en     km
en     km

មន្ត្រី​តុលាការ​ជាប់​លេខ​នាំមុខ​ក្នុង​រឿង​ពុក​រលួយ​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​លាតត្រដាង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ស្ថា​ប​ន័​រដ្ឋ​ចំនួន​បី​បាន​ជាប់​ចំណាត់ថ្នាក់​អាក្រក់​បំផុត​ក្នុង​រឿង​អំពើ​ពុក​រលួយ​។​ ក្នុង​នោះ​មាន​ស្ថាប័ន​តុលាការ​ ស្ថា​ប​ន័​ប៉ូលិស​និង​សា្ថ​ប័ន​សាធារណៈ​ផ្សេង​ទៀត​។​ មន្ត្រី​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ទទួលស្គាល់​ថា​ មាន​អំពើ​ពុក​រលួយ​តិចតួច​ប៉ុណ្ណោះ​ក្នុង​ស្ថាប័ន​ដែល​ត្រូវ​លើក​ឡើង​ខាងលើ​នេះ​។​

 

លោក ព្រាប កុល ថ្លែងនៅសណ្ឋាការ ឡឹរ៉ូយ៉ាល ក្រុងភ្នំពេញ នៅថ្ងៃទី ២៨ កុម្ភៈ។
លោក ព្រាប កុល ថ្លែងនៅសណ្ឋាការ ឡឹរ៉ូយ៉ាល ក្រុងភ្នំពេញ នៅថ្ងៃទី ២៨ កុម្ភៈ។
​មន្ត្រី​តុលាការ​ជាប់​ចំណាត់ថ្នាក់​លេខ​១​ បី​ឆ្នាំ​ជាប់ៗ​គ្នា​ក្នុង​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​។​ តាម​ពីក្រោយ​ដោយ​មន្ត្រី​ប៉ូលិស​ ជាប់​ចំណាត់ថ្នាក់​លេខ​២​ ក្នុង​រយៈ​បី​ឆ្នាំ​ជាប់​គ្នា​ដែរ​។​ ហើយ​មន្ត្រី​រដ្ឋាភិបាល​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ច្រើន​ជាងគេ​ឈរ​នៅ​លំដាប់​ទី​ ៣​។​ នេះ​គឺជា​ការ​រក​ឃើញ​អង្គការ​តម្លាភាព​អន្តរ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ក្រុង​ប៊ែ​ឡាំង​ ប្រទេស​អា​ល្លឺ​ម៉​ង់​។​

នៅ​ក្នុង​របាយការណ៍​ដែល​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ដែល​បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គារ​ទី​២៨​ ខែកុម្ភៈ​នេះ​ អង្គការ​តម្លាភាព​អន្តរ​បាន​បង្ហាញ​ថា​អំពើ​ពុក​រលួយ​នៅ​តាម​ស្ថា​ប​ន័​តុលាការ​មានការ​ថយ​ចុះ​បន្តិចបន្តួច​ ប៉ុន្តែ​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​របស់​មន្ត្រី​តុលាការ​នៅ​តែ​ឈរ​នៅ​លំដាប់​នាំមុខ​ស្ថា​ប​ន័​ផ្សេងៗ​ទាំងអស់​។​ពោល​គឺ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​បាន​ជួប​សម្ភាសន៍​ចំនួន​ ១០០៣​នាក់​នៅ​ក្នុង​ខេត្ត​ក្រុង​ រាជធានី​ទាំង​២៥​ ៧២​ភាគរយ​ បាន​ឆ្លើយ​ដាក់​អំពើ​ពុក​រលួយ​ក្នុង​ស្ថា​ប​ន័​តុលាការ​នៅ​ឆ្នាំ​ ២០១១​។​ តួលេខ​នៃ​អំពើ​ពុក​រលួយ​ក្នុង​ស្ថា​ប​ន័​តុលាការ​នេះ​បាន​ធ្លាក់​ចុះ​ចំនួន​ ១២​ភាគរយ​នៅ​ឆ្នាំ​ ២០១៣​និង​បន្ត​ធ្លាក់​មួយ​ភាគរយ​ទៀត​នៅ​ឆ្នាំ​២០១៦​។​

