កំពង់ធំ ៖ យុវជនមានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈការចូលរួមសកម្មភាពសង្គម ជាពិសេសសកម្មភាពនយោបាយ ដូចជាការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ជាដើម។ ក្នុងនាមជាអ្នកបោះឆ្នោតដំបូង ពួកគេយល់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ខាងមុខនេះ ជាពេលវេលាសំខាន់បំផុតក្នុងការជ្រើសរើសអ្នកដឹងនាំដែលខ្លួនពេញចិត្ត ដើម្បីដឹកនាំនិងអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ស្ថិតក្នុងឯកសណ្ឋានសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបារាយណ៍ ខេត្តកំពង់ធំ មានអាយុ២០ឆ្នាំ យុវតី ធែល ពន្លឺ បាននិយាយថា ៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ពីព្រោះនេះជាលើកដំបូងហើយសម្រាប់នាងខ្ញុំ ត្រូវទៅបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលខ្ញុំពេញចិត្ត… ខ្ញុំចង់និយាយថាយុវជនគ្រប់រូប ពិសេសយុវតីដែលគ្រប់អាយុបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតទំាងអស់គ្នាកុំខាន… »។
យុវតីរូបនេះ បាននិយាយអមដោយស្នាមញញឹមបន្តទៀតថា ការចូលរួមបោះឆ្នោតនាពេលខាងមុខ សំខាន់សម្រាប់យុវជន និងជាឱកាសមួយដើម្បីឱ្យយុវជនបង្ហាញពីសំឡេងរបស់ខ្លួនជ្រើសរើសអ្នកដឹកនំានៅថ្នាក់មូលដ្ឋាន។
ជុំវិញរឿងរ៉ាវនៃការបោះឆ្នោតដំបូងរបស់យុវជននេះ យុវតី សឿន ណារី អាយុ១៨ ឆ្នាំ សិស្សវិទ្យាល័យតាំងក្រសាំង រស់នៅភូមិតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បាននិយាយថា៖ « ខ្ញុំបានចុះឈ្មោះបោះឆ្នោតរួចហើយ ! ខ្ញុំបានក្លាយជាពលរដ្ឋម្នាក់មានសិទ្ធិជ្រើសរើសតំណាងដឹកនាំភូមិឃុំរបស់ខ្ញុំតាមរយៈការបោះឆ្នោត។ ខ្ញុំបោះឆ្នោត ព្រោះខ្ញុំចង់ឱ្យភូមិឃុំមានការអភិវឌ្ឍន៍ ហើយទទួលបានអ្វីដែលពលរដ្ឋចង់បានពិតប្រាកដ» ។
និយាយបណ្តើរធ្វើការវិការពន្យល់បណ្តើរ យុវជន តូ គីមលីស មានអាយុ ១៩ ឆ្នាំ រស់នៅស្រុកបារាយណ៍ បាននិយាយថា រូបគេបានត្រៀមខ្លួនរួចជាស្រេចទៅចូលរួមការបោះឆ្នោតលើកដំបូងរបស់ខ្លួននៅពេលខាងមុខនេះ ។ គីមលីស បានឱ្យដឹងថា ៖ « ខ្ញុំទើបតែប្រទ្បូកក្នុងការចូលរួមបោះឆ្នោត ខ្ញុំមិនដែលបានបោះឆ្នោតទេកន្លងទៅ… ខ្ញុំភ័យណាស់រឿងនេះ ប៉ុន្តែសប្បាយចិត្ត នឹងជ្រើសរើសគណបក្សណាមួយដែលល្អសម្រាប់រូបខ្ញុំ ខ្ញុំសូមសំណូមពរយុវជនដែលបានចុះឈ្មោះហើយហ្នឹងទៅចូលរួមបោះឆ្នោតឱ្យបានទំាងអស់គ្នាដើម្បីសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនំាជាតិឱ្យបានត្រឹមត្រូវ»។
សំឡេងឆ្នោតខ្ញុំតំណាងឱ្យជនពិការ
ក្នុងនាមជាអ្នកបោះឆ្នោតដំបូងដូចគ្នា យុវតី លួន ស្រីតូច អាយុ២១ ឆ្នាំ ជាជនពិការកាយសម្បទា ក៏បាននិយាយដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះសំខាន់សម្រាប់រូបគេ។
ស្រីតូច បានបន្តនិយាយថា នាងសប្បាយចិត្តនិងចាត់ទុកសំឡេងឆ្នោតរបស់ខ្លួន ជាសំឡេងសំខាន់រួមចំណែកលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់សំឡេងជនពិការក្នុងកាតព្វកិច្ចជាពលរដ្ឋ ។
