en     km
en     km

សម្តេច ​ហ៊ុន​ សែន​ រិះគន់​លោក​សម​រង្សី​ដែល​ចង់​ឈរ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​

Share

ក្រុងភ្នំពេញ៖ សម្តេច ហ៊ុន សែន បានរិះគន់ចំៗទៅលើ លោក សម រង្សី  ថា លោក សម រង្ស៊ី ចង់មកធ្វើជាបេក្ខជននាយករដ្ឋមន្រ្តី ទាំងខ្លួនពុំមានឋានៈអ្វី។ តាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្ដី បើលោក សម រង្ស៊ី ចង់ធ្វើជានាយករដ្ឋមន្រ្ដី ចុះតើលោក កឹម សុខា ជាប្រធាបក្សធ្វើអ្វីដែរ ។

លោក កឹម សុខា និង សម្តេច ហ៊ុន សែន ចាប់ដៃគ្នានៅ រដ្ឋសភាជាតិ កាលពីឆ្នាំ២០១៤
លោក កឹម សុខា និង សម្តេច ហ៊ុន សែន ចាប់ដៃគ្នានៅ រដ្ឋសភាជាតិ កាលពីឆ្នាំ២០១៤

រាយការណ៍ជូនដោយ លោក សិរី វឌ្ឍនៈ!

 

ដោយប្រតិកម្មខ្លាំងៗតបនឹងលោកសមរង្ស៊ីដោយសារវាយប្រហារសម្ដេចថា ជាមេដឹកនាំកំសាកឃាឃាំងលោកមិនឱ្យចូលស្រុក សម្តេច ហ៊ុន សែន បានរិះគន់អតីតមេបក្សប្រឆាំងរូបនេះថា ចង់វិលត្រឡប់ចូលមកកម្ពុជាវិញ ហើយឈរឈ្មោះជាបេក្ខជនដណ្តើមតំណែងនាយករដ្ឋមន្ត្រី។ សម្ដេចនាយករដ្ឋមន្ត្រីបានចោទសំណួរបែបចំអក ថាតើ លោក កឹម សុខា ជាប្រធានបក្សទៅណាវិញ ។

សម្តេចហ៊ុន សែន ៖« ហើយរឿងស្អី ប្រធានបក្សនៅឯណេ៎ៈ ខ្លួនលាលែងហើយ ចង់មកប្រជែងដណ្ដើមតំណែងនាយករដ្ឋមន្ត្រីពីលោក ហ៊ុន សែន»។

សម្តេច ហ៊ុន សែន ក៏បានលើកឡើងថា មុននឹងមកប្រជែងជាមួយ សម្តេច ហ៊ុន សែន ត្រូវប្រជែងជាមួយគ្នាឯនោះសិនទៅ។

សម្តេច ហ៊ុន សែន បានលើកឡើងដូចនេះ នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី ១៥ មិថុនានេះ ។

យ៉ាងណាក៏ដោយទំនងមានតែលោកសមរង្ស៊ីម្នាក់គត់ ដែលជាអ្នកនយោបាយខ្មែររងការផ្តន្ទាទោសច្រើនដងមកហើយ ។ តែ អ្នកនយោបាយរូបនេះ តែងតែទទួលបានការលើកលែងទោសពីព្រះមហាក្សត្រដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នក ស្នើសុំការប្រទានការលើកលែងទោស។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារសិទ្ធិមនុស្ស និងជាសមាជិកបន្ទប់ស្ថានការណ៍ស្ដីពីការបោះឆ្នោត លោក មឿន តុលា បានពន្យល់ថា បើសិនជាលោក សម រង្សី ចង់ធ្វើជាបេក្ខជនឈរឈ្មោះប្រកួតប្រជែងលុះត្រាតែ លោករួចផុតពីស្ថានភាពជាទណ្ឌិត។

លោក មឿន តុលា៖« ទីមួយត្រូវឃ្លា( ដាច់ស្រេច) នូវទោសទណ្ឌរបស់គាត់សិន ណាព្រោះនៅក្នុងច្បាប់ របស់យើងកាលណាក្នុងនាម ឬន័យជាទណ្ឌិត គឺ គាត់បាត់សិទ្ធិ ក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត។ បើសិនជាមានការសម្របសម្រួលផ្នែកនយោបាយណាមួយលើកលែងទោសឲ្យគាត់អីអញ្ជឹងទៅ គឺគាត់មានសិទ្ធិក្នុងការឈរឈ្មោះក្នុងការបោះឆ្នោតបានហើយ»។

តែបែបនេះក្ដី លោក សម រង្ស៊ី ធ្លាប់អះអាងថា លោក និង សម្ដេច ហ៊ុន សែន មានរឿងនឹងគ្នាច្រើនណាស់ តែពេលខ្លះក៏មានការត្រូវរូវគ្នាវិញដែរ។ យ៉ាងនេះក្ដី ករណី លោក សម រង្ស៊ី នៅពេលនេះ ប្រហែលជាពិបាកចូលមកប្រទេសវិញជាងពេលមុនៗ ព្រោះ ដំណោះស្រាយ ដើម្បីអតីតមេបក្សប្រឆាំងនេះវិលចូលវិញបានដោយគ្មានការចាប់ចង គឺអាស្រ័យលើសម្ដេចនាយករដ្ឋមន្ត្រី។តែអ្នកវិភាគខ្លះធ្លាប់និយាយថា សហគមន៍អន្តរជាតិក៏អាចដោះស្រាយវិបត្តិនយោបាយរបស់លោកសមរង្ស៊ីបានដែរ៕

 

Share

Image
Image
Image