en     km
en     km

​បទ​​វិភាគ​៖​ ​បើ​មាន​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា ​២ ​តើ​អាច​រក្សា​ផែន​ទី​ខ្នាត ​១/១០០.០០០​ បាន​ទេ​?

Share

សំឡេង៖

ភ្នំពេញ៖ ​ក្រោយ​ពេល​មាន​ចលនា​យុវជន ​និង​តំណាង​រាស្ត្រ​បក្ស​​ប្រឆាំង​ បាន​នាំ​គ្នា​សម្រុក​ទៅ​មើល​ព្រំដែន​ជា​បន្ត​បន្ទាប់​ មាន​ព័ត៌​មាន​លេច​ឮ​ថា ​មេ​បក្ស​ធំ​ៗ​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​សភា​ បាន​ពិភា​ក្សា​គ្នា​ពី​ការ​កែ​រ​ដ្ឋ​ធម្មនុញ្ញ​មាត្រា​ ២ ​។ ​តើ​ការ​ពិភាក្សា​នេះ​ចាប់​ផ្ដើម​នៅ​ពេល​ណា​? ​ហើយ​បើ​សិន​ជា​មាន​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា ​២ ​មែន​នោះ​ តើ​អាច​រក្សា​ផែន​ទី​ខ្នាត​ ១/​១​០​០​.​០០០​ ​បាន​​ទេ​? ​លោក​ ​ណុល ​ដារ៉ា ​រៀប​រៀង​បទ​វិភាគ​នេះ​៖​​

​ថ្វី​បើ​ព័ត៌​មាន​ពី​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា ​២ ​នៅ​មិន​​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​គណ​បក្ស​នយោ​បាយ​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​ ប៉ុន្តែ​តាម​តម្រុយ​ដែល​មេដឹក​នាំ​នៃ​គណ​បក្ស​ធំ​ៗ​ទាំង​ពីរ​ គឺ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​និង​លោក ​សម ​រង្ស៊ី ​បាន​បង្ហើប​កន្លង​មក​ ឃើញ​ថា​គោល​បំណង​នៃ​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា ​២ ​នេះ ​ត្រូវ​បាន​លើក​មក​ពិ​ភាក្សា​គ្នា​រួច​ហើយ​។ ​

​មាត្រា ​២ ​នៃ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​ចែង​ថា​ បូរណ​ភាព​ទឹក​ដី​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​មិន​អាច​រំ​លោភ​បំពាន​ដាច់​ខាត​ក្នុង​ព្រំ​ដែន​របស់​ខ្លួន​ ដែល​កំណត់​ក្នុង​ផែន​ទី​ខ្នាត ​១/១០០.០០០ ​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​ ​១៩៣៣​-១៩៥៣ ​និង​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​នៅ​ចន្លោះ​ឆ្នាំ ​១៩៦៣-​១៩៦៩។

Untitled-1
ពិធី​ប្រគល់​, ទទួល និង ផ្ទៀង​ផ្ទាត់​ផែន​ទី​ប្រទេស​កម្ពុជា​ពី​អង្គការ​សហ​ប្រជា​ជាតិ​ (UN)

តើ​កិច្ច​ពិភាក្សា​​ពី​ការ​កែ​រដ្ឋ​ធម្មនុញ្ញ​មាត្រា ២ នេះ ​បាន​ចាប់​ផ្ដើម​នៅ​ពេលណា​?​

​នៅ​ថ្ងៃ​ទី ​១៦ ​ខែ​កក្កដា ​ឆ្នាំ ​២០១៥ ​គឺ​មួយ​ថ្ងៃ​ក្រោយ​ពិធី​ពិសា​អាហារ​ជុំ​គ្នា​រវាង​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​និង​គ្រួសារ​លោក ​សម ​រង្ស៊ី ​លោក​នាយក​រដ្ឋ​មន្ត្រី​​ ​ហ៊ុន ​សែន ​បាន​​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​មួយ​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់​រំ​ ថា​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​បាន​សរ​សេរ​ខុស​ និង​ចង​ដៃ​ខ្លួន​ឯង​ត្រង់​ចំណុច​អធិប​តេយ្យ​ភាព​។​

