en     km
en     km

សម្តេច ហ៊ុន សែន ព្រមាន​សង្គមស៊ីវិល​អំពី​របាយការណ៍ស្តីពីការបោះឆ្នោត

Share

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នៅថ្ងៃនេះ បានបញ្ចេញប្រតិកម្មខ្លាំងៗទៅគណបក្សប្រឆាំង និងបណ្តុំអង្គការនៃបន្ទប់ស្ថានការបោះឆ្នោត ដោយព្រមានចាត់វិធានការណ៍តាមផ្លូវច្បាប់។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ប្រភពរូបភាព៖
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ប្រភពរូបភាព៖ facebook

យ៉ាងណាសង្គមស៊ីវិលយល់ថា ប្រតិកម្មរបស់នាយករដ្ឋមន្រ្តីនេះ គឺ មិនសម ហេតុផលនោះទេ។ ចំណែកមន្រ្តីបក្សប្រឆាំងមិនឆ្លើយតបការលើកឡើងនេះទេ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានព្រមានខ្លាំងៗនៅថ្ងៃ ចន្ទ័ នេះថា សម្តេចនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្រុមអង្គការសង្គមសីវិលនៃបន្ទប់ស្ថានការបោះឆ្នោតដែលមានសមាជិកជាង៤០ អង្គការ។

ការព្រមានរបស់សម្តេច ហ៊ុន សែន ក្រោយពីអង្គការទាំងនោះចេញរបាយការណ៍រួមគ្នាដោយបរិហារពីភាពមិនក្រក្រតីមួយចំនួនដែលបានកើតឡើងក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ័មួយក្នុងរាជធានីភ្នំពេញ សម្តេចហ៊ុន សែន ក៏ឆ្លៀតព្រមានដល់គណបក្សនយោបាយមួយផងដែរ។ គណបក្សនយោបាយនោះដែលទំនងជាសម្តេចសំដៅទៅរកគណបក្សប្រឆាំង។

សម្ដេច ហ៊ុន សែន ៖ «បែរជាបក្សនយោបាយមួយ និងអង្គការក្រៅរដ្ឋាភិបាលមួយ ដែលគេហៅថាបន្ទុកស្ថានការណ៍ ល្មមៗបានហើយអស់លោក ខ្ញុំក៏ដឹងដែរ ថាអស់លោករៀបចំផែនការអាក្រក់អាក្រៃណាស់។ ហើយខ្ញុំថ្កោលទោសអ្នកដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ការធ្វើចារកម្មនៅលើទឹកដីកម្ពុជាក៏ត្រូវបានចាប់មកផ្តន្ទាទោសមិនថាអ្នកឯងជាជនជាតិណាទេ»។

កាលពីថ្ងៃសៅរ៍ទី ២៤ មិថុនា បណ្តុំអង្គការនៃបន្ទប់ស្ថានការណ៍បោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧  បានចេញសេចក្តីថ្លែងការវាយតម្លៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ នេះថា «ខ្វះយុត្តិធម៌ និងមានការរឹតត្បិតសេរីភាពបញ្ចេញមតិ»។

របាយការណ៍រកឃើញថា មុនថ្ងៃបោះឆ្នោត មានបញ្ហាមួយចំនួន បានកើតឡើង ដូចជា បរិយាកាសដែលមានការគាបសង្កត់ខាងនយោបាយ ហរិញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះសមធម៌ និងតម្លាភាព ទីលានប្រជែងនយោបាយ។ ចំណែក ការប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញក៏មានស្តង់ដារពីរផងដែរ។

លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា និកហ្វិក ។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ថា និកហ្វិក ។

លោក សម គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC) និងជាសមាជិកនៃបន្ទប់ស្ថានការណ៍ និយាយថា ប្រតិកម្មរបស់សម្តេចនាយករដ្ឋមន្រ្តីនេះ គឺមិនសមហេតុផលនោះទេ។

លោកបន្តថា បន្ទប់ស្ថានការណ៍បានទទួលស្គាល់ដំណើរការនៃការបោះឆ្នោតនេះ ថាមានភាពល្អប្រសើរ។ តែបន្ទប់ស្ថានការណ៍រកឃើញភាពមិនប្រក្រតីខ្លះជុំវិញការបោះឆ្នោតនេះ ដែលស្នើឱ្យភាគីពាក់ព័ន្ធកែលម្អតែប៉ុណ្ណោះ។

លោក សម គន្ធាមី ៖ «យើងគាំទ្រដំណើរការបោះឆ្នោតហ្នឹង ថាប្រព្រឹត្តទៅរលូន សន្តិវិធី ការប្រកាសលទ្ធផលអាចទទួលយកបាន យើងអត់មានបដិសេធទេ។ គ្រាន់តែក្នុងហ្នឹងវាមានភាពមិនប្រក្រតីតិចតួចកើតឡើងអំឡុងពេលឃោសនា នៅថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោតខ្លះ តែវាមិនជះឥទ្ធិពលខ្លាំងដែលប៉ះពាល់ដល់ដំណើរការបោះឆ្នោតទាំងមូលនោះទេ»។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។រូបតំណាង
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។រូបតំណាង

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មិនឆ្លើយតបចំពោះការលើកឡើងរបស់សម្តេច ហ៊ុន សែន នេះទេ។

លោក យឹម សុវណ្ណ៖«ការបញ្ចេញមតិយ៉ាងម៉េច ជាសិទ្ធិរបស់គាត់ ឱ្យគាត់បញ្ចេញមតិទៅ។ ឥឡូវនេះ ខាងគាត់ធ្វើការងារខាងគាត់ ខាងពួកខ្ញុំធ្វើការងារខាងខ្ញុំ»។

សូមបញ្ជាក់ថា ការព្រមានរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជាផ្លូវការ។

លទ្ធផលនោះ បង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់សម្តេចទទួលបានអសនៈមេឃុំចៅសង្កាត់ចំនួន ១១៥៦ ក្នុងចំណោមឃុំសង្កាត់សរុបចំនួន១៦៤៦ នៅទូទាំងប្រទេស។ ចំណែកឯគណបក្សសង្គ្រោះជាតិទទួលបានអសនៈមេឃុំចៅសង្កាត់ចំនួន ៤៨៩ និងគណបក្សខ្មែររួបរួមជាតិរបស់លោកញ៉ឹក ប៊ុន ឆៃ បានអសនៈមេឃុំចំនួន ១ ។

ភ្លាមៗគណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍អបអរសាទរលទ្ធផលបោះឆ្នោតនេះ។

នៅព្រឹកថ្ងៃ ចន្ទ នេះដែរ សម្តេច ហ៊ុន សែន បានថ្លែងសាទរចំពោះលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់នេះ ដោយផ្ទាល់មាត់ ហើយកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ន គ.ជ.ប និងកងកម្លាំងប្រដាប់អាវុធ ដែលបានធ្វើឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តដោយមានរលូន និងអាចទទួលយកបាន៕

Share

Image
Image
Image