នៅលើពិភពលោកគេកម្រឃើញយុវជនឡើងកាន់តំណែងជាមេដឹកនាំជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីនៅវ័យក្មេង ណាស់។ តែសម្រាប់ គីម ជុងអ៊ុន បានឡើងកាន់តំណែងជាមេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង នៅពេលលោកមានអាយុ២៥ឆ្នាំ ។ ក្នុងចំណោមមេដឹកនាំវ័យក្មេងលើភពលោកនេះ ទំនងមានតែយុវជន គីម ជុងអ៊ុន ម្នាក់គត់ ប៉ុន្តែលោកមិនត្រូវបានប្រជាជនរបស់ខ្លួនចាត់ទុកជាមេដឹកនាំឡើងកាន់អំណាច ស្របតាមឆន្ទៈរបស់ប្រជាជនឡើយ។ ផ្ទុយទៅវិញ លោកជាមេដឹកនាំកាន់អំណាចបង្កការភ័យខ្លាចជាងគេនៅដើមទសវត្ស ២០០០ នេះ នៅប្រទេសកូរ៉េខាងជើង។ សូមស្ដាប់អត្ថាធិប្បាយរបស់លោក នួន បូរិន មានខ្លឹមសារដូចតទៅ៖
ស្តាប់សំឡេងព័ត៌មាន៖
ការឡើងកាន់អំណាចរបស់ត្រកូលគីម
លោក គីម អ៊ីលស៊ុង ជាបិតានៃបក្សពលករកូរ៉េក្នុងឆ្នាំ១៩៤៨ ។ លោកបានឡើងកាន់តំណែងតាំង ផ្តើមពីនាយករដ្ឋមន្ត្រី ហើយបានក្លាយជាប្រធានាធិបតីរហូតឆ្នាំ ១៩៩៤ ។ បុរសរដ្ឋនេះហើយ ដែលបង្កើតជនបដិវត្តន៍មុនគេដែលធ្វើសេចក្ដីសម្រេចបង្កើតរដ្ឋក្នុងរដ្ឋ តាមរយៈការបង្កសង្រ្គាមជាមួយពួកប្រជាធិបតេយ្យសេរីនៅឆ្នាំ១៩៥០។ តាមរយៈសង្រ្គាមនេះនាំឱ្យកូរ៉េបានពុះចែកជាពីរមកដល់សព្វថ្ងៃនេះ។
នៅពេលលោក គីម អ៊ីលស៊ុង ទទួលមរណភាពនៅឆ្នាំ១៩៩៤ លោក គីម ជុងអ៊ីល ជាកូនបានឡើងកាន់តំណែងជំនួសឪពុក ដោយសមាជិកនយោបាយមជ្ឈឹមបក្សពលករកូរ៉េប្រកាសគាំទ្រ។ ចៃដន្យ លោក គីម ជុងអ៊ីល បានស្លាប់ដោយសារជំងឺគាំងបេះដូងនៅឆ្នាំ ២០១១ ពេលដែលលោកមានអាយុ ៧០ឆ្នាំ ហើយលោក គីម ជុងអ៊ុន បានឡើងកាន់អំណាចបន្តវេនក្នុងត្រកូលគីម ជាជនបដិវត្តន៍ឆ្អិតឆ្អៅនៅកូរ៉េខាងជើង។
មិនខុសពីការឡើងកាន់តំណែងរបស់ឪពុកដែរ លោក គីម ជុងអ៊ុន បានឡើងធ្វើជាប្រធានបក្សពលករកូរ៉េ ហើយតាមរយៈនេះ ធ្វើឱ្យលោកបានឡើងកាន់តំណែងជាមេដឹកនាំកំពូលរបស់ប្រទេសសង្គមនិយមមួយនេះ ក្នុងឋានៈជាប្រធានាធិបតី។
គីម ជុងអ៊ុន កាន់អំណាចមានភាពឃោរឃៅ ធ្វើឱ្យពិភពលោកភ័យខ្លាច
លោក គីម ជុងអ៊ុន ឡើងកាន់ណាចនៅឆ្នាំ២០១១ ចំពេលដែលស្ថានភាពតានតឹងចាប់ផ្ដើមកើតឡើងនៅកូរ៉េខាងជើង ដោយសារឪពុករបស់លោក បានបង្កើតរោងចក្រនុយក្លេអ៊ែរ ធ្វើឱ្យអាមេរិកចាប់ផ្ដើមព្រួយបារម្ភ។
រយៈពេល ១៧ឆ្នាំនៃការកាន់អំណាចរបស់ឪពុក លោក គឺពុំសូវមានការបាញ់សាកកាំជ្រួចផ្លោងទេ ហើយការគំរាមកំហែងវាយប្រហារអាវុធនុយក្លេអ៊ែរស្ទើរតែគ្មានដែរ។ តែដល់ជំនាន់លោក គីមជុងអ៊ុន ការសាកល្បងបាញ់កាំជ្រួចទាំងវង់ប្រតិបត្តិការខ្លីនិងវែងឬកាំជ្រួចអន្តរទ្វីបកាន់តែកើនឡើង ហើយជំនាន់លោកជុងអ៊ុន ការបាញ់អាវុធនុយក្លេអ៊ែរនិងគ្រាប់បែកអ៊ីដ្រូហែ្សន កាន់តែញឹកនិងធ្ងន់ធ្ងរឡើង។