​បន្ត​មក​ទៀត ​គឺ​នៅ​ថ្ងៃ​ទី ​០៣ ​ខែ​សីហា ​ឆ្នាំ ​២០១៥ ​ក្នុង​ពិធី​សម្ពោធ​ស្ពានឆ្លង​ទន្លេ​បាសាក់​ ភ្ជាប់​ក្រុង​តា​ខ្មៅ​ទៅ​កោះ​ក្របី​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន មាន​ប្រសាសន៍​ថា​ លោក​​អាច​លុប​ចោល​សន្ធិ​សញ្ញា​រឿង​ព្រំ​ដែន​ជា​មួយ​វៀត​ណាម​បាន​ បើ​រដ្ឋ​ធម្ម​នុញ្ញ​ចែង​កម្ពុជា​ប្រើ​ប្រាស់​ផែន​ទី​ខ្នាត​មួយ​លើ​ហា​សិប​ពាន់​។ ​លោក​មាន​ប្រសាសន៍​ថា ​“​បើ​សិន​ជា​រដ្ឋ​ធម្ម​នុញ្ញ​បាន​ចែង​ថា​ ផែន​ទី​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ ប្រើ​ប្រាស់​ផែន​ទី​ខ្នាត​មួយ​ ​ហា​សិប​ពាន់ ​(១/៥០.០០០)​ ខ្ញុំ​កុណា​ខ្ញុំ​ក៏​សុខ​ចិត្ត​លុប​ចោល​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា​ —​ សន្ធិ​សញ្ញា​ជា​មួយ​វៀត​ណាម​ដែរ​”​។​

​​ក្រោយ​មក​ទៀត​ គឺ​នៅ​ថ្ងៃ​ទី ​១៣ ខែ​សីហា ​ឆ្នាំ ​២០១៥ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន ​បាន​ថ្លែង​ថា ​លោក សម​ រង្ស៊ី​ បាន​ផ្ញើ​សារ ​SMS ​មក​លោក​ បបួល​លោក​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា ២ ​ស្ដី​ពី​ការ​ប្រើ​ប្រាស់​ផែន​ទី​បោះ​បង្គោល​ព្រំ​ដែន​ជា​មួយ​ប្រទេស​ជិត​ខាង​។ ​​ក្នុង​កា​រ​បង្ហាញ​សារ ​SMS ​នោះ​លោក​នាយក​​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​ថា ​មេ​បក្ស​ចង់​កែ​ តែ​សមា​ជិក​បក្ស​បែរ​ជា​មិន​ចង់។​

​ទាក់​ទង​នឹង​រឿង​សារ SMS ​នោះ ​លោក សម ​រង្ស៊ី ​បាន​ឆ្លើយ​នឹង​សំណួរ​អ្នក​សារ​​ព័ត៌​មាន​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ១៦ ​ខែ​សីហា ​ឆ្នាំ ២០១៥​ ថា ​ក្នុង​ពិធី​ស្រស់​ស្រូប​អាហារ​ពេល​ល្ងាច​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​លើក​យក​បញ្ហា​មាត្រា ២ នៃ​រដ្ឋ​ធម្ម​នុញ្ញ​មក​ពិភាក្សា​ជា​មួយ​លោក​។ ​លោក ​សម ​រង្ស៊ី ​មាន​ប្រ​សាសន៍​ថា​ “​ពេល​ដែល​​ខ្ញុំ​បាន​ជួប​ជា​មួយ​នឹង​សម្ដេច ហ៊ុន សែន ក្នុង​លក្ខណៈ​គ្រួសា​រ​ លោក​បាន​ប្រាប់​ខ្ញុំ​ថា​ យើង​មិន​គួរ​ចង​ខ្លួន​យើង​ទេ ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​មាត្រា​ទី ២ ហ្នឹង ​ពី​ព្រោះ​ថា ​យើង​បាន​សរសេរ​ក្នុង​មាត្រា​ទី ២ ហ្នឹង​ ថា​យើង​ប្រើ​ផែនទី​ដែល​បារាំង​ធ្វើ​ក្នុង​ចន្លោះ​ឆ្នាំ ​១៩៣៣ ​ដល់ ​១៩៥៣”​។

ផ្អែក​លើ​ប្រសាសន៍​លោក ​សម ​រង្ស៊ី ​ឃើញ​ថា​ មេដឹក​នាំ​ទាំង​ពីរ​បាន​ពិភាក្សា​ពី​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា ​២​ រួច​ហើយ​ កាល​ពី​ថ្ងៃ​ទី​ ១៥ ​ខែ​កក្កដា​ ឆ្នាំ ​២០១៥ ​គឺ​នៅ​ពេល​ដែល​អ្នក​នយោ​បាយ​ទាំង​ពីរ​បាន​ពិសា​អាហារ​រួម​គ្នា​ជា​លក្ខណៈ​គ្រួសារ​​ ប៉ុន្តែ​មិន​ដឹង​ថា​ តើ​ការ​ពិភាក្សា​នោះ​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ណា​នោះ​ទេ​ ទើប​ស្ថាន​ភាព​នយោ​បាយ​តាន​តឹង​ឡើង​ នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​សកម្ម​ជន​ និង​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ជិត​ទី​លាន​ប្រជា​ធិប​តេយ្យ​ ដាក់​ពន្ធ​នា​គារ​ឡើ​ង​វិញ​ ហើយ​ជា​បន្ត​បន្ទាប់​មាន​ការ​ចាប់​ខ្លួន​​សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស ​សម​ រង្ស៊ី ​ក៏​ដូច​ជា​ការ​គំរាម​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ៧ រូប​ថែម​ទៀត​ផង​ដែរ​។

