en     km
en     km

កម្មការិនី​រោងចក្រ​ យូ​លី​ នៅ​ក្រុង​បា​វិត​ចូល​ធ្វើការ​វិញ​បន្ទាប់​ពី​ថៅកែ​យល់ព្រម​តាម​សំណើ​របស់​ពួក​គេ​

Share

​ភ្នំពេញ​ ៖​ ក្រុម​កម្មការិនី​ មាន​គ្នា​ប្រមាណ​ជាង​ ១០០​នាក់​ដែល​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​នៅ​ក្រុង​បា​វិត​ ខេត្ដស្វាយរៀង​ នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​នេះ​ បាន​ព្រម​ចូល​ធ្វើការ​វិញ​បន្ទាប់​ពី​ ថៅកែ​ និ​យោ​ជិ​ក​ ជា​ជនជាតិ​ចិន​ យល់ព្រម​តាម​សំណើ​របស់​ពួក​គេ​ជុំវិញ​លក្ខណ​ការងារ​។​ នេះ​បើ​យោង​តាម​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

​ការ​តវ៉ា​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​ ទី​១១​ វិច្ឆិកា​ ដែល​មានកម្ម​ការិនី​ជាង​ ១០០​នាក់​ ប្រមូលផ្ដុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ជា​ជនជាតិ​ ចិន​ គោរព​តាម​ច្បាប់​ការងារ​កម្ពុជា​ ដោយ​មិន​ត្រូវ​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​ការងារ​ច្រើន​ ដើម្បី​បង្កើន​ការ​ផលិត​ និង​បញ្ឈប់​ការ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ដាក់​ពួក​គេ​បន្ដ​ទៀត​។​ ការ​តវ៉ា​បាន​បញ្ចប់​ត្រឹម​ពេល​រសៀល​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ក្រោយ​ពី​ថៅកែ​ និយោជក​ បាន​យល់ព្រម​តាម​ការ​ទាមទា​របស់​កម្មការិនី​។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ដែល​បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​នេះ​។​

​លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​ឲ្យ​ដឹង​ថា​ កម្មការិនី​ ក្នុង​រោងចក្រ​ You​ Li​ International​ បាន​ជួប​ផល​លំបាក​ក្រោយ​ពេល​ដែល​មាន​ថៅកែ​ថ្មី​ ដែល​ជា​ជនជាតិ​ចិន​ មក​កាន់ការ​ជំនួស​ថៅកែ​ចាស់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។​

​លោក​បន្ត​ថា​ថៅកែ​ថ្មី​ របស់​រោងចក្រ​កាត់ដេរ​ You​ Li​ International​ បាន​តម្រូវ​ឲ្យ​កម្មករ​ កម្មការិនី​ ធ្វើការ​ទ្វេ​ដង​ ដើម្បី​បង្កើន​ការ​ផលិត​ នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ ហើយ​ថៅកែ​ថ្មី​នេះ​ តែងតែ​ប្រើ​ពាក្យ​មិន​គួរ​គប្បី​មួយ​ចំនួន​ដាក់​កម្មការិនី​ក្នុង​រោងចក្រ​នេះ​ ដែល​ជា​ហេតុ​ នាំ​ឲ្យ​ក្រុម​កម្មការិនី​ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ជាមួយ​ថៅកែ​ជនជាតិ​ចិន​ ឲ្យ​បញ្ឈប់​ការ​បង្ខិតបង្ខំ​ពួក​គេ​ធ្វើការ​ទ្វេ​ដង​ និង​ទាមទារ​ឲ្យ​ប្រើ​ពាក្យ​សម្ដី​ ឲ្យ​បាន​សមរម្យ​ជាង​មុន​។​ លោក​ ប៉ាវ​ ស៊ី​ណា​ ៖«​កាលពីមុន​ ឧទាហរណ៍​ ៨​ ម៉ោង​ គេ​ធ្លាប់​ឲ្យ​គាត់​ដេរ​ត្រឹម​ ៥០០​ខោ​ ឬ​ក៏​អាវ​ អ​ញ្ចឹ​ង​ទៅ​ដល់​ឥឡូវ​គេ​លើក​ថា​ ដោយសារ​តែ​ប្រាក់ខែ​ឡើង​ខ្ពស់​គេ​ក៏​តម្រូវ​ឲ្យ​បង្កើន​ការ​ផលិត​ដូច​គ្នា​ ក៏​ប៉ុន្ដែ​កម្មករ​គាត់​ថា​ ធ្វើ​អត់​បាន​ មួយទៀត​ដោយសារ​ដូរ​អ្នកគ្រប់គ្រង​ថ្មី​ ដែល​គាត់​មាន​សម្ដីសំដៅ​មិន​សមរម្យ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​តវ៉ា​»​។​

