសាហាវថែមទៀត គឺឈានដល់ការរំលោភហើយសម្លាប់បំបិទមាត់។
ជាក់ស្ដែងកាលពិថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០១៧ មានបុរសម្នាក់អាយុប្រមាណ ៥១ឆ្នាំ រស់នៅខេត្ដព្រះវិហារ បានសម្លាប់ស្ដ្រីម្នាក់ដោយគ្មានញញើតដៃ បន្ទាប់ពីបុររូបនេះ បានផឹកស្រាស្រវឹង ហើយលបឡើងទៅលើផ្ទះស្ដ្រីរងគ្រោះ បំណងចាប់រំលោភ ប៉ុន្ដែស្ដ្រីរងគ្រោះបានស្រែហៅញាតជិតខាងឲ្យជួយ ក៏ត្រូវបុរសរូបនេះយកកាំបិតកាប់ជាច្រើកាំបិតបណ្ដាលឲ្យស្លាប់នៅហ្នឹងកន្លែង។ នេះក៏ព្រោះតែការផឹកគ្រឿងស្រវឹង ដែលគេហៅថា ជាទឹកប្ដូរនិស្ស័យ ឲ្យមនុស្សធ្លាប់តែស្លូត ប្រែជាកាច មនុស្សខ្លាចប្រែជាហ៊ាន ធ្វើរឿងអសីលធម៌ដោយគ្មានញញើតដូច្នេះ៕