en     km
en     km

ក្រុម​ស្ដ្រី​បឹង​កក់​ទទូច​ឱ្យ​បក្ស​ធំ​ទាំង​២​ ឆាប់​ជួប​គ្នា​ដោះ​លែង​សកម្មជន​ដីធ្លី​និង​សិទ្ធិ​មនុស្ស​

Share

ភ្នំពេញ​៖​ អ្នក​ភូមិ​បឹង​កក់​ នៅ​