ភ្នំពេញ៖ ពិភពលោកមានការភ្ញាក់ផ្អើលមួយ ដោយសារប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក គុនហេ ត្រូវបានតុលាការរដ្ឋធម្មនុញ្ញរបស់ប្រទេស នេះ បញ្ចប់តំណែងលោកស្រីជាផ្លូវការ កាលពីថ្ងៃ សុក្រ ទី ១០ មីនា ។
ការបញ្ចប់តំណែងលោកស្រី ប៉ាក ចេញពីប្រធានាធិបតីបាននាំអោយមានការចោទសួរអំពីនីតិរដ្ឋរបស់ប្រទេសសាធារណរដ្ឋមួយនេះ ថាតើល្អប្រសើរកម្រិតណាបើប្រៀបធៀបនឹងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ។
សូមស្ដាប់ទស្សនៈរបស់អ្នកនយោបាយ និងអ្នកវិភាគខ្មែរលើការវិវត្តនយោបាយនឹងចំណាត់ការរបស់សភា ព្រមទាំងរដ្ឋធម្មនុញ្ញ កូរ៉េខាងត្បូង ដែលលោក នួន បូរិន ជូនសេចក្ដីរាយការណ៍ដូចតទៅ៖
កាលពីថ្ងៃសុក្រទី១០ មីនា តុលាការរដ្ឋធម្មនុញ្ញរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចលើសេចក្ដីសម្រេចរបស់សមាជិកសភាដោយតំកល់អំណាចរបស់សភា ដកហូតអំណាចរបស់លោកស្រី ប៉ាក គុនហេ ចេញពីប្រធានាធិបតីថា មានប្រសិទ្ធិភាព និងចូលជាធរមាន ដោយឱ្យលោកស្រីប៉ាកចាកចេញពីតំណែង ព្រមទាំងបង្គាប់ឱ្យរដ្ឋអាជ្ញាធ្វើការចោទប្រកាន់លោកស្រីជាផ្លូវការ។
លោកស្រី ប៉ាក គុនហេ បានចូលកាន់តំណែងជាប្រធានាធិបតីស្ដ្រីដំបូងគេ នៅឆ្នាំ ២០១២ ដោយការបោះឆ្នោត ។ តែលោកស្រី គឺជាប្រធានាធិបតីដែលមានសក្ដានុពលខ្លាំងជាងបេក្ខជនប្រធានាធិបតីបុរសទៅទៀត ដោយសារតែឱពុករបស់លោកស្រី ធ្លាប់ជាប្រធានាធិបតី ដែលបានកាន់អំណាចយូរឆ្នាំ ហើយទប់ទល់ឥទ្ធិពលរបស់កុមុយនីសកូរ៉េខាងជើងបានទៀតផង។
នេះគឺជាការនាំអោយលោកស្រី មានប្រជាប្រិយភាពទើបឈ្នះឆ្នោត ។ប៉ុន្ដែជាអកុសលលោកស្រីសេពគប់ជាមួយនិងស្ដ្រីម្នាក់ដែលលោកស្រីចាត់ទុកថា ជាទីប្រឹក្សា បាននាំអោយលោកស្រី មានរឿងអាស្រូវ ។
រឿងអាស្រូវដោយសារតែស្ដ្រីជាមិត្តភក្ដិនោះ ប្រើប្រាស់ឥទ្ធិពលរបស់លោកស្រីប៉ាក ឋានៈជាប្រធានាធិបតីជម្រិតទារប្រាក់ពីក្រុមហ៊ុនរកស៊ីមួយចំនួន ក្នុងហេតុផលយកមកដាក់មូលនិធិមនុស្សធម៌ តែធាតុពិតវាគឺជារឿងអំពើពុករលួយ។ក្នុងសំណុំរឿងនេះ លោកស្រី ប៉ាក គុនហេ ត្រូវបានរដ្ឋអាជ្ញាប្រទេសនេះ ចោទប្រកាន់ ៣ករណី គឺ ជម្រិតប្រាក់ទទួលប្រាក់សំណូក និងបំពានអំណាចរដ្ឋ។
សំណុំរឿងទាំង ៣នេះហើយ ត្រូវបានតុលាការរដ្ឋធម្មនុញ្ញបញ្ចប់តំណែងលោកស្រី ជាផ្លូវការនោះ ។តើសំណុំរឿងរបស់លោកស្រី ប៉ាក គុនហេ អ្នកនយោបាយខ្មែរ និងអ្នកវិភាគយល់ដូចម្ដេចដែរ?
លោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ យល់ឃើញថា ការពិតអ្វីដែលនាំអោយលោកស្រីប៉ាក ធ្លាក់ពីតំណែងនេះ គឺ បណ្ដាលមកពីឆន្ទៈរបស់ប្រជាជន និង អំណាចតុលាការ អំណាចសភា រួមទាំងស្ថាប័នព័ត៌មានរបស់ប្រទេសនោះ មានឥទ្ធិពលលើមេដឹកនាំ ។លោកស្រី ថា ប្រទេសកូរ៉េខាងត្បូងពិតជាមានប្រជាធិបតេយ្យពិតប្រាកដ គឺមិនដូចប្រទេសមួយចំនួននោះទេ ដែលនៅតែរក្សានិទណ្ឌភាព ។
ចំណែកឯ លោក សុខ ឥសាន្ដ ជាអ្នកតំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យបក្សកាន់អំណាចនេះផងដែរ យល់ឃើញថា រឿងរ៉ាវរបស់លោកស្រី ប៉ាក គុនហេ គឺជាកិច្ចការផ្ទៃក្នុង និងជាការពង្រឹងនីតិរដ្ឋកូរ៉េខាងត្បូង។
តែសម្រាប់លោកសាស្ដ្រចារ្យ ឯម សុវណ្ណារ៉ា យល់ឃើញថា តុល្យភាពអំណាចរបស់ប្រទេសនេះ គឺ មានតម្លាភាពនឹងគ្នា។ មានន័យថា មេដឹកនាំណាមួយមានកំហុសគឺស្ថាប័នផ្សេងទៀតត្រូវតែចូលរួមបញ្ចប់និទណ្ឌភាពរបស់មេដឹកនាំនោះ ។លោកបន្ដថា សាធារណរដ្ឋកូរ៉េខាងត្បូងពិតជាបានបង្ហាញជាក់ស្ដែងថា ប្រទេសមួយនេះ ប្រកាន់ខ្ជាប់បាននូវនីតិរដ្ឋពិតប្រាកដ ហើយមានប្រជាធិបតេយ្យច្បាស់លាស់។
លោកស្រី ប៉ាក គុនហេ ដែលត្រូវបានតុលាការដ្ឋធម្មនុញ្ញបញ្ចប់តំណែងរបស់លោកស្រីនោះ បាននាំអោយអ្នកនយោបាយនៅអាមេរិកចាប់អារម្មណ៍ផងដែរ ។
លោក John McCain សមាជិកព្រឹទ្ធសភាអាមេរិកបានហៅ ការទម្លាក់តំណែង ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក គុនហេ បានស្តែងឲ្យឃើញពីកម្លាំងអានុភាពនៃស្ថាប័នប្រជាធិបតេយ្យនៃប្រទេសអាស៊ីខាងកើតមួយនេះ៕