​ដោយឡែក​ប្រជាពលរដ្ឋ​ចំនួន​ ៦១​ភាគរយ​បាន​ស្តីបន្ទោស​អំពើ​ពុក​រលួយ​ក្នុង​ស្ថា​ប​ន័​ប៉ូលិស​នៅ​ឆ្នាំ​ ២០១១​។​ ហើយ​អំពើ​ពុក​រលួយ​ក្នុង​ជួរ​ប៉ូលិស​បាន​ធ្លាក់​មក​ត្រឹម​ ៣៧​ភាគរយ​នៅ​ឆ្នាំ​ ២០១៣​ មុន​នឹង​ហក់​មក​ដល់​ ៥២​ភាគរយ​វិញ​នៅ​ឆ្នាំ​២០១៦​។​

ជាមួយ​គ្នា​នេះ​ ៥១​ភាគរយ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​សម្ភាសន៍​កាលពី​ឆ្នាំ​ ២០១១​ បង្ហាញ​ថា​មាន​អំពើ​ពុក​រលួយ​បង្ក​ឡើង​ដោយ​មន្ត្រី​រដ្ឋាភិបាល​។​ហើយ​តួលេខ​នេះ​មានការ​ធ្លាក់​ចុះ​នៅ​ត្រឹម​៣០​ភាគរយ​នៅ​ឆ្នាំ​ ២០១៣​ មុន​នឹង​ស្ទុះ​ឡើង​មក​វិញ​រហូត​ដល់​ ៤៤​ភាគរយ​នៅ​ឆ្នាំ​ ២០១៦​។​

អង្គការ​តម្លាភាព​អន្តរជាតិ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ពលរដ្ឋ​ចំនួន​ ៤៤​ ភាគរយ​បាន​លើក​ពី​អំពើ​ពុក​រលួយ​ក្នុង​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​ ២០១៦​។​ ក្រៅពី​នោះ​ក៏​មាន​អំពើ​ពុក​រលួយ​នៅ​ស្ថា​ប​ន័​ពន្ធដា​ ម្ចាស់​ក្រុមហ៊ុន​ឬ​អាជីវកម្ម​ផ្សេងៗ​និង​អំពើ​ពុក​ក​រលួយ​ប្រព្រឹត្តិ​ដោយ​សមាជិក​សភា​ ក្រុមប្រឹក្សា​និង​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន​ផង​ដែរ​។​ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ស្តីបន្ទោស​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​«​ស្ថា​ប​ន័សា​ធារ​ណៈ​ដែល​បង្កើត​ឡើង​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ ដើម្បី​ផ្តល់​យុត្តិធម៌​និង​លើកកំពស់​សិទ្ធិ​មនុស្ស​ បែរ​ទៅ​ជា​ត្រូវ​បាន​ប្រជាពលរដ្ឋ​បន្ត​មើលឃើញ​ថា​ជា​ស្ថា​ប​ន័​ដែល​រំលោភ​អំណាច​និង​មុខងារ​របស់​ខ្លួន​ទៅ​វិញ​។​»។

​ក្នុង​របាយការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ អង្គការ​តម្លាភាព​អន្តរជាតិ​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថា្ន​ក់​លេខ​១៥៦​ ក្នុង​១៧៦​ ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​។​ គឺ​មាន​ន័យ​ថា​ស្ថានភាព​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​អាក្រក់​។​ ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ក្នុង​ចំណោម​ប្រទេស​ទាំង​ដប់​នៃ​សមាគម​អាស៊ាន​ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​ដប់​គឺ​នៅ​ពីក្រោម​ប្រទេស​ឡាវ​និង​ប្រទេស​ភូមា​។​

​លោក​ ព្រាប​ កុ​ល​ នាយក​ប្រិ​តិ​ប​ត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​លើក​ឡើង​ថា​ ប្រសិនបើ​រដ្ឋាភិបាល​និង​គណបក្ស​នយោបាយ​ដែល​ប្រកួតប្រជែង​យក​អំពើ​ពុក​រលួយ​ដាក់​បញ្ចូល​ក្នុង​របៀប​វី​រៈ​នយោបាយ​របស់​ខ្លួន​នោះ​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នឹង​មាន​ភាពល្អ​ប្រសើរ​នៅ​ថ្ងៃ​ខាង​មុខ​។​ «​គន្លឹះ​សំខាន់​បំផុត​ដែល​យើង​ត្រូវធ្វើ​ឱ្យ​បាន​ គឺ​ធ្វើ​មិច​ឱ្យ​មានការ​ជឿ​ទុកចិត្ត​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​ ទៅ​លើ​អង្គភាព​សំខាន់ៗ​ ដែល​មាន​តួអង្គ​ក្នុង​ការ​ប្រយុទ្ធ​ ប្រឆាំង​អំពើ​ពុក​រលួយ​ ឱ្យ​គាត់​មាន​ភាព​ឯករាជ្យ​ ឱ្យ​គាត់​ធ្វើ​ការងារ​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​វិជ្ជាជីវៈ​»​។

