en     km
en     km

អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​៖​ស្ដ្រី​ជាង​៥០០​នាក់​ត្រូវ​បាន​ឃុំខ្លួន​ ពាក់ព័ន្ធ​គ្រឿងញៀន​(មានសំឡេង)

Share

​ភ្នំពេញ​៖​ ចាប់ពី​ថ្ងៃ​ទី​១​ មក​រា​ ២០១៧​ រហូត​ដល់​ថ្ងៃ​ទី​០៩​ មីនា​នេះ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បង្ក្រាប​បាន​ជន​ពាក់ព័ន្ធ​គ្រឿង​ប្រមាណ​ជាង​ ៥០០០​នាក់​ ក្នុង​នោះ​ស្ដ្រី​មាន​ចំនួន​ជាង​ ៥០០​នាក់​ ក្នុង​ករណី​ចរាចរ​ជួញដូរ​ រក្សា​ទុក​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​។​ ជុំវិញរឿងនេះ ​សង្គម​ស៊ី​វិល​សាទរ​ដែល​អាជ្ញាធរ​អនុវត្ដន៍​តួនាទី​បាន​ល្អ​ ប៉ុន្ដែ​ពួក​គេ​យល់​ថា​ បើ​មិន​អាច​បង្ក្រាប់​ឈ្មួញ​ធំ​បាន​ទេ​ ស្ដ្រី​នឹង​នៅ​តែ​ទទួល​រង​គ្រោះ​ករណី​គ្រឿងញៀន​បន្ដ​ទៀត​។​

ព័ត៌មាននេះរាយការណ៍ដោយលោក លៀ ស៊ីណា ៖ 

 

drugs

​លោក​ មាស​ វិ​រិ​ទ្ធ​ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៩​ មីនា​ នេះ​ថា​ យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​រយៈពេល​ជាង​ ២​ខែ​នេះ​ ស្ដ្រី​ជាង​ ៥០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ករណី​ជួញដូរ​ រក្សា​ទុក​និង​ប្រើប្រាស់​គ្រឿងញៀន​។​ ស្ត្រី​ទាំងនោះ​ភាគច្រើន​មាន​វ័យ​ចន្លោះ​ពី​ ១៨​ ដល់​៣៥​ឆ្នាំ​ ។​ ជាមួយ​គ្នា​នេះ​ លោក​បន្ថែម​ថា​ ក្នុង​ចំណោម​អ្នក​ពាក់ព័ន្ធ​គ្រឿងញៀន​ទាំងអស់​ភាគច្រើន​គឺ​សុទ្ធសឹងតែ​នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ មាស​ វិ​រិ​ទ្ធ​៖«​បទល្មើស​រួម​ទាំង​បទល្មើស​ចរាចរ​ជួញដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​គ្រឿងញៀន​ ហើយ​ពិសេស​នៅ​រាជធានី​ភ្នំពេញ​ រហូត​មក​ដល់​ពេល​នេះ​កើត​ដល់​ជាង​ ៥០០០​នាក់​ហើយ​ ព្រោះ​យើង​ត្រូវ​បូក​ជា​ប្រចាំ​ទើប​អត់​ទៀត​»​។​

​កម្ពុជា​ ដាក់ចុះ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ ធ្វើ​ឡើង​ ស្រប​ពេល​ ប្រទេស​ហ្វី​លី​ពី​ន​ ធ្វើសង្គ្រាម​ ប្រឆាំង​គ្រឿងញៀន​ ដោយ​ ប្រទេស​នេះ​ សម្លាប់​មនុស្ស​ ជាង​៥០០០​នាក់​ ។​ សម្ដេច​ នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ថ្មីៗ​នេះ​ និយាយ​ថា​ កម្ពុជា​ បើក​យុទ្ធនា​ការេ​នេះ​ តែ​មិន​ បង្គាប់​ឱ្យ​ ប៉ូ​លី​ស​ បាញ់​បង្ក្រាប​ជនសង្ស័យ​ឡើយ​ ។​ 