​យ៉ាង​ណា​ក៏​ដោយ​លោក សម ​រង្ស៊ី ​បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា ​លោក​មិន​បដិ​សេធ​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា ​២ ​នោះ​ទេ​ បើ​កែ​ទៅ​ឲ្យ​ផល​ចំណេញ​ដល់​កម្ពុជា ​ប៉ុន្តែ​លោក​ថា ​នៅ​តែ​រក្សា​ផែន​ទី​ខ្នាត ១/១០០.​០០០ ដដែល​ ដោយ​គ្រាន់​តែ​បន្ថែម​ផែន​ទី​ផ្សេង​ទៀត​ ដែល​បោះ​ពុម្ព​នៅ​សម័យ​បារាំង​ ជា​ពិសេស​ផែនទី​បោះពុម្ព​ឆ្នាំ ​១៩១៤ ​។​

​បើ​មាន​ការ​ធ្វើ​វិសោធន​កម្ម​​​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា​ ២ ​មែននោះ ​តើ​អាច​រក្សា​ផែន​ទី​ខ្នាត ​១/១០០.០០០ ​បាន​ទេ​?​
​យោង​សភាព​ការណ៍​នយោ​បាយ​បច្ចុប្បន្ន​ ឃើញ​ថា​លោក ​សម ​រង្ស៊ី ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដោះ​បញ្ហា​។ ដោះ​បញ្ហា​ត្រង់​ថា​ សកម្ម​ជន​និង​អ្នក​គាំ​ទ្រ​របស់​លោក​កំពុង​ជាប់​ពន្ធនា​គារ​ ដែល​លោក​ត្រូវ​រក​វិធី​ដោះ​ស្រាយ​ ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួច​ខ្លួន​មក​វិញ ​ហើយ​វិធី​ដោះ​ស្រាយ​នោះ​ លោក​ សម ​រង្ស៊ី​ ​និយាយ​ថា ​ប្រើ​វិធី​ត្រជាក់​ និង​ឈប់​ចាក់​ចង្កេះ​រដ្ឋា​ភិបាល​ត​ទៅ​ទៀត ​។

​ក្រោយ​ការ​ថ្លែង​របស់​លោក​ សម ​រង្ស៊ី​ លោក​នាយ​ក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​ថ្លែង​ដោយ​ប្រយោល​ថា ​មេ​ចោរ​បាន​ចេញ​សារ​ភាព​។ ផ្អែក​លើ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ឃើញ​ថា​ ​វិធី​សាស្ត្រ​របស់​លោក ​សម ​រង្ស៊ី​ មិន​អាច​ដោះ​ស្រាយ​បញ្ហា​អ្នក​កំពុង​ជាប់​ឃុំ​ឲ្យ​រួច​ខ្លួន​វិញ​នោះ​ទេ ។
​អ្នក​វិភាគ​យល់​ថា ​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​ មិន​ខុស​ពី​ស្ថាន​ភាព​មុន​ពេល​ធ្វើ​កិច្ច​ព្រម​ព្រៀង​បញ្ចប់​វិបត្តិ​ជាប់​គាំង​នយោ​បាយ​ ថ្ងៃ​ ២២ ​ខែ​កក្កដា ​ឆ្នាំ ​២០១៤​ ឡើយ​។ ​ផ្អែក​លើ​បទ​ពិសោធន៍​កិច្ច​ព្រម​ព្រៀ​ង​ថ្ងៃ​ទី​ ២២ ​ខែ​កក្កដា​នោះ ​ក្រុម​អ្នក​វិភាគ​យល់​ថា​ ប្រហែល​ជា​លោក ​សម ​រង្ស៊ី ​មិន​អាច​ការ​ពារ​ផែន​ទី​ខ្នាត ​១/១០០.០០០ ​បាន​ដូច​ការ​ប្ដេជ្ញា​របស់​ខ្លួន​ឡើយ ​បើ​សិន​ជា​លោក​នៅ​តែ​បន្ត​ធ្វើ​នយោ​បាយ​ដើម្បី​សេចក្ដី​សុខ​របស់​ខ្លួន​ និង​កូន​ចៅ​ខ្លួន​នោះ​​។​

