en     km
en     km

សិស្ស​និទ្ទេស​A​ ​ក្រើនរំលឹក​ដល់​សិស្ស​ជំនាន់​ក្រោយ​ឲ្យ​យល់​ពី​តម្លៃ​នៃ​សញ្ញាបត្រ​បាក់​ឌុ​ប​

Share

ភ្នំពេញ៖ ​បន្ទាប់​ពី​បញ្ចប់​កិច្ច​សំណេះសំណាល​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ នៅ​ឯ​វិមាន​សន្តិភាព​ ព្រឹក​ថ្ងៃ​ទី​ ១៥​ខែ​ កញ្ញា​នេះ​ បេក្ខជន​ដែល​ទើបតែ​ជាប់​និទ្ទេស​A​ បាន​បង្ហាញ​មតិយោបល់​មួយ​ចំនួន​អំពី​វិធី​សាសន៍​រៀន​ឲ្យ​ពូកែ​ ជា​ពិសេស​បាន​ក្រើនរំលឹក​ដល់​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ ឲ្យ​យល់​ដឹង​អំពី​តម្លៃ​នៃ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​បាក់​ឌុ​ប​។​

 «​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ ដែល​មាន​កិត្តិយស​ មានឱកាស​ជួប​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​»​។​ នេះ​ជា​ការ​លើក​ឡើង​របស់​យុវតី​ សៀ​ក​ បូរ​ណ៌​មី​ ដែល​ទើបតែ​ជាប់​និ​ទេ្ទ​ស​A​ នៅ​ឆ្នាំ​សិក្សា​ ២០១៤-២០១៥​នេះ​។​

​បូរ​ណ៌​មី​ មាន​អាយុ​ ១៨​ឆ្នាំ​ រៀន​នៅ​វិទ្យាល័យ​ សម្តេច​ហ៊ុន​ សែន​ ភ្នំពេញ​ថ្មី​ បាន​ផ្តល់​ជា​គំនិត​មួយ​ចំនួន​ជូន​ដល់​សិស្ស​ប្អូន​ចំនាន់​ក្រោយ​ឲ្យ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឲ្យ​អស់ពី​សមត្ថភាព​។​ យុវតី​ដែល​រៀន​ជាប់​លេខ​១​តាំងពី​ថ្នាក់​បឋម​រូប​នេះ​ បាន​ក្រើនរំលឹក​ដល់​សិស្សានុសិស្ស​ជំនាន់​ក្រោយ​ ត្រូវ​យល់​ដឹង​ និង​ឲ្យ​តម្លៃ​ខ្ពស់​ ចំពោះ​សញ្ញាបត្រ​មធ្យមសិក្សា​ទុក​តិ​យ​ភូមិ​ ឬ​បាក់​ឌុ​ប​ ។​

150915-sophal news -01​ជាង​នេះ​ទៀត​ បូរ​ណ៌​មី​ បាន​ប្រាប់​ពី​គ​ន្លិះ​ខ្លះៗ​ ដើម្បី​សិក្សា​ឲ្យ​បាន​ពូកែ​យ៉ាង​ដូច្នេះ​ថា​ «​តាម​ពិត​ទៅ​ការ​រៀន​ពូកែ​ មិនមែន​រៀន​តែ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​យើង​អាច​ពូកែ​បាន​ទេ​ គឺ​យើង​ត្រុ​វ​តែ​ប្រឹងប្រែង​តាំងពី​ដើមឆ្នាំ​រហូត​ដល់​បច្ចុប្បន្ន​ គឺថា​ជា​រៀន​រាល់ថ្ងៃ​យើង​ត្រូវ​តែ​រៀន​ ពី​ឡើង​យើង​រៀន​ជាមួយ​គ្រូ​ដោយ​យកចិត្តទុកដាក់​ ហើយ​យើង​ត្រូវ​ស្រាវជ្រាវ​រក​ឯកសារ​ដែល​ធ្លាប់​ប្រឡង​ពី​មុនៗ​មក​ ដើម្បី​ធ្វើ​លំ​ហាត់​ខ្លួនឯង​នៅផ្ទះ​ ដោយឡែក​រៀន​នៅផ្ទះ​ យើង​ត្រូវ​ដាក់​កម្មវិធី​ខ្លួនឯង​ថា​ ថ្ងៃ​នឹង​ត្រូវ​រៀន​អី​ ហើយ​ស្អែក​ត្រូវ​រៀន​អី​ ហើយ​នៅ​ពេល​មុន​ប្រឡង​មួយ​ខែ​ត្រូវ​រំលឹក​ឡើង​វិញ​ »​។​

