គេហទំព័រមួយឈ្មោះថា Asean Briefing បានបង្ហាញរបាយការណ៍របស់ខ្លួនថា ប្រទេសចំនួនបួន ដែលជាទីផ្សារនាំផលិតផលកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង ច្រើនជាងគេពីកម្ពុជា គឺ សហភាពអឺរ៉ុប អាមេរិក កាណាដា និងប្រទេសជប៉ុន។
តាមរបាយការណ៍របស់គេហទំព័រ បរទេសមួយនេះ គឺសហភាពអឺរ៉ុប បាននាំចូលទំនិញប្រភេទនេះ មានទំហំ៤០ភាគរយ អាមេរិក ៣០ភាគរយ កាណាដា ៩ភាគរយ និងជប៉ុន ៤ភាគរយ។ តាមរបាយការណ៍ ប្រទេសទាំងបួននេះ បាននាំផលិតផលសម្លៀកបំពាក់ និង ស្បែកជើង សរុបមានចំនួន ៨៣ភាគរយ ក្រៅពីនេះ ក៏មានប្រទេសដទៃទៀតផងដែរ ក៏ប៉ុន្ដែប្រទេសដែលនាំយកផលិតផល សម្លៀកបំពាក់ និង ស្បែកជើងពីកម្ពុជា ពុំមានប្រទេសចិននោះទេ។
តាមប្រភពដដែល រោងចក្រនៅកម្ពុជា ដែលមានស្ដង់ដា មានប្រមាណ ៥៨៩ រោងចក្រ ហើយមានកម្មករកំពុងបម្រើការជាង ៦០ម៉ឺននាក់។
តែបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជា រោងចក្រកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង នៅកម្ពុជា មានជាង ១០០០រោងចក្រ ហើយមានកម្មករសរុបជាង ៨០ម៉ឺននាក់។ ជាមួយគ្នានេះ ពលករកម្ពុជា ដែលទៅធ្វើការងារនៅប្រទេសថៃ មានចំនួនជាងមួយលាននាក់ ដោយពួកគេទទួលបានប្រាក់ខែគោល ២៥០ ដុល្លារ។ ចំណែកកម្ពុជា គឺបានផ្ដល់ប្រាក់ខែគោល ១៧០ដុល្លារ ចាប់ពីឆ្នាំ២០១៨។ ដោយឡែកនៅប្រទេសវៀតណាម ប្រាក់ខែគោលរបស់កម្មករ ក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននៅអាស៊ីអាគ្នេយ៍មួយនេះ គឺមានចំនួន ១៦៦ដុល្លារអាមេរិក៕