​សម្រាប់​សាស្ត្រា​ចារ្យ​វិទ្យា​សាស្ត្រ​នយោ​បាយ​លោក​ សូ ​ចន្ថា ​យល់ថា​ បើ​​កម្ពុជា​មិន​អាច​រក្សា​ផែន​ទី​ខ្នាត​ ១/១០០.០០០ ​បាន​ទេ ​នោះ​វា​អាច​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​អធិប​តេយ្យ​ភាព​មួយ​ចំនួន​ ជា​ពិសេស​គឺ​ជា​មួយ​វៀត​ណាម​។ ​លោក​បន្ត​ថា​ តាម​ការ​យល់​ឃើញ​របស់​លោក ​កម្ពុជា​គួរ​តែ​រក្សា​​ផែន​ទី​ខ្នាត ១/១០០.០០០ ​។ ​លោក ​សូ ​ចន្ថា ​មាន​ប្រសាសន៍​ថា​ “​បើ​សិន​ជា​មាន​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា ២ ​ដែល​ចែង​អំពី​ខ្នាត​ផែន​ទី ​ខ្ញុំ​យល់​ថា យើង​ត្រូវ​តែ​រក្សា​ខ្នាត​ផែន​ទី ១​/​១០០.០០០ ​ហើយ​គ្រាន់​តែ​បន្ថែម ​បន្ថែ​ម​ខ្នាត​ផែន​ទី​ផ្សេង​ទៀត​ ដែល​ចែង​យ៉ាង​ច្បាស់​អំពី​ការ​ប្រើ​ប្រាស់​ជា​មួយ​ប្រទេស​ជិត​ខាត​។ ​ឧទាហរណ៍ ​ខ្នាត ​១/១០០.០០០ ​ប្រើជា​មួយ​​ប្រទេស​វៀត​ណាម​ ខ្នាត​ ១/​២០០.០០០ ​ប្រើ​ជា​មួយ​ថៃ​ជាដើម​។ ​អ៊‍ីចឹង​យើង​គ្រាន់​តែ​បន្ថែម​ទៅ​!​”​ ។

​ចំណែក​ឯ​អ្នក​ស្រាវ​ជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​វិញ​ គឺ​លោក​ កែម ​ឡី យល់​ថា ​បើ​មាន​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា ​២ ​មែន​នោះ​ វា​នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​សិទ្ធិ​ក្នុង​ការ​ទាម​ទារ​ដី​ដែល​វៀត​ណាម​រំលោ​ភ​យក​នា​ពេល​​កន្លង​​មក​​។ ​លោក​ថា ​​“​រួម​ទាំង​កោះ​ត្រល់​ហ្នឹង​ផង​ ជួន​កាលហ្នឹង​ កាល​ណា​យើង​កែ​ដាក់​តែ​មិន​ស្រួល​ បាត់​ជា​ស្ថាពរ​តែ​ម្ដង​ ឲ្យ​ភាព​ស្រប​ច្បាប់​ឲ្យ​ចោរ​ទៅ​លួច​កោះ​ត្រល់​ហ្នឹង​តែ​ម្ដង​”​។​

​ជារួម ​ទាំង​លោក​ កែម ឡី ​ទាំង​លោក ​សូ ​ចន្ថា ​យល់​ដូច​គ្នា​ថា ​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា​ ២ ​គឺ​ដើម្បី​តែ​ធ្វើ​ឲ្យ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា ​វៀត​ណាម​ នា​ពេល​កន្លង​មក​មាន​ភាព​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ​។

​សូម​រំឭក​ថា ​អង្គ​ការ​ឃ្លាំ​មើល​កម្ពុជា​ ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រៅ​ប្រទេស​ បាន​ថ្កោល​ទោស​ចេតនា​ក្នុង​ការ​កែ​រដ្ឋ​ធម្ម​នុញ្ញ​មាត្រា​ ២ ​នេះ​។ ​ប៉ុន្តែ​ការ​ថ្កោល​ទោស​នេះ​ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​ច្រាន​ចោល​ ដោយ​និយាយ​ថា​ ការ​ចេញ​សេចក្ដី​​ថ្លែង​ការណ៍​ថ្កោល​ទោស​នោះ​វា​ហាក់​ដូច​ជា​លឿន​ពេក​ ព្រោះ​រឿង​នោះ​មិន​ទាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​៕​

Share

Image
Image
Image