en     km
en     km

បទវិភាគ ៖ តើការបោះឆ្នោត​ជាការសម្រេចចិត្ត​យកសង្គ្រាមមែនទេ?

Share

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រមានជាថ្មីម្តងទៀតថា សន្លឹកឆ្នោតរបស់ម្ចាស់ឆ្នោតអាចជាសន្លឹកឆ្នោតដើម្បីការបង្កសង្គ្រាម និងអាចជាសន្លឹកឆ្នោតដើម្បីរក្សាសន្តិភាព។

តើសន្លឹកឆ្នោតរបស់ពលរដ្ឋខ្មែរម្នាក់ៗអាចជាសន្លឹកឆ្នោតសង្គ្រាមបានដែរទេ?

រូបភាពជម្លៀសប្រជាជនក្រុងភ្នំពេញទៅជនបទរបស់ពួកខ្មែរក្រហមកាលឆ្នាំ១៩៧៥
រូបភាពជម្លៀសប្រជាជនក្រុងភ្នំពេញទៅជនបទរបស់ពួកខ្មែរក្រហមកាលឆ្នាំ១៩៧៥

នៅក្នុងជំនួបជាមួយជ័យលាភីមេដាយមាសផ្នែកកីឡាប៉េតង់ គឺកញ្ញា អ៊ុក ស្រីមុំ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ព្រលយពាក្យតាមបែបព្រមានថា អត្ថន័យនៃការបោះឆ្នោតខាងមុខអាចជាការបោះឆ្នោតដើម្បី«ជ្រើសរើសយកសន្តិភាពហើយក៏អាចមានអត្ថន័យជាការបោះឆ្នោតដើម្បីជ្រើសរើសសង្គ្រាមដែរ។»

នៅក្នុងនោះសម្តេច ហ៊ុន សែន បានអំពាវនាវឲ្យបោះឆ្នោតជ្រើសរើសយកគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចអស់រយៈពេលជាង ៣០ ឆ្នាំមកហើយនេះ គឺដើម្បី«សន្តិភាព និងការអភិវឌ្ឍ»។

សម្តេច ហ៊ុន សែន ក៏បានលើកយកមកបកស្រាយពីពាក្យ«ចង់ឲ្យផ្លាស់ប្តូរ»ដែលនិយមប្រើដោយគណបក្សប្រឆាំង ដោយព្រមានថាការផ្លាស់ប្តូរដែលមិនសមប្រកបដូចជាការផ្លាស់ប្តូររបបរបស់សម្តេច នរោត្តម សីហនុ និងការប្តូរទៅកាន់របបខ្មែរក្រហមសុទ្ធតែនាំឲ្យមានសង្គ្រាមនិងមហន្តរាយ។
ប៉ុន្តែសំណួរសួរថា តើសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជាអាចក្លាយជាផ្កាភ្លើងនៃសង្គ្រាម ដែលអាចជះស្រោចមកលើប្រទេសកម្ពុជាដ៏កំសត់នេះបានសារជាថ្មីបានដែរឬទេ?

ចម្លើយ គឺថាលទ្ធភាពនៃសង្គ្រាមដោយសារតែលទ្ធផលនៃការបោះឆ្នោត អាចទៅរួចផងនិងមិនអាចទៅរួចផង។

ដំបូងគេត្រូវសម្លឹងមើលអតីតកាលរបស់ប្រទេសកម្ពុជា។ពោលគឺកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលដែលហែកហួរផ្ទៃក្នុងអស់រយៈពេលជាងបីទសវត្ស។ហើយនៅទីបំផុតអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺសង្គ្រាមស៊ីវិលបានរុញច្រានឲ្យកម្ពុជាទាំងមូលធ្លាក់ចូលក្នុងរណ្តៅមួយយ៉ាងជ្រៅនៃរបបខ្មែរក្រហមដែលប្រៀបដូចជាឋាននរកសម្រាប់មនុស្សជាតិ។

សង្គ្រាមបានបង្កឲ្យមានការវិនាសគ្រប់បែបយ៉ាងសម្រាប់ពលរដ្ឋកម្ពុជា។ស្ទើរតែគ្មានគ្រួសារកម្ពុជាណាម្នាក់បានគេចផុតពីការភៀសសឹក ការជម្លៀសនិងការបាត់បង់សមាជិកគ្រួសារដោយសារសង្គ្រាមឬដោយសារការការប់សម្លាប់ដោយពួកខ្មែរក្រហម។