​ចំណែក​សិស្ស​និទ្ទេស​A​ ម្នាក់​ទៀត​មក​ពី​ខេត្តកំពង់ស្ពឺ​ យុវតី​ វ៉ែន​ មុំ​ម៉ូ​លី​តា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​ បេក្ខជន​ជាប់​និទ្ទេស​A​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​។​ ម៉ូ​លី​តា​ មាន​មោទនភាព​ និង​រំភើបចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ដឹង​ថា​ខ្លួន​ជាប់​និទ្ទេស​A​ តែ​ម្នាក់​គត់​ តំណាង​ឲ្យ​ខេត្តកំពង់ស្ពឺ​ទាំងមូល​ដូច្នេះ​។​
​ម៉ូ​លី​តា​ បាន​ចែករំលែក​បទ​ពិសោធន៍​ដែល​ខ្លួន​ធ្លាប់​ឆ្លងកាត់​យ៉ាង​ដូច្នេះ​ថា​ «​ចំពោះ​ការ​រៀន​ច្រើន​តែ​មាន​ឧបសគ្គ​កើតឡើង​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​ធ្វើ​លំ​ហាត់​ណាមួយ​ដែល​មានការ​ពិបាក​ខ្លាំង​ យើង​ត្រូវ​ទាមទារ​ឲ្យ​យើង​ចេះ​អត់ធ្មត់​ប្រឹងប្រែង​ធ្វើ​វា​បន្ត​ទៀត​…​។​ ខ្ញុំ​តែងតែ​សុំ​បទ​ពិសោធន៍រ​បស់បងៗ​ជំនាន់​មុន​ឲ្យ​គាត់​ជួយ​ពន្យល់​ អំពី​បទ​ពិសោធន៍​របស់​គាត់​ធ្វើ​ម៉េច​ឲ្យ​រៀន​ពូកែ​ និង​អាច​ប្រឡង​ជាប់​ »​។​

​បើ​ទោះបីជា​ខ្លួន​បាន​ជាប់​និទ្ទេស​A​ក៏​ដោយ​ ប៉ុន្តែ​នៅ​តែ​មិន​ភ្លេច​មិត្តភក្តិ​ដែល​ធ្លាក់​ការ​ប្រឡង​នោះ​ទេ​។​ យុវជន​ វង្ស​ ស៊ុន​ណា​រិ​ទ្ធ​ សិស្ស​និទ្ទេស​A​ មក​ពី​ខេត្តបន្ទាយមានជ័យ​ លើកទឹកចិត្ត​ដល់​មិត្ត​រួម​ជំនាន់​ និង​សិស្សានុសិស្ស​ ដែល​បរាជ័យ​ក្នុង​ការ​ប្រឡង​នៅ​ឆ្នាំ​នេះ​ថា​ មិន​ត្រូវ​អស់សង្ឃឹម​ឡើយ​ ត្រូវ​តែ​ព្យាម​យាម​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​ប្រឡង​ជាប់​នៅ​ឆ្នាំ​ក្រោយ​។​ ស៊ុន​ណា​រិ​ទ្ធ​ បន្ថែម​ថា​ «​ សម្រាប់​ឆ្នាំ​នេះ​ លទ្ធផល​ឃើញ​មាន​អ្នក​ជាប់​មាន​អ្នក​ធ្លាក់​ ដូច្នេះ​សូម​លើកទឹកចិត្ត​ឲ្យ​អ្នក​ធ្លាក់​ សូមកុំ​បាក់ទឹកចិត្ត​ ព្យាយាម​សិក្សា​រៀនសូត្រ​ឡើង​វិញ​…»​។​

​សូម​បញ្ជាក់​ថា​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ផ្តល់​ជំនួយ​ផ្ទាល់​របស់​លោក​ ជូន​ដល់​សិស្ស​ដែល​ជាប់​និទ្ទេស​A​ ទាំង​ ១០៨​នាក់​ នៅ​ឆ្នាំ​នេះ​ រួម​មាន​៖​ ថវិកា​ក្នុង​ម្នាក់ៗ​ ២​លាន​រៀល​ Samsung​ Tablet​ ម្នាក់​មួយ​គ្រឿង​ កាក់​ប្រាក់​មួយ​ រួម​ទាំង​សៀវភៅ​មួយ​ក្បាល​ទុកជា​អនុស្សាវរីយ៍​ ជា​ពិសេស​ផ្តល់​អាហារ​រូបករណ៍​ឲ្យ​ពួក​គេ​សិក្សា​នៅ​តាម​សកល​វិទ្យាល័យ​នានា​ ក្នុង​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

​ចំណែក​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ លោក​ ហ៊ុន​ ម៉ា​នី​ មាន​ប្រសាសន៍​ក្រោយ​បញ្ចប់​កិច្ច​សំណេះសំណាល​នេះ​ថា​ ប្រសិនបើ​សិស្ស​ដែល​ជាប់​និទ្ទេស​A​ទាំងអស់​ចាប់អារម្មណ៍​ចង់​ចូលរួម​ជួយ​ការងារ​សង្គម​ ជាមួយ​សហភាព​សហព័ន្ធ​របស់​លោក​ លោក​ស្វាគមន៍​ជា​និច្ច​។​

Share

Image
Image
Image