en     km
en     km

ស្ត្រីនៅតែប្រឈមនឹងការជួញដូរមនុស្ស​និងអំពើអាជីវកម្មផ្លូវភេទ

Share

ក្រុងភ្នំពេញ៖ សេចក្ដីព្រាងរបាយការណ៍បូក​សរុប​សកម្មភាព និង​លទ្ធផល​ការងារ​បង្ការ ទប់ស្កាត់និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃបានប្រាប់ថា ស្ត្រីនៅតែប្រឈមនឹងការជួញដូរ និងរងអំពើអាជីវកម្មផ្លូវភេទ។ អ្នកធ្វើការផ្នែកស្រ្តី យល់ឃើញថា ការប្រឈមមុខរបស់ស្រ្តីនៅក្នុងបញ្ហានេះ បណ្តាលមកពីកង្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។  

ស្តាប់ព័ត៌មានជាសំឡេង៖

លោកស្រី ជូ ប៊ុនអេង អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស នៃក្រសួងមហាផ្ទៃបានប្រាប់អំពីសេចក្ដីព្រាងនៃរបាយការណ៍រយៈពេល ១០ខែមនៃឆ្នាំ ២០១៧ នេះថា ស្ថានភាពនៃការជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ មានការបង្ក្រាបបានច្រើនគួរឲ្យកត់សម្គាល់ដែលនេះ បញ្ជាក់ថា រដ្ឋាភិបាលបានធ្វើការយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេះផងដែរ។ លោកស្រីបានឲ្យដឹងទៀតថា បទល្មើសទាំងនោះមានដូចជា ការកេងប្រវ័ញ្ជកម្លាំងពលកម្ម ការរំលោភលើសេចក្តីទុកចិត្តជាដើម។

លោក ស្រី ជូ ប៊ុនអេង៖ ដែលយើងបានរកឃើញវាមានការកេងប្រវ័ញ្ជកម្លាំងពលកម្ម ហើយការរំលោភបំបានដោយបង្ខំ និងក៏វាមានការរំ លោភលើសេចក្តីទុកចិត្ត ឬមួយក៏ឆបោក យកទៅរៀបអាពាហ៍ពិពាហ៏ ជាដើមអានិងវាស្ថិតក្នុងបទល្មើសព្រហ្មទណ្ឌតែវាពុំមែនស្ថិតក្នុងករណីជួញដូរមនុស្សនោះទេ។ ហើយបើនិយាយពីសកម្មភាពបង្ក្រាបវិញគឺមានច្រើនណាស់ ដែលសមត្ថកិច្ចបានបង្ក្រាបបានច្រើននៅឆ្នាំនេះបើធៀបនឹងឆ្នាំមុន។

លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់វិទ្យុស្ត្រីថា  លោកស្រីបានការ​លើកឡើង​នេះនៅក្នុង​កិច្ច​ប្រជុំ​បូក​សរុប​សកម្មភាព និង​លទ្ធផល​ការងារ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​រយៈពេល ១០ខែ ឆ្នាំ​២០១៧ នៅ​រសៀល​ថ្ងៃទី​១៣ ខែ​វិច្ឆិកា​នេះ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ។

ដោយឡែក លោកស្រីធីតាឃិះ នាយិកានៃអង្គការសីលកា ដែលធ្វើការផ្នែកស្រ្តីយល់ឃើញថា ស្ថានភាពនៃការជួញដូរមនុស្ស និង អំពើអាជីវកម្មផ្លូវភេទ​បណ្តាលមកពីកង្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។ លោកស្រីពន្យល់ថា បញ្ហាបច្ចេកវិទ្យាសម័យថ្មីធ្វើឲ្យមនុស្សអាចយកមកធ្វើជារបររកស៊ីបានហើយ ណាមួយ ដោយសារតែប៉ុន្មានខែនេះ​ រដ្ឋាភិបាលកម្ពុជាហាក់ដូចជាខ្វាយខ្វល់ពីរឿងនយោបាយច្រើន ណាមួយនយោបាយហាក់ដូចជាឡើងកម្តៅផងគឺករណីនេះធ្វើឲ្យរដ្ឋាភិបាលពុំបានយកចិត្តទុកដាក់បង្ការបញ្ហាជួញដូរទុកជាមុននោះទេ។

លោកស្រី ធីតា ឃឹៈ៖ យើងសង្កេតឃើញថា ស្ថានភាពជាក់ស្តែងនៅក្នុងសង្គម ដោយសារយើងមានភាពវិកវរច្រើននៅក្នុងនយោបាយ ធ្វើឲ្យការដាក់អនុវត្តច្បាប់ទាំងអស់នោះមានការរអាក់រអួល ដូច្នេះឆ្លៀតឱកាស ហើយណាមួយបណ្តាលមកពីប្រព័ន្ធតិចណូឡូជីថ្មី ដែលធ្វើឲ្យមនុស្សយករបស់ទាំងអស់នោះមកធ្វើជារបរកស៊ីបាន។

លោកស្រី ធីតា ឃឹះ ក៏បានទទូចសុំឲ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ទៅលើបញ្ហានេះ នឹង ជាពិសេសគឺបញ្ហាស្រ្តីដែលកំពុងប្រឈមមុខនៅក្នុងសង្គម។

សូមបញ្ជាក់ផងដែរថាបើតាមសេចក្ដីព្រាងនៃរបាយការណ៍របស់ក្រសួងមហាផ្ទៃ ការ​ធ្វើ​ចំណាក​ស្រុក​ឆ្លងដែន ឬ​ទេសន្តរ​ប្រវេសន៍ ក៏មាន​ស្ថានភាព​មិន​ប្រក្រតី​ដោយសារប្រជាពលរដ្ឋ​ចាកចេញ​ទៅ​ធ្វើការ​នៅ​ប្រទេសថៃ រហូតដល់​ជាង ១លាន​នាក់ ទាំងស្រប​ច្បាប់ ទាំង​មិនមាន​ឯកសារ​ច្បាប់។ លើសពីនេះ មាន​ពលករ​ជាង ៣ផម៉ឺន​នាក់​ទៀត នៅ​មិនទាន់​មាន​ឯកសារ​ស្រប​ច្បាប់​ក្នុង​ប្រទេសថៃ​នៅ​ឡើយ។ ករណីនេះគឺជាហានិភ័យខ្ពស់ នៃកំណើនជួញមនុស្សនិងធ្វើឱ្យស្ត្រីក្លាយជាគោលដៅនៃការបំពារបំពានផ្លូវភេទ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង