en     km
en     km

ទស្សនៈសង្គមស៊ីវិល​​ អំពីស្ថានការ​ណ៍នយោបាយកម្ពុជាទៅរកការបោះឆ្នោតឆ្នាំ២០១៨

Share

រយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ សង្រ្គាមពាក្យសម្ដីរវាង លោកសមរង្ស៊ីនិងសម្ដេចហ៊ុន បន្តកើតមាន។ អ្វីដែលនាំឱ្យ មានការវាយប្រហារដូចនេះ បន្ទាប់ពីលោកសមរង្ស៊ី វាយប្រហារសម្ដេចហ៊ុនសែនថា ជាមេដឹកនាំកំសាក មិនហ៊ានឱ្យគាត់ចូលមកវិញ។ ភ្លាមៗ សម្ដេចហ៊ុន បានបើកច្រកឱ្យលោកសមរង្ស៊ីចូល តែ ត្រូវចូលពន្ធនាគារជាមុនសិន ។  តែសង្គមស៊ីវិលដែលតាមស្ថានការណ៍នយោបាយ មើលឃើញថា ភាពតានតឹងនេះ នឹងមិនប៉ះពាល់ដល់ដល់ដំណើរបោះឆ្នោតជាតិនៅឆ្នាំក្រោយនេះឡើយ។

នាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្តាំ)។
នាយករដ្ឋមន្រ្តី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្តាំ)។

ខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តកាលពីឆ្នាំ២០១៣ ដែលគេសង្កេតឃើញថាក្រោយការបោះឆ្នោតស្ថានការនយោបាយឡើងកម្ដៅខ្លាំង។ ក្រោយការបោះឆ្នោតជ្រើសរើសឃុំសង្កាត់នេះ ស្ថាននយោបាយហាក់ស្ងប់ស្ងាត់ មិនមានភាពតានតឹងដូចមុនការបោះឆ្នោតនោះឡើយ។

តើសង្គមស៊ីវិលមួយចំនួនសង្កេតឃើញស្ថានការណ៍នយោបាយប្រែប្រួលដូចម្តេច នៅក្រោយការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧?

ការឆ្លើយឆ្លងគ្នា រវាងសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និងអតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី ការប្តឹងរបស់គណបក្សនយោបាយមួយទៅលើគណបក្សនយោបាយមួយទៀត និងការប្តឹងប្រធានគណបក្សមួយពីប្រជាជនពលរដ្ឋ។ នេះជាការសង្កេតឃើញរបស់លោក អំ សំអាត មន្រ្តីជាន់ខ្ពស់នៃអង្គការលីកាដូ នៅក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

មន្រ្តីសិទ្ធិមនុស្សរូបនេះ មិនបានសង្កេតឃើញបញ្ហាផ្សេងទៀតដែលធ្វើឱ្យស្ថានការណ៍នយោបាយនៅក្រោយការបោះឆ្នោតការបោះឆ្នោតមានភាពតានតឹងនោះទេ។

លោកបញ្ជាក់ថា ការឆ្លើយឆ្លើយគ្នារវាង សម្តេចហ៊ុន សែន និងលោក សម រង្ស៊ី អាចបង្កឱ្យមានភាពអាប់អួរនយោបាយបន្តិចបន្តួច តែមិនបានប៉ះពាល់ធ្ងន់ធ្ងរនោះទេគឺ ដោយសារលោក សម រង្ស៊ី មិនមែនជាប្រធានគណបក្សសង្រ្គោះជាតិដូចមុន។

លោក អំ សំអាត ៖«ប៉ុន្តែអ្វីដែលជាបញ្ហាសំខាន់ហ្នឹងគឺ ឯកត្តម សមរង្ស៊ី គាត់ចង់មកប្រទេសកម្ពុជា ហើយបញ្ហាមួយទៀតគឺការឆ្លើយឆ្លងដាក់គ្នាបានន័យថាចូលមកគឺត្រូវតែចាប់ខ្លួនអានេះវាជាបញ្ហាមួយទៀតដែលបង្កើតឱ្យបរិយាកាសហ្នឹងនៅតែតានតឹង»។

លោក អំ សំអាត មន្រ្ដីជាន់ខ្ពស់អង្គការលីកាដូ
លោក អំ សំអាត មន្រ្ដីជាន់ខ្ពស់អង្គការលីកាដូ

ចំណែកលោក សម គន្ទាមី នាយកប្រតិបត្តិអង្គការនិចហ្វិចដែល ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា  មានប្រសាសន៍ថា បច្ចុប្បន្ននេះស្ថានភាពនយោបាយនៅកម្ពុជា មានភាពស្ងប់ស្ងាត់ នៅមិនទាន់មានភាពតានតឹង ណាមួយកើតឡើងនោះទេ។ ចំពោះការឆ្លើយគ្នារវាងអ្នកនយោបាយល្បីឈ្មោះទាំងពីរនៅកម្ពុជា គ្រាន់តែជាការសាកល្បង របស់សម្តេច ហ៊ុន សែន ចំពោះលោក សម រង្ស៊ីថាហ៊ានចូលស្រុកវិញ ឬអត់តែប៉ុណ្ណោះ។

បែបនេះក្តីលោកបញ្ជាក់ថា ភាពស្ងប់ស្ងាត់នេះ នឹងមិនស្ថិតស្ថេរយូនោះទេ គឺនៅមុនការបោះឆ្នោតជាតិ នៅឆ្នាំ២០១៨ ខាងមុខនេះ ភាពតានតឹងនយោបាយនឹងកើតឡើង បើទោះបីជាលោក សម រង្ស៊ី ត្រឡប់មកវិញ ឬមិនមកក៏ដោយ។

លោក សម គន្ទាមី ៖«ដូច្នេះបរិយាកាសចុងក្រោយបោះឆ្នោតលើកក្រោយនេះ គឺការប្រកួតប្រជែងផ្តាច់ព្រ័ត្រ ដោយសារកម្លាំងប្រហាក់ប្រហែលគ្នា អញ្ចឹងហើយត្រូវប្រឹងទាមទារ ប្រើគ្រប់មធ្យោបាយ ដើម្បីយកឈ្នះរៀងខ្លួន ព្រោះអីសន្លឹកឆ្នោតគាំទ្រ ចាញ់គ្នាប្រហែលជាងពីរសែន តែម្ភៃម៉ឺនទៅសាមសិបម៉ឺនទេ ដូច្នេះលើកក្រោយនេះជាបញ្ហាមួយដែលប្រឈមរវាងគណបក្សទាំងពីរ»

លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការ និចហ្វិច
លោក សំ គន្ធាមី នាយកប្រតិបត្ដិអង្គការ និចហ្វិច

ដោយឡែកលោក លោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សនិងជាសមាជិកបន្ទប់ស្ថានការណ៍អំពីការបោះឆ្នោត  បានលើកឡើងថា បើទោះជាស្ថានការណ៍នយោបាយនៅក្រោយការបោះឆ្នោតឆ្នាំ២០១៧នេះ ល្អប្រសើរជាងការបោះឆ្នោតមុនៗក៏ដោយ ប៉ុន្តែលោកសង្កេតឃើញសម្តេចនាយករដ្ឋមន្រ្តី នៅតែបញ្ចេញសារគម្រាមកំហែង ខណៈ ការរំលោភសិទ្ធិមនុស្សក៏នៅតែកើតមានផងដែរ។

យ៉ាងណាមិញមន្រ្តីសង្គមស៊ីវិល ទាំងបីរូបនេះ មិនចង់ឱ្យអ្នកនយោបាយខ្មែរបន្តឈ្លោះគ្នានោះទេ គួរតែប្រកួតប្រជែងគ្នាដោយស្មើភាព ដើម្បីបង្កបរិយាកាសល្អប្រសើរដល់ការបោះឆ្នោត ជ្រើសតំណាងរាស្រ្ត ឆ្នាំ២០១៨ខាងមុខនេះ៕

 

លោក លោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស
លោក លោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស

 

Share

Image
Image
Image