en     km
en     km

អង្គការ ​WCS​ ដំឡើង​ផ្ទាំង​រូបភាព​សត្វ​ក្រពើ​ត្រី​ ដើម្បី​អំពាវនាវ​ពលរដ្ឋ​ឲ្យ​ចូលរួម​អភិរក្ស​

Share

​ភ្នំពេញ​ ៖​ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ ហៅ​កាត់​ថា​ WCS​ នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​នេះ​ បាន​ចាប់ផ្ដើម​ដំឡើង​ផ្ទាំង​រូបភាព​សត្វ​ក្រពើ​ត្រី​ នៅ​ក្នុងស្រុក​ស្រែអំបិល​ ខេត្ដកោះកុង​ ជា​ជំហាន​ដំបូង​ដើម្បី​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​ចូលរួម​ថែម​រក្សា​ និង​អភិរក្ស​ប្រភេទ​សត្វ​ក្រពើ​នេះ​ ដែល​កំពុង​បាត់​វត្ដមាន​ក្នុង​ព្រៃ​ធម្មជាតិ​កម្ពុជា​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖

សត្វក្រពើត្រី

​តាម​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ថា​ ការ​រៀបចំ​ដំឡើង​ផ្ទាំង​រូបភាព​នេះ​ គឺ​ក្នុង​បំណង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ បានដឹង​អំពី​សត្វ​ក្រពើ​ត្រី​ ដែល​ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកលលោក​ និង​លើកទឹកចិត្ដ​ឲ្យ​ពួក​គាត់​ចូលរួម​ថែរក្សា​ និង​ការពារ​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​នេះ​ ដោយ​កុំ​បំផ្លាញ​ទីជម្រក​ពង​កូន​ កុំ​ប្រមូល​យក​ពង​ ឬ​កូន​ ទៅ​លក់​ និង​បញ្ឈប់​សកម្មភាព​ប្រមាញ់​លើ​ប្រភេទ​សត្វ​ នេះ​។​ ​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ ៖«​ជា​ជំ​ហ៊ាន​ដំបូង​យើង​ចង់​យក​ទៅ​ដាក់​តាម​ទីតាំង​ ដើម្បី​យើង​ផ្សព្វផ្សាយ​ទៅ​ដល់​សហគមន៍​ថា​ ក្រពើ​ហ្នឹង​ជា​ប្រភេទ​ជិត​ផុត​ពូជ​ សុំ​ឲ្យ​គាត់​ប្រសិនបើ​ឃើញ​ ឲ្យ​រាយការណ៍​មក​ខាងយើង​ ឬ​ក៏​គាត់​បញ្ឈប់​សកម្មភាព​ប្រមូល​ពង​កូន​ អី​អ​ញ្ចឹ​ង​»​។​
​មន្ត្រី​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ​ WCS​ ឲ្យ​ដឹង​បន្ថែម​ថា​ សត្វ​ក្រពើ​ត្រី​ មាន​ប្រមាណ​មិន​ដល់​ ១០​ក្បាល​នោះ​ទេ​ ដែល​កំពុង​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​នា​ខេត្ដកោះកុង​។​ អង្គការ​អភិរក្ស​សត្វព្រៃ​មួយ​នេះ​ បង្ហាញ​ក្ដី​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ចំនួន​សត្វ​ក្រពើ​ត្រី​ ដែល​នៅ​តែ​មាន​តិច​ក្នុង​ធម្មជាតិ​ដូចនេះ​។​

​លោក​ អេ​ង​ ម៉េ​ង​អ៊ី​ បន្ដ​ទៀត​ថា​ បើ​ទោះបីជា​កន្លង​មក​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ដើម្បី​ផ្សព្វផ្សាយ​ និង​អប់រំ​ពលរដ្ឋ​ ឲ្យ​ចូលរួម​អភិរក្ស​សត្វព្រៃ​ដ៏​កម្រ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ក្ដី​ ក៏​ប៉ុន្ដែ​សកម្មភាព​លួច​បរបាញ់​ ឬ​ការ​យក​ពង​របស់​វា​ មក​លក់​ គឺ​នៅ​តែ​កើត​មាន​។​ មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ ក្នុង​សហគមន៍​បន្ដសកម្មភាព​លួច​បរបាញ់​ប្រភេទ​សត្វ​ល្មួ​ន​ និង​សត្វ​ស្លាប់​នេះ​ គឺ​ដោយសារ​តែ​តម្រូវការ​ ផ្លូវ​ងងឹត​នៅ​តែ​មាន​។​

​លោក​ អ៉េ​ង​ ម៉េ​ង​អ៊ី​ យល់​ថា​ បើ​សកម្មភាព​លួច​បរបាញ់​សត្វព្រៃ​នៅ​កម្ពុជា​ចេះ​តែ​បន្ដ​ មិនយូ​ប៉ុន្មាន​ទេ​វត្ដមាន​សត្វព្រៃ​ដ៏​កម្រ​លើ​សាកលលោក​ ហើយ​មាន​វត្ដមាន​ខ្លះៗ​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ​នឹង​អស់​តែ​ម្ដង​។​ លោក​ អេ​ង​ ម៉េ​ង​អ៊ី​ ៖«​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ យល់​ពី​សារៈសំខាន់​សត្វព្រៃ​ ព្រោះ​ថាបើ​យើង​និយាយ​ទៅ​កាន់តែ​កម្រ​ទៅ​ ចំនួន​វា​កាន់តែ​តិច​ទៅៗ​ប្រសិនបើ​យើង​អត់​ថែរក្សា​ ឬ​ក៏​ការពារ​ឲ្យ​បាន​ល្អ​ទេវា​នឹង​ត្រូវ​ផុត​ពូជ​ថ្ងៃ​ណាមួយ​។​ អ​ញ្ចឹ​ង​សំណូមពរ​ឲ្យ​ពួក​គាត់​បញ្ឈប់​ការ​ទិញ​ ក៏​បរិភោគ​សាច់សត្វ​ព្រៃ​ ហើយ​បើសិនជា​អាច​ឲ្យ​គាត់​ជួយ​អប់រំ​ដល់​មិត្ដភក្ដិ​ ក៏​ដូច​ជា​កូន​ ឬ​គ្រួសារ​ អំពី​សារសំខាន់​របស់​សត្វព្រៃ​ ហើយ​ចូលរួម​សកម្មភាព​ផ្សេងៗ​ការពារ​សត្វព្រៃ​»​។​

​សត្វ​ក្រពើ​ត្រី​ គឺជា​ប្រភេទ​សត្វ​ល្មួ​ន​ ស្ថិត​ក្នុង​បញ្ជី​ក្រហម​របស់​អង្ក​ការ​ IUCN​ ជា​ប្រភេទ​សត្វ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត​ នៅ​លើ​សាកលលោក​ ខណៈ​ចំនួន​របស់​វា​នៅ​តែ​បន្ដ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​។​ សត្វ​ក្រពើ​ត្រី​ តាម​កំណត់​ត្រា​ គឺ​មាន​រស់នៅ​តែ​ក្នុង​ប្រទេស​កម្ពុជា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ថៃ​ និង​ប្រ​ទេ​វៀតណាម​ តែ​ប៉ុណ្ណោះ​។​ បច្ចុប្បន្ន​នេះ​ចំនួន​របស់​សត្វ​ក្រពើ​ត្រី​ មាន​ប្រមាណ​ត្រឹមតែ​ ៤១០​ក្បាល​ប៉ុណ្ណោះ​ នៅ​លើ​សាកលលោក​៕​

Share

Image
Image
Image