​តែ​យ៉ាងណា​ក្រោយ​ពេល​ដែល​មានការ​តវ៉ា​ ពី​ក្រុម​កម្មការិនី​ តំណាង​សហជីព​បាន​ចរចា​ជាមួយ​ថៅកែ​ ដោយ​មានការ​សម្របសម្រួល​ពី​មន្ទីរ​ការងារ​ខេត្ដស្វាយរៀង​ និង​អាជ្ញាធរ​ ទើប​ថៅកែ​ រោងចក្រ​កាត់ដេរ​មួយ​នេះ​បាន​យល់ព្រម​តាម​សំណើរ​របស់​កម្មករ​។​ សំណើ​ចំនួន​បី​ ចំណុច​ ដែល​មាន​ដូច​ជា​ មិន​បង្ខំ​កម្មករ​ កម្មការិនី​ ឲ្យ​ធ្វើការ​ច្រើន​លើស​កំណត់​ ផ្ដល់​រង្វាន់​លើកទឹកចិត្ដ​ដល់​កម្មករ​ កម្មការិនី​ ដែល​ធ្វើការ​ងារ​បាន​តាម​កំណត់​ ហើយ​ថៅកែ​ ត្រូវ​បញ្ឈប់​ការ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​លើ​កម្មករ​ កម្មការិនី​បន្ដ​ទៀត​។​

​ជាមួយ​គ្នា​នេះ​ លោក​ ប៉ាវ​ ស៊ី​ណា​ បាន​ច្រាន​ចោលការ​លើក​ឡើង​មួយ​ចំនួន​ដែល​ថា​ រោងចក្រ​កាត់ដេរ​ You​ Li​ International​ មួយ​នេះ​ បាន​យក​កម្មការិនី​ ដែល​ធ្វើ​ការងារ​យឺត​ទៅ​បង្ខាំង​ក្នុង​ទ្រុង​ ឬ​ក៏​ធ្វើ​ទណ្ឌកម្ម​។​ ​លោក​បាន​បញ្ជាក់​ថា​ គ្រប់​រោងចក្រ​សុទ្ធតែ​មាន​បច្ចេកទេស​នៃ​ការ​រៀបចំ​ប្រហាក់ប្រហែល​គ្នា​ ដែល​មិនមែន​ជា​កន្លែង​ឃុំ​ឃាំ​មនុស្ស​ ឬ​ក៏​កន្លែង​ធ្វើ​ទណ្ឌ​អ្វី​ឡើយ​។​ លោក​ ប៉ាវ​ ស៊ី​ណា​ ៖«​អ្វី​ដែល​កម្មករ​លើក​ឡើង​ថា​ មានការ​ដាក់រ​នាំ​ ដាក់​អី​បាំង​ផ្សេងៗ​ហ្នឹង​ គេ​រុះ​ចោល​ទាំងអស់​ ឥឡូវ​គេ​រុះ​អស់ហើយ​ អ​ញ្ចឹ​ង​គឺ​គ្រប់យ៉ាង​ រហូត​ដល់​ម៉ោង​នេះ​គឺ​កម្មករ​បាន​ចូល​ធ្វើការ​វិញ​អស់ហើយ​»​។​

​បើ​ទោះជា​បញ្ហា​នេះ​ ត្រូវ​បាន​ដោះស្រាយ​ជួន​កម្មការិនី​ រួចរាល់​ក៏​ពិតមែន​ ក៏​ប៉ុន្ដែ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ យល់​ថា​ បើ​មិន​មានការ​ចូលរួម​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ យកចិត្ដទុកដាក់​តាមដាន​រាល់​ការ​អនុវត្ដ​ច្បាប់​របស់​ក្រុម​ថៅ​រោងចក្រ​ឲ្យ​បាន​ច្បាស់លាស់​ទេ​ បញ្ហា​ដូច​គ្នា​នេះ​នឹង​កើតឡើង​ចំពោះ​កម្មករ​ កម្មការិនី​ នៅ​រោងចក្រ​កាត់ដេរ​ផ្សេង​ទៀត​ជា​ពុំខាន​។​ ករណី​នេះ​លោក​សង្ឃឹមថា​ អាជ្ញាធរ​នឹង​ពង្រឹង​ការ​អនុវត្ដ​តួនាទី​ និង​ច្បាប់​ ហើយ​រោងចក្រ​ដែល​មក​រកស៊ី​នៅ​កម្ពុជា​ និង​គោរព​ច្បាប់​ការងារ​ក្នុង​ប្រទេស​កម្ពុជា​។​

​រោងចក្រ​ You​ Li​ International​ មាន​កម្មករ​ បម្រើ​ការងារ​ប្រមាណ​ ៥០០០​នាក់​ ដែល​ជាង​ ៨០​ភាគរយ​គឺជា​ស្ដ្រី​។​
​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ កម្ពុជា​បាន​នាំមុខ​គេ​ក្នុង​ការ​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​។​ វិស័យ​ឧ​ហ្សា​ហ​កម្ម​កាត់ដេរ​ គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​របស់​កម្ពុជា​ ក្នុង​ចំណោម​វិស័យ​អាទិភាព​ជា​ច្រើន​ទៀត​ ដែល​មាន​ដូច​ជា​ វិស័យ​ទេសចរណ៍​ និង​វិស័យ​ស្រូវ​ អង្ករ​។​ វិស័យ​ឧ​ហ្សា​កម្ម​កាត់ដេរ​ បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​ ៧០​ម៉ឺន​នាក់​ ហើយ​ក្នុង​នោះ​៨០​ភាគរយ​ជា​ស្ដ្រី​៕

Share

Image
Image
Image