​លោក​ ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ ក្រសួងយុត្តិធម៌​ ទទួលស្គាល់​ថា​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​ស្ថាប័ន​តុលាការ​ ប៉ុន្តែ​មិន​ច្រើន​ដូច​ស​ន្ទ​ស្សន៍​នៅ​ក្នុង​របាយការណ៍​ដែល​បាន​សន្និដ្ឋាន​នេះ​ឡើយ​។​

លោក​ ជិន​ ម៉ា​លី​ន​ ឆ្លើយ​តប​ថា​ របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ មិន​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការ​ពិត​ជាក់ស្តែង​ ហើយ​គ្មាន​លក្ខណៈ​ជា​វិទ្យា សាស្ត្រ​។​ «​តើ​ទិន្នន័យ​ដែល​គាត់​បាន​មក​បាន​ពី​ខាង​ណាខ្លះ​ ហើយ​អ្នកខ្លះ​ដែល​ចូលរួម​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ធ្វើ​របាយការណ៍​នេះ​ យើង​មើល ឃើញ​តែ​ភាគី​តែ​ម្ខាង​ទេ​។​ ឃើញ​តែ​សង្គម​ស៊ី​វិល​ក្រុម​គាត់​ហ្នឹង​ និង​ទិន្នន័យ​ដែល​ផ្តល់​ដោយ​សង្គម​ស៊ី​វិល​ ដែល​មាន​និន្នាការ​អាច​មាន​ជា​របៀបវារៈ​នយោ បាយ​នៅ​ពីក្រោយ​ ក៏​ប៉ុន្តែ​គាត់​មិន​ដែល​ទទួល​បាន​ទិន្នន័យ​ ឬ​ការ​ចូលរួម​ពី​ខាង​ភាគី​រដ្ឋាភិបាល​ទេ​។​»

ជាង​នេះ​ទៅ​ទៀត​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ដដែល​អះអាង​ថា​ក្រសួង​មាន​យន្តការ​តាមដាន​ត្រួតពិនិត្យ​ស្ថា​ប​ន័​តុលាការ​រួច​ហើយ​។​

ចំណែក​លោក​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ មាន​ប្រសាសន៍​ថា​តួលេខ​នៃ​របាយការណ៍​ខាងលើ​ គឺ​ខ្ពស់​ពេក​មិន​គួរ​ឱ្យ​ជឿ​។​«​រឿង​ពុក​រលួយ​ហ្នឹង​វា​មិន​អត់​ទេ​ ប្រទេស​ណា​ក៏​ដោយ​ និយាយ​ប្រទេស​ណា​ក៏​មាន​ពុក​រលួយ​ដែរ​ សូ​ម្បី​នៅ​ប្រទេស​មហា​ធិ​ប​តេ​យ្យ​មាន​ករណី​ខ្លះ​ កើតមក​ជា​រឿយៗ​ដែរ​ ប៉ុន្តែ​វា​គ្រាន់​ថា​វា​មិន​ច្រើន​ ដូច​ដល់​ ៥២%​ពុក​រលួយ​ហ្នឹង​ទៅ​មិន​រួច​ទេ​»​។​

អ្នកនាំពាក្យ​រដ្ឋសភា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​លើក​ឡើង​ក្នុង​របាយការណ៍​ដែល​ថា​មាន​អំពើ​ពុក​រលួយ​ប្រ ព្រឹត្តិ​ដោយ​តំណាងរាស្ត្រ​នោះ​ទេ​។​ ទោះជា​យ៉ាងណា​របាយការណ៍​ក៏​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​នៃ​អំពើ​ពុក​រលួយ​ចន្លោះ​ពី​ឆ្នាំ​ ២០១១​ ដល់​ឆ្នាំ​២០១៦​ ក្នុង​សេវា​សាធារណៈ​ ដូច​ជា​ក្នុង​ស្ថា​ប​ន័​ប៉ូលិស​ ក្នុង​ជួរ​មន្ត្រី​បញ្ជាក់​ឯកសារ​តាម​មូលដ្ឋាន​និង​នៅ​តាម​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យ​រដ្ឋ​ជាដើម​៕

 

Share

Image
Image
Image