ភ្នំពេញ ៖ កម្ពុជាកំពុងរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ដែលបានបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយស្ទើរពេញផ្ទៃប្រទេសកម្ពុជា ដែលជាហេតុនាំឲ្យខេត្ដភាខាងកើតកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។ អភិបាលខេត្ដស្វាយរៀង អះអាងថា ទឹកភ្លៀងមិនទាន់បង្កបញ្ហាអ្វីដល់ផលដំណាំកសិករឡើយ។
ភ្លៀងនឹងនៅតែបន្ដធ្លាក់រាយប៉ាយស្ទើរពេញផ្ទៃប្រទេសកម្ពុជា ដែលបណ្ដាលឲ្យរាជធានី-ខេត្ដ ចំនួន ៣ ប្រឈមនឹងជំនន់ទឹកភ្លៀង នេះបើយោងតាមអ្នកនាំពាក្យក្រសួងធនធានទឹក។
លោក ចាន យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានឲ្យវិទ្យុស្ដ្រីអេហ្វអឹម១០២ ដឹងនៅថ្ងៃទី១៦ ខែតុលា នេះថា ភ្លៀងនៅតែបន្ដធ្លាក់ ប៉ុន្ដែក្នុងកម្រិតមួយមិនបង្កជាបញ្ហាធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋនោះទេ។ តែយ៉ាងណាលោកបង្ហាញក្ដីព្រួយបារម្ភជុំវិញខេត្ដនៅភាគខាងកើត ដែលមានដូចជា ខេត្ដព្រៃវែង ខេត្ដត្បូងឃ្មុំ និងផ្នែកខ្លះ នៃខេត្ដស្វាយរៀង កំពុងរងលិចលង់ដោយសារជំនន់ទឹកភ្លៀង។ លោក ចាន់ យុត្ថា ៖«ដូចដែលខ្ញុំបានបញ្ជាក់ជូន ទំនាបកណ្ដាលភាគខាងកើតជាពិសេស ព្រៃវែង ស្វាងរៀង និងបណ្ដាខេត្ដមួយចំនួនជាប់ព្រំដែនវៀតណាមនេះអាចនឹងទទួលទឹកភ្លៀង បើទោះជាមិនច្រើន ក្នុងកម្រិតបង្គួរក៏យើងបារម្ភដែរព្រោះអីវាមានជំនន់រួចស្រេចទៅហើយ ហើយយើងកំពុងមានវិធនាការរំដោះចេញនេះបាទ»។
តែយ៉ាងណាលោក ចាន់ យុត្ថា ក៏នៅតែមានសំណូមដល់ពលរដ្ឋឲ្យនៅតែបន្ដប្រុងប្រ័ត្នជាប់ជានិច្ចករណីមានភ្លៀងខ្លាំង និងការធ្វើដំណើរតាមសមុទ្រគួរជៀសវាងដើម្បីបង្កាបញ្ហាគ្រោះថ្នាក់ផ្សេងៗ។
ជាងនេះអ្នកនាំពាក្យក្រសួងធនធានទឹកបន្ដថា ក្រៅពីបណ្ដាខេត្ដភាគខាងកើតជាប់និងប្រទេសវៀតណាមដែលមានទឹកលិចហើយ នៅរាជធានីភ្នំពេញ ក៏មានទឹកលិចផងដែរ នៅតំបន់ក្បែរនិងសាលាក្ដីខ្មែរក្រហមក៏ប៉ុន្ដែក្រសួងធនធានទឹក សហការជាមួយអភិបាលរាជធានី បានរំដោះទឹកទាំងនោះចេញរូចហើយរាល់ហើយ។
ជុំវិញជំនន់ទឹកភ្លៀងនេះ តាមអភិបាលខេត្ដស្វាយរៀងលោក ម៉ែន វិបុល បានប្រាប់ឲ្យដឹងថា ទឹកបានលិចនៅតំបន់មួយចំនួនក្នុងខេត្ដ ក៏ប៉ុន្ដែមិនបានបង្កជាផល់ប៉ះពាល់ធ្ងន់ធ្ងរដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងខេត្ដនេះឡើយ ។ លោកអភិបាលខេត្ដគិតថា ទឹកនឹងស្រកទៅវិញត្រឹមថ្ងៃស្អែក ឬខានស្អែក ប្រសិនបើគ្មានភ្លៀងធ្លាក់បន្ដមកទៀត។
លោក ម៉ែន វិបុល ៖«វាដូចពុំមានអីលិច ប៉ុន្មានទេ វានៅតាមហ្នឹងទាំងអស់ខ្ញុំឲ្យក្រុង ស្រុករាយការណ៍មកហ្នឹង គ្រាន់តែថា សន្ទូងទឹកវាច្រើនប៉ុណ្ណឹង តែវាមិនទាន់ខូចខាតអីទេ ហើយបើអត់ភ្លៀងថ្ងៃហ្នឹង ខានស្អែកអី វាស្រកទៅ លឿនទេ»។
យោងតាមសេចក្ដីជួនដំណឹងរបស់ក្រសួងធនធានទឹក បញ្ជាក់ថា ភ្លៀងនឹងបន្ដធ្លាក់ដល់ថ្ងៃទី២២ ខែតុលា ដែលនាំឲ្យទឹកទន្លេហក់ឡើងខ្ពស់ជាថ្មីទៀត៕