en     km
en     km

គជ​ប​ ហាម​ការ​ស្ទង់​មតិ​នយោបាយ​មុន​ការ​បោះ​ឆ្នោត​

Share

លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានជូនដំណឹងថា គជប ហាមធ្វើការស្ទង់មតិមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលលោកថា អាចប៉ះពាល់ភាពសុក្រិត នៃដំណើរការបោះឆ្នោត។ តែអ្នកវិភាគថា នេះជាការរឹតត្បិតសេរីភាពបញ្ចេញមតិទៅវិញ។

nec

តាមទម្លាប់របស់ប្រទេសកម្ពុជា ការស្ទង់មតិ មុនការបោះឆ្នោតត្រូវហាមដាច់ខាត ដោយសន្និន្មត់ថា ជាការធ្វើប៉ះពាល់គុណតម្លៃនៃលទ្ធផលបោះឆ្នោត។

ប្រទេសកម្ពុជា នឹងមានព្រឹត្តិការណ៍បោះឆ្នោតសំខាន់២ គឺ ការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី ៤មិថុនា ឆ្នាំ២០១៧ និងការបោះឆ្នោតសភា ឆ្នាំ២០១៨ ដែលអ្នកសង្កេតការណ៍គិតថាជាចរន្តមួយនៃការឆ្លុះបញ្ចាំងទៅលើ ការដឹកនាំ ប្រាំឆ្នាំ របស់បក្សកាន់អំណាចបច្ចុប្បន្ននេះ។

ជាថ្មីម្ដងទៀត លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជូនដំណឹងថាគជបនឹងចេញបំរាមការស្ទង់មតិ ដោយមិនឱ្យមានការវាយតម្លៃមុន អំពីប្រជាប្រិយភាព គណបក្សនយោបាយ ដែលលោកថានាំឱ្យមានការវិភាគហើយប៉ះពាល់កិត្តិយស របស់ បក្សនយោបាយ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ដូចនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីអំពីការត្រៀមលក្ខណៈរបស់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅភោជនីយដ្ឋានទន្លេបាសាក់២ នៅព្រឹក ថ្ងៃសុក្រទី៣១ មីនានេះ។

យ៉ាងណាក្ដី លោក យង់ គឹម អេង អ្នកនាំពាក្យបន្ទប់ស្ថានការណ៍នៃការបោះឆ្នោតដែលជាបណ្ដុំអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត ហាក់យល់ស្របនឹង លោក ហង្ស ពុទ្ធា ដែលបានជូនដំណឹងដូចនេះ។ ប៉ុន្តែអ្វីដែលលោកគិតថា មានអត្ថប្រយោជន៍គឺ ការស្ទង់មតិ មុនការបោះឆ្នោត អាចធ្វើឱ្យបក្សនយោបាយ ខ្លះដឹងខ្លួនជាមុន ហើយខិតខំកែទម្រង់ ឬ តម្រង់ផ្លូវគោលបាយរបស់ខ្លួនឡើងវិញ។

ចំណែងអ្នកវិភាគស្ថានការណ៍សង្គម លោក ឯម សុវណ្ណារ៉ា ដែលជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមិនយល់ស្របការលើកឡើងនេះទេ។ លោកគិតថា គជប មានវិធានការនេះហាក់ ហួសដែនសមត្ថកិច្ច របស់ខ្លួន ដែលជាការប៉ះពាល់សិទ្ធិសេរីភាព សម្ដែងមតិ។ លោកថាការស្ទង់មតិមានសារប្រយោជន៍ណាស់ សម្រាប់ ការវិភាគស្ថានការណ៍។

នៅមុនការបោះឆ្នោតឆ្នាំ ២០១៣ មានការស្ទង់មតិមួយរបស់វិទ្យាសា្ថនIRI អាមេរិក ដែលពេលនោះបង្ហាញ ពីការឡើងប្រជាប្រិយភាពយ៉ាងខ្លាំងរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែ ត្រូវបាន រដ្ឋាភិបាល ដើរប្រមូល ឯកសារស្ទង់មតិនេះ ដោយមានការព្រមាន ចាប់អ្នកដើរចែកចាយទៀតផង។ រឿងនេះ នាំឱ្យមានការចោទសួរអំពីគុណតម្លៃនៃការអនុវត្តសិទ្ធិសម្ដែងមតិដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ និងសទិ្ធសញ្ញាអន្តរជាតិ ៕

 

Share

Image
Image
Image