​ជុំវិញ​រឿង​នេះ​លោក​ យង់​ គឹ​ម​អេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព​ សម្ដែង​ការ​សាទរ​ដែល​រដ្ឋាភិបាល​បាន​អនុវត្ដន៍​ការងារ​បោសសម្អាត​គ្រឿងញៀន​បាន​លទ្ធផល​ល្អ​នា​ពេល​នេះ​។​ ប៉ុន្ដែ​លោក​មើលឃើញ​ថា​ ប្រសិនបើ​ប្រជាពលរដ្ឋ​នៅ​តែ​យល់​មិន​ច្បាស់​ ពី​ផលលំបាក​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​ការ​ជួញដូរ​នោះ​ទេ​ ប្រជាពលរដ្ឋ​នឹង​នៅ​តែ​រង​គ្រោះ​ពី​ករណី​គ្រឿងញៀន​នេះ​ដដែល​ពិសេស​គឺ​ស្ដ្រី​។​ ​តែយ៉ាងណា ​ប្រធានមជ្ឈ មណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព​ យល់ឃ់ើញ​ថា​ ក្រោយ​ពេល​រដ្ឋាភិបាល​អនុវត្ដន៍​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​នេះ​ នៅ​តាម​ភូមិ​ឃុំ​ គឺ​ពុំ​សូវ​មាន​ករណី​ក្មេង​ស្ទាវ​កោះ​ផ្ទះ​ ឬ​ក៏​ចូល​លួច​ទ្រព្យសម្បត្ដិ​ក្នុងផ្ទះ​បន្ដ​ទៀត​ទេ​។​

លោក យង់ គឹមអេង ៖« មួយរយៈកន្លងមក ខ្ញុំថា ជាការគួរអោយសាទរមួយ ដែលគាត់បានធ្វើកិច្ចការនេះបានច្រើន(បង្រ្កាបគ្រឿងញៀន)  »។

​ជាមួយ​គ្នា​នេះ​លោក​ យង់​ គឹ​ម​អេ​ង​ យល់​ថា​ ដើម្បី​លុប​បំបាត់​ការ​ចរាចរ​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​លុះត្រាតែ​រដ្ឋាភិបាល​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​រឿង​នេះ​ឱ្យច្បាស់ជា​មុន​សិន​។​

ចំណែក​លោក​ សន​ ជ័យ​ នាយក​ប្រត្ដិបត្ដិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ជា​ការ​ល្អ​ដែល​អាជ្ញាធរ​អនុវត្ដន៍​តួនាទី​ប្រកបដោយ​ប្រសិទ្ធភាព​ ។​ ប៉ុន្ដែ​លោក​យល់​ថា​ ការ​ចាប់​អ្នក​ប្រើប្រាស់​ អ្នក​ជួញដូរ​ និង​អ្នករក្សា​ទុក​តូចតាច​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ​ ប្រសិនបើ​ឈ្មួញ​អ្នក​ជួញ​ធំៗ​មិន​ត្រូវ​បាន​បង្ក្រាប​ពិតប្រាកដ​។​

លោក សន ជ័យ ៖«ដើម្បីជាទស្សនៈវែងឆ្ងាយ​ ខ្ញុំថា ចាំបាច់ត្រូវតែគិតគូរអំពីគ្រឿងការបង្រ្កាបទៅលើក្បាលម៉ាស៊ីនធំៗនៃការចែកចាយគ្រឿងញៀនហ្នឹង ទើបវាអាចជាកាត់បន្ថយ ឬលុបបំបាត់ កម្រិតខ្ពស់នៃការប្រើប្រាស់គ្រឿងញៀន »។

ករណី​នេះ​លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​បង្ក្រាប​ឈ្មួញ​ធំ​ឲ្យ​បាន​ ដោយ​មិន​ត្រូវ​បង្ក្រាប​តែ​ពលរដ្ឋ​ដែល​គ្រាន់តែ​ជា​ឈ្នាន់​របស់​ឈ្មួញ​ធំៗ​ទាំងនោះ​ទេ​។​

សួមជម្រាបថា ប្រទេសកម្ពុជាបានអនុវត្ដន៍ការបោសសម្អាតគ្រឿងញៀនរយៈពេល ៦ខែ ដោយចាប់ផ្ដើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ដែលយុទ្ធនាការនេះ ដាក់ចុះ ដោយ សម្ដេចនាយករដ្ឋមន្ត្រី៕

Share

Image
Image
Image