ចំពោះលទ្ធភាពដែលអាចបណ្តោយឲ្យមានសង្គ្រាមឬសង្គ្រាមស៊ីវិលកើតឡើងជាថ្មីនៅកម្ពុជាមានតិចតួចស្តួចស្តើងជាទីបំផុត។ លទ្ធភាពនេះអាចទៅរួចលុះណាតែកម្ពុជាស្ថិតក្នុងរបបយោធានិយម ហើយអ្នកនយោបាយខ្មែរលែងមានទំនុកចិត្តលើប្រពន្ធ័បោះឆ្នោតឬលែងឲ្យតម្លៃលើការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យនិយម ឬការប្រឆាំងជំទាស់នឹងលទ្ធផលបោះឆ្នោតមិនត្រូវបានយកចិត្តទុកដាក់ឬយកទៅដោះស្រាយ។

ប៉ុន្តែការប្រព្រឹត្តិបែបនេះនឹងធ្វើឲ្យកម្ពុជាដើរថយក្រោយទៅរកអតីតកាលដែលហួសសម័យ។នោះគឺជាអតីតកាលរបស់កម្ពុជាដែលអ្នកនយោបាយដណ្តើមអំណាចគ្នាដោយប្រកាប់ប្រចាក់ ដោយចុងកាំភ្លើង។

ដោយឡែកចំពោះសង្គ្រាមស៊ីវិលដែលមិនអាចកើតឡើងវិញនោះមានលទ្ធភាពច្រើនលើសលុបនិងគួរឲ្យជឿជាក់បាន។

នោះគឺថាកម្ពុជានឹងមិនអាចបណ្តោយឲ្យមានសង្គ្រាមស៊ីវិលជាថ្មីនោះទេដោយសារ៖

រូបមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម
រូបមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម

មូលហេតុទី១-ប្រជាពលរដ្ឋខ្មែរធុញទ្រាន់ និងខ្លាចរអានឹងសង្គ្រាមរវាងជាតិសាសន៍គ្នាឯង។ សង្រ្គាមបំផ្លាញនិងបង្កឲ្យមានការព្រាត់ប្រាស់។

មូលហេតុទី២-ប្រជាពលរដ្ឋបានយល់ដឹងយ៉ាងច្បាស់ថា សង្គ្រាមរវាងជាតិសាសន៍ឯង ឬសង្គ្រាមស៊ីវិលនោះគ្រាន់តែជាឈ្នាន់ដណ្តើមអំណាចគ្នារបស់អ្នកនយោបាយតែប៉ុណ្ណោះ។ ហើយនៅទីបំផុតពលទាហានដែលស្ថិតក្រោមឧបករណ៍នយោបាយទេដែលជាអ្នករងគ្រោះនិងជាអ្នកបូជាជីវិតពិតប្រាកដ។ រីឯអ្នកនយោបាយតែងតែរត់គេចខ្លួនរកទីសុវត្ថិភាពក្នុងប្រទេសឬគេចខ្លួនទៅក្រៅប្រទេសក្រោយបរាជ័យក្នុងចម្បាំង ឬការប្រទូសសារាយប្រដាប់អាវុធ ដូចសុភាសិតខ្មែរពោលថា«ដំរីជុលគ្នាងាប់ស្រមោច»។ហើយអ្នកនយោបាយតែងតែចាប់ដៃគ្នារលាក់ អោបរឹតគ្នាក្រោយពីមានការចរចា ឬសម្រុះសម្រួលគ្នា។

ទី៣-កងកម្លាំងប្រដាប់អាវុធមិនបានដាក់ឲ្យស្ថិតក្រោមការបែងចែកតាមកូតាបក្សនយោបាយនោះទេ។ ដូច្នេះបើទោះបីជាបក្សនយោបាយឈ្នះនឹងមិនមានកងកម្លាំងប្រដាប់អាវុធដែលកាន់ជើងបក្សនយោបាយបង្វែរចុងកាំភ្លើងដាក់គ្នានោះទេ។

មូលហេតុទី៤-កម្ពុជាបានបញ្ចប់ទាំងស្រុងនូវកងកម្លាំងតស៊ូទ័ពព្រៃរបស់ពួកខ្មែរក្រហម។ម្យ៉ាងវិញទៀតអតីតកងទ័ពព្រៃទាំងនោះបានគិតគូរពីបញ្ហាសេដ្ឋកិច្ចគ្រួសារនិងភាពសុខដុមនៃគ្រួសាររបស់ពួកគេច្រើនជាងការនឹកគិតដល់ការលំបាកដេកត្រាំត្រែងក្នុងព្រៃ កណ្តាលភ្លៀងដូចពេលមុន។ ជាពិសេសទៅទៀតក្បាលម៉ាស៊ីនដឹកនាំកងទ័ពព្រៃនិងអតីតមេបញ្ជាការពួកគេបានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល និងមនុស្សមួយចំនួនកាន់តែចាស់ជរា ឬកំពុងស្ថិតក្រោមការកាត់ទោស។

