en     km
en     km

ក្រុមហ៊ុនជប៉ុន⁣ អារ៉ាខាវ៉ា វិនិយោគទឹកប្រាក់⁣ ៧០លានដុល្លារសង់លំនៅឋានលក់តម្លៃសមរម្យដល់ពលរដ្ឋ

Share

ភ្នំពេញ : ក្រុមហ៊ុនមួយរបស់ជប៉ុនឈ្មោះ អារ៉ាខាវ៉ា (ARAKAWA) បានសម្ពោធដំណើរការសាងសង់លំនៅឋានបែបខុនដូតម្លៃសមរម្យក្នុងទំហំទឹកប្រាក់វិនិយោគសរុប ៧០លានដុល្លារអាម៉េរិកសម្រាប់លក់ជូនប្រជាជនកម្ពុជា ។ អាគារខុនដូថ្មីនៈដំណើរការសាងសង់លើផ្ទៃដីជាង⁣ ១ម៉ឺនបីពាន់មែត្រក្រឡា មានទីតាំងនៅសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមការគ្រោងទុក លំនៅឋាននេះ មានតម្លៃចន្លោះពីរទៅបីម៉ឺនដុលារក្នុងមួយបន្ទប់ ឬមួយយូនីត (Unit) ។

ស្តាប់សំឡេងព័ត៌មាន៖

 

ដំណើរការសាងសង់អាគារឈ្មោះថា លំនៅឋានអារ៉ាខាវ៉ា បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ដោយមានវត្តមានលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម⁣ និងសំណង តំណាងស្ថានទូតជប៉ុន និងតំណាងទូតជាច្រើនទៀតនៅកម្ពុជា រួមនឹងប្រធានក្រុមហ៊ុន អារ៉ាខាវ៉ា ដែលបានចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនេះ ។

លោក⁣អាឡិច យ៉ាស៊ូម៉ូតូ⁣ អគ្គនាយកក្រុមហ៊ុនអារ៉ាខាវ៉ា មានប្រសាសន៍ថា ការសាងសង់លំនៅឋានឈ្មោះថា លំនៅ⁣ឋានអារ៉ាខាវ៉ានេះ ដោយសារក្រុមហ៊ុនមើលឃើញថាប្រជាពលរដ្ឋកម្ពុជាដែលមានប្រាក់ចំណូលទាប និងមធ្យម កំពុងត្រូវការភាពជាម្ចាស់កម្មសិទ្ធិលំនៅឋានផ្ទាល់ខ្លួនដែលមានតម្លៃសមរម្យ ទើបក្រុមហ៊ុនសម្រេចវិនិយោគសាងសងលំនៅឋានលក់ដល់ប្រជាពលរដ្ឋកម្ពុជា។

លោក⁣⁣ អាឡិច យ៉ាស៊ូម៉ូតូ⁣ ៖ “វាជាឱកាសដ៏វិសេសវិសាលមួយដែលយើងអាចចូលរួមជួយដល់សង្គមកម្ពុជា⁣ គោលបំណងចម្បងរបស់យើងគឺជួយកសាងលំនៅឋានសម្រាប់ប្រជាពលរដ្ឋមានចំណូលទាប និងមធ្យម⁣ តាមរយៈការការកសាងលំនៅឋានដែលមានតម្លៃសមរម្យ…”

អគ្គនាយកក្រុមហ៊ុនរូបនេះ បានបញ្ជាក់ថា ក្រុមហ៊ុនអារ៉ាខាវ៉ា បែងចែកការសាងសង់អាគារលំនៅឋានជាពីរដំណាក់ កាលមានរយៈពេលបីឆ្នាំ ដោយដំណាក់កាលទី១⁣សាងសង់ចំនួន ១០⁣អាគារ មានចំនួនពីរពាន់បន្ទប់ ឬពីពាន់យូនីត។⁣

ចូលរួមនៅក្នុងកម្មវិធីសម្ពោធសំណងអាគារ⁣លំនៅឋានអារ៉ាខាវ៉ានៅថ្ងៃនេះ លោក ចេង រិទ្ធី⁣ ពលរដ្ឋមួយរូបកំពុងសិក្សា និងបំពេញការងារនៅភ្នំពេញ បាននិយាយថា⁣ តាមរយៈគម្រោងរបស់ក្រុមហ៊ុន⁣⁣អារ៉ាខាវ៉ា លោកជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជារស់នៅទីក្រុងអាចទិញសម្រាប់ការស្នាក់នៅបាន ។⁣ លោក ចេង រិទ្ធី⁣ ៖⁣ “គិតថាវាមានប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរដែលចង់នៅផ្ទះស្អាត លំនៅឋានរបស់គេមានតម្លៃសមរម្យសម្រាប់ប្រជាជនដែលមានចំណូលទាប និងមធ្យមអាចទិញបានផ្ទះនេះ”

និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សិក្សាជំនាញគណិតវិទ្យា កញ្ញា រិទ្ធិ ដាវីន បាននិយាយថា កញ្ញាមានការ ព្រួយបារម្ភចំពោះគម្រោងសាងសង់លំនៅឋានអារ៉ាខាវ៉ានេះ ប៉ុន្តែកញ្ញាយល់ថា⁣ ការវិនិយោគ ឬការសាងសង់មានការចូលក្រសួងពាក់ព័ន្ធ បណ្តាស្ថានទូតនានានៅកម្ពុជា នោះផលប្រយោជន៍នឹងបានដល់ប្រជាពលរដ្ឋពិតប្រាកដ ។⁣ កញ្ញា រិទ្ធិ ដាវីន ៖⁣ “ពេលខ្លះវាមានការភ័យព្រួយដែរ ប៉ុន្តែសម្រាប់គម្រោងខ្លះមានភាពច្បាស់លាស់⁣ដែលអាចឱ្យយើងទុកចិត្តបាន យ៉ាងហោចណាស់ក៏ប៉ែតសិបភាគរយដែរ…”

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែលដី នគរូបនីយកម្ម និងសំណង់ បានចូលរួមក្នុងកម្មវិធីបើការដ្ឋានសាងសង់នេះ មានប្រសាសន៍ថា⁣ ការសងសង់លំនៅឋានមានតម្លៃសមរម្យរបស់ក្រុមហ៊ុនអារ៉ាខាវ៉ា ជាការចូលរួមជួយដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលមានចំណូលទាបនិងមធ្យម ឱ្យមានលំនៅឋានរស់នៅក្នុងទីក្រុង សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក ⁣ជា សុផារ៉ា ៖ គម្រោងដែលមានតម្លៃសមរម្យ⁣មានន័យពិតប្រាកដថា⁣ បំពេញទឹកចិត្តបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការដែលមានលទ្ធភាពចំណូលទាបនឹងមធ្យម បើសិនជាមានប្រាក់សមរម្យអាចមកសួរនាំបាន…⁣ ឱ្យតែគម្រោង ដែលផ្តល់នូវផលប្រយោជន៍ និងក្តីសង្ឃឹមសម្រាប់បងប្អូនប្រជាពលរដ្ឋគឺខិតខំបំពេញជូនប្រជាពលរដ្ឋ⁣និងក្រុមហ៊ុន ឱ្យតែមានសំណូមពរ…។”⁣

លោករដ្ឋមន្ត្រីក្រសួងដែនដី បានឱ្យដឹងថា ក្រៅពីលំនៅឋានអារ៉ាខាវ៉ានៅសង្កាត់ទឹកថ្លា រហូតមកដល់ពេលនេះ កម្ពុជាបានសាងសង់អាគារតម្លៃសមរម្យលក់ជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការមានពីរទីតាំងទៀត មួយនៅ⁣ជិតក្រុងតាខ្មៅ និង នៅតាមបណ្តោយជាតិលេខប្រាំ។ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យក្រុមហ៊ុនវិនិយោគទុនបរ ទេសលើវិស័យសំណង់ ចូលមកវិនិយោគនៅកម្ពុជាផងដែរ។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនជប៉ុន អារ៉ាខាវ៉ា ក្រៅពីការចាប់ផ្តើមសាងសង់លំនៅឋានលក់ក្នុងតម្លៃសមរម្យនៅតំបន់ទឹកថ្លា ក្រុមហ៊ុនបានសហការជាមួយនឹងក្រសួងដែលដី នគរូបនីយកម្ម និងសំណង់⁣ បានដោះស្រាយផ្តល់សំណងវិនិយោគអាគារប៊ូលឌីញក្នុងពេលកន្លងទៅដល់ពលរដ្ឋ។ ក្រុមហ៊ុននេះ មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ២០០៨  បានកសាងអាគារ⁣ Bellevue Serviced Apartment មានទីតាំងនៅត្រើយខាងកើតនៃស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ។

អត្ថបទដោយលោក ម៉ៅ សំណាង (Mao Samnang)

Share

Image
Image
Image