យុវតី លួន ស្រីតូច ៖ «នេះជាលើកទី១ ហើយក៏លើកដំបូងបំផុតសម្រាប់ស្ត្រីជនពិការដូចខ្ញុំទៅបោះឆ្នោត! ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនទែន… ពីមុនមកខ្ញុំអត់ទាន់ស្គាល់ថាសង្គមហ្នឹងវាយ៉ាងម៉េចនោះទេ តែឥលូវខ្ញុំបានដឹងថា ការបោះឆ្នោតហ្នឹងវាមានសារៈសំខាន់សម្រាប់ខ្ញុំជាជនពិការ… » ។
យុវជនជាអ្នកដឹកនាំសង្គមនៅថ្ងៃខាងមុខ
អ្នកស្រី ស៊ីវ ភឿន អាយុជាង ៥០ឆ្នាំ និយាយបណ្តើរធ្វើកាយវិការពន្យល់បណ្តើរ បានឱ្យដឹងថាការ ថ្ងៃបោះឆ្នោតខាងមុខនេះសំខាន់សម្រាប់យុវជន និងជាឱកាសដែលយុវជនអាចបង្ហាញពីការសម្រេចចិត្តមេដឹកនំាដែលខ្លួនពេញចិត្តដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។ អាណាព្យាបាលរូបនេះ បានឱ្យដឹងទៀតថា អ្នកស្រីនឹងជម្រុញឱ្យកូនរបស់អ្នកស្ត្រីទៅបោះឆ្នោត ។
ចំណែកអ្នកស្រី ម៉ែន នី អាយុជាង ៦០ឆ្នំា មានបទពិសោធន៍ធ្លាប់ឆ្លងកាត់ការបោះឆ្នោតតាំងពីឆ្នាំ ១៩៩៣ បាននិយាយថា ការបោះឆ្នោតសំខាន់ណាស់សម្រាប់ពលរដ្ឋគ្រប់រូប ជាពិសេសសម្រាប់យុវជន ព្រោះយុវជនជាអ្នកចូលរួមសកម្មក្នុងការងារសង្គម និងដឹងនាំសង្គមជាតិនៅថ្ងៃអនាគត ។
អ្នកស្រី ម៉ែន នី បានបន្តថា បច្ចុប្បន្នកម្ពុជាមានចំនួនយុវជនច្រើនជាងមនុស្សវ័យចំណាស់ ហើយសន្លឹកឆ្នោតរបស់យុវជនជាសំឡេងមួយធ្វើឱ្យពួកគេមានការសម្រេចចិត្តប្រកបដោយទំនួនខុសត្រូវ និងរៀនទទួលខុសត្រូវក្នុងកិច្ចការសង្គម ។
សកម្មភាពយុវជនសំខាន់ការអភិវឌ្ឍន៍ខ្លួនឯង និងសហគមន៍
ជុំវិញរឿងយុវជននេះដែរ នៅក្នុងវេទិការយុវជនសហគមន៍ លោក យស បញ្ញារិទ្ធ អភិបាលស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលស្គាល់ថា ទន្ទឹមនឹងការចាត់ទុកយុវជនជាធនធានសំខាន់រួមចំណែកអភិឌ្ឍន៍ប្រទេសជាតិ យុវជនត្រូវផ្តល់ឱកាសឱ្យខ្លួនឯងចូលរួមសកម្មភាពសង្គមឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ដូចជាទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលខាងមុខ។
លោកអភិបាលស្រុកសន្ទុក ៖ «យុវជនត្រូវទៅជ្រើសរើសថ្នាក់ដឹកនំាមូលដ្ឋានរបស់យើងឱ្យបានល្អ ដើម្បីបម្រើប្រជាពលរដ្ឋពិតប្រាកដ ត្រូវមានស្មារតីឆន្ទៈចង់ចូលរួម… យើងអាចចូលរួមគ្រប់ពេលយុវជនយើងកំពុងរៀនសូត្រទាំងនៅក្នុងសាលា និងនៅក្នុងសង្គម»។
ចំណែកប្រធានក្រុមប្រឹក្សាយុវជនកម្ពុជា លោក អ៊ឹម សុធី បាននិយាយថា យុវជនមានតួនាទីសំខាន់ក្នុងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ស្របពេលកម្ពុជាជាប្រទេសកម្ពុជាកាន់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោក អ៊ឹម សុធី បានចាត់ទុកការរួមចំណែករបស់យុវជនក្នុងសកម្មភាពនយោបាយ សកម្មភាពផ្សេងៗក្នុងសង្គម ចាំបាច់ដោយមិនអាចខ្វះបាន ព្រោះកម្លំាងយុវជនគឺចលករដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ»។
នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នំា ២០១៦ មានឈ្មោះអ្នកបោះឆ្នោតសរុបជិត ៨លាននាក់ ក្នុងនោះស្រ្តីមានចំនួនជាង ៤លាននាក់ យុវជនមានចំនួនជាង២លាននាក់ និងស្រ្តីជាង១លាននាក់។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នំា២០១៧ ដែលមានឃុំ សង្កាត់ទូទំាងប្រទេស ១៦៤៦ ៕