ចាប់តាំងពីឆ្នាំ ២០០៦ មក គឺមកដល់ពេលនេះ កូរ៉េខាងជើងបានបាញ់សាកល្បង កាំជ្រួចផ្លោង និង អាវុធនុយក្លេអ៊ែរ ចំនួន ២៥ លើកមកហើយដោយម្តងៗ ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ថែមលើនេះ អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មលើប្រទេសនេះ ក៏ជាង១០ លើកមកដែរ។
តែទោះយ៉ាងនេះក្តី លោក គីម ជុងអ៊ុន បានគំរាមធ្វើសង្គ្រាមដោយអាវុធនុយក្លេអ៊ែរ វាយប្រហារសហរដ្ឋអាមេរិក កំទេចប្រទេសជប៉ុន នឹង កូរ៉េខាងត្បូង។ ដោយសារតែមហិច្ចតាដូចនេះ ឧបទ្វីបកូរ៉េកំពុងតែរងគ្រោះ ទៅរកសង្គ្រាម យ៉ាងពិតប្រាកដ។ អ្នកជំនាញអាមេរិក ដួចជាអ្នកវិភាគបញ្ហាទំនាក់ទំនងបញ្ហាអន្តរជាតិ ជាច្រើន បានព្រមានថា នៅឆ្នាំ ២០១៨ សង្គ្រាមរវាងអាមេរិក និង កូរ៉េខាងត្បូងអាចនិង ផ្ទុះឡើង។
លោក គីម ជុងអ៊ុន មិនត្រឹមតែកោងកាចដាក់អន្តរជាតិដូចនេះទេ សូម្បីប្រជាជនរបស់លោក ឬ ក៏បងប្អូនសាច់ឈាមរបស់លោក ក៏ធ្លាប់ត្រូវបានលោក គីម ជុងអ៊ុន បញ្ជាឲ្យចាប់ដាក់គុក ឬ បាញ់សម្លាប់ចោល ដូចជា ឳពុកមារ របស់លោកជាដើម ។ ជាមួយគ្នានេះ ពលរដ្ឋរបស់លោក ដែលងើបប្រឆាំងរបបលោកត្រូវចាប់ខ្លួនធ្វើយកទៅធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ស្របពេលដែលការរំលោភសិទ្ធិមនុស្សក៏កាន់តែធ្ងនធ្ងរដែរ។
បើប្រៀបធៀបនឹងការដឹកមាំ របស់ជីតាឪពុករបស់លោក គឺរយៈ ពេលដែលលោក គីម ជុង អ៊ុនដឹកនាំនេះ បានធ្វើឲ្យពិភពលោកភ័យខ្លាចយ៉ាងខ្លាំង។
គីម ជុងអ៊ុន កាន់អំណាចនៅវ័យ ២៥ ឆ្នាំ ក្មេងជាងគេក្នុងចំណោមមេដឹកនាំផ្សេងៗក្នុងលោកពិភពលោក
ក្នុងចំណោមមេដឹកនាំ ៥៦ ប្រទេស ដែលគេហទំព័រ វីគីផេឌា (Wikipedia) គឺលោកគីម ជុង អ៊ុន ឡើងកាន់អំណាចនៅក្នុងវ័យយុវជន ពេលលោកអាយុ ២៥ ឆ្នាំ ដែលវ័យនេះពោរពេញដៅយថាមពល និងឆេវឆាវយ៉ាងខ្លាំង។
មានន័យថា វ័យនេះ បើ ងប់ងល់ នឹង រឿងអ្វីមួយហើយ គឺមិនអាចដកខ្លួនថយបានឡើយ។ ជាក់ស្តែង បញ្ហាកម្មវិធី អាវុធនុយ ក្លេអ៊ែរ លោក គីម ជុង អ៊ុន កាន់តែមានៈនឹងអន្តរជាតិដោយប្តេជ្ញាបង្កើនការផលិតអាវុធវប្រល័យលោកនេះកាន់តែខ្លាំងឡើងៗ ។
អ្វីដែលនាំឲ្យមេដឹកនាំវ័យក្មេងរូបនេះ មិនអាចទទួលយកបានសម្ពាធអន្តរជាតិ គឺ មហិច្ចតារបស់គាត់ចង់ក្លាយជាមេដឹកនាំ វ័យក្មេង ដឹកនាំប្រទេស ក្នុងភាពគ្រោះថ្នាក់ជានិច្ចហើយ ធ្វើឲ្យកូរ៉េខាងជើង ជារបបដែលជ្រុលនិយមខុសគេ។ ចំណែកឯមេដឹកនាំទៀត បើទោះកាន់អំណាចយូរក្តី តែពួកគេកម្រឈ្លោះជាមួយនឹងសហគមន៍អន្តរជាតិខ្លាំងណាស់។ តែយ៉ាងណាក្នុងចំណោមមេដឹកនាំទាំងនោះ គឺមេដឹកនាំខ្លះកាន់អំណាចយូរអង្វែងរហូតដល់ជាង ៣០ ឆ្នាំ ជាង ៤០ ឆ្នាំ ក៏មានដែរ។ ពួកគាត់ក៏រងការរិះគន់ខ្លាំង ៗ ចំពោះការរំលោភសិទ្ធិមនុស្សនិងការប្រើប្រាស់អំណាចហួសព្រំដែន។ សម្រាប់លោកគីមជុងអុនកាន់អំណាចបាន ៥ឆ្នាំហើយ។ តើលោកគីមជុងអ៊ុន អាចអស់អំណាចដោយប្រការអ្វី?
អត្ថបទដោយលោក នួន បូរិន