កញ្ញា ឡាយ ឌីនណា ជាយុវតីម្នាក់ក្នុងចំណោមយុវជនច្រើននាក់ទៀតនៅក្នុងខេត្តកំពង់ធំ ដែលបានបន្តការសិក្សានៅរាជធានីភ្នំពេញ។ មានទីកន្លែងកំណើតនៅភូមិកំពង់ក្របៅ ឃុំកំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កញ្ញា ឡាយ ឌីនណា បានក្លាយខ្លួនជាមន្រ្តីបណ្តុះបណ្តាលរបស់អង្គការក្តីករុណាមួយរូបនាពេលបច្ចុប្បន្ន។
ឌីនណា ជាកូនទីពីរក្នុងចំណោមបងប្អូនបីនាក់ក្នុងគ្រួសារ ដែលម្តាយឪពុកជាគ្រូបង្រៀន។ កញ្ញាបានចាប់ផ្តើមការងារដំបូងជាអ្នកធ្វើការងារស័្មគ្រចិត្តជួយកិច្ចការសង្គមតាមរយៈអង្គការសង្គមស៊ីវិលក្នុងស្រុក ចាប់តាំងពីចុងឆ្នាំ២០១២ ទន្ទឹមនឹងការសិក្សាឆ្នាំទី៣ នៅសាកលវិទ្យាល័យ។
អ្នកខេត្តកំពង់ធំ មានអាយុ ២៥ឆ្នាំរូបនេះ បានចំណាយពេលវេលាធ្វើការងារស្ម័គ្រចិត្តជាមួយនឹងអង្គការសង្គមស៊ីវិលផ្សេងៗយ៉ាងច្រើន ដោយផ្តោតទៅលើបញ្ហាសុខភាពយុវជន ការផ្សះផ្សាផ្លូវចិត្តជនរងគ្រោះក្នុងសម័យខ្មែរក្រហម ការកសាងសន្តិភាពសង្គម និងបញ្ហាលើកកម្ពស់សិទ្ធិស្ត្រីជាដើម។ “ការងារដែលខ្ញុំធ្វើភាគច្រើន គឺចុះទៅតាមបណ្តាខេត្តផ្សេងៗជួបប្រជាពលរដ្ឋនៅក្នុងសហគមន៍”។
និយាយបណ្តើរ ធ្វើកាយវិការពន្យល់បណ្តើរ អ្នកមានចំណូលចិត្តធ្វើការងារស្ម័គ្រចិត្តជួយសង្គមរូបនេះ បានឲ្យដឹងថា ទោះការងារទាំងនោះជួបបញ្ហាលំបាកយ៉ាងណាក៏ដោយ ក៏នាងព្យាយាមធ្វើកិច្ចការធ្វើមិនរាថយឡើយ។ តាមរយៈបទពិសោធន៍ធ្វើការងារស្ម័គ្រចិត្តនេះ បានធ្វើឲ្យកញ្ញា សម្រេចគោលបំណងការងារ និងមានជំហររឹងមាំក្នុងជីវិត ខណៈមានការគាំទ្រលើកទឹកចិត្តពីសមាជិកក្រុមគ្រួសារ និងមិត្តភក្តិរួមការងារ។
កញ្ញា ឡាយ ឌីនណា ៖ “ ខ្ញុំចង់ឲ្យម្តាយឪពុក អាណាព្យាបាលលើកទឹកចិត្តឲ្យកូនស្រីបន្តការសិក្សាឲ្យបានខ្ពស់ និងមានសិទ្ធិក្នុងការសម្រេចចិត្តក្នុងការងារផ្សេងៗ ហើយស្រ្តីខ្លួនឯងក៏ត្រូវបើកឱកាស បើកចិត្តទទួលធ្វើកិច្ចការអ្វីដែលខ្លួនកំពុងធ្វើ”។
អត្ថបទដោយ ម៉ៅ សំណាង