គុកទួលស្លែង
គុកទួលស្លែង

មូលហេតុទី៥-គំរូនៃការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដែលកំពុងដំណើរការបានព្រមានរួចជាស្រេចដល់អ្នកនយោបាយខ្មែរក្នុងការដឹកនាំសង្គ្រាមដើម្បីអំណាចរបស់ខ្លួន។ហើយក៏ជាការព្រមានទុកថាការឡើងកាន់អំណាចដែលបង្កឲ្យប្រជាពលរដ្ឋខ្លួនឯងស្លាប់បាត់បង់ជីវិតអាចជាទោសឧក្រិដ្ឋហើយនឹងប្រឈមនឹងការកាត់ទោស។

ទី៦-ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៣មកបានជ្រើសរើសដំណើរការប្រជាធិបតេយ្យជាមូលដ្ឋានសម្រាប់ដឹកនាំនិងគ្រប់គ្រងរដ្ឋ។ហើយការផ្លាស់ប្តូរអំណាចឬដណ្តើមអំណាចត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត។បន្ថែមពីនោះប្រជាពលរដ្ឋខ្មែរក៏យល់ដឹងកាន់តែច្បាស់អំពីសារសំខាន់នៃលទ្ធិប្រជាធិបតេយ្យនិងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។គឺដំណើរការលទ្ធិប្រជាធិបតេយ្យដែលបញ្ជាក់ថាប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីដឹកនាំប្រទេស ប៉ុន្តែមិនមែនជាដំណើរការលទ្ធិប្រជាធិបតេយ្យតាមរយៈការធ្វើសង្គ្រាមនោះទេ។

មូលហេតុទី៧-កម្ពុជាមិនអាចមានសង្គ្រាមបែបណាមួយទៅរួចដោយសារប្រជាពលរដ្ឋកម្ពុជាបានបាក់ស្បាតដោយសារសង្គ្រាមដូច្នេះការលើកហេតុផលពីសង្គ្រាមស៊ីវិលជាយថាហេតុណាមួយ គឺជាគន្លឹះនយោបាយសំខាន់មួយដែរសម្រាប់ឲ្យប្រជាពលរដ្ឋដែលបានឆ្លងកាត់យុគដ៏លំបាកពិចារណាឡើងវិញ។ប៉ុន្តែគន្លឹះនយោបាយនេះទំនងជាមិនមានឥទ្ធិពលប៉ុន្មានលើក្រុមយុវជនជំនាន់ថ្មីនោះឡើយ។

និងមូលហេតុទី៨ ការបង្កសង្គ្រាមស៊ីវិលក្នុងប្រទេសឡើងវិញដើម្បីតែផលប្រយោជន៍ការពារអំណាច ឬដើម្បីដណ្តើមអំណាចនឹងក្លាយជាអ្នកទោសប្រវត្តិសាស្ត្រ ហើយប្រជាពលរដ្ឋនឹងចងចាំការដឹកនាំឲ្យមានសង្គ្រាមបែបនេះ។ មួយវិញទៀតការបង្កឲ្យមានសង្រ្គាមស៊ីវិលសារជាថ្មីនៅកម្ពុជាគឺមានន័យថានឹងទាញទម្លាក់ប្រទេសជាតិនិងប្រជាជនកម្ពុជាទាំងមូលឲ្យធ្លាក់ចូលក្នុងរណ្តៅវិនាសកម្មនិងរណ្តៅនៃភាពក្រីក្រ។

ភាពក្រីក្រដែលរដ្ឋាភិបាលបច្ចុប្បន្នបានបង្ហាញថាមានការរីកចម្រើនជាច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនេះ។ ហើយការបង្កសង្គ្រាមបែបណាមួយនឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចនិងឧត្តមភាពដល់ប្រទេសជិតខាង។

សរុបមកវិញគេហាក់ដូចជាមើលមិនឃើញថា កម្ពុជាអាចវិលត្រឡប់ទៅរកសង្គ្រាមស៊ីវិលបែបណានោះទេ បើទោះជាគណបក្សក្តោបក្តាប់រដ្ឋាភិបាលឬគណបក្សប្រជែងអំណាចឈ្នះឆ្នោតក៏ដោយ។ហើយវារឹតតែមិនមានលទ្ធភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលបណ្តោយឲ្យមានសង្គ្រាមឡើងវិញ តាមរយៈការបោះបង់ចោលភាពស្រណុកសុខស្រួល មានឡានទំនើបជិះ ដេកម៉ាស៊ីនត្រជាក់ ហើយបែរជារត់ចូលព្រៃដើម្បីកាន់កាំភ្លើងបាញ់គ្នានោះ៕

Share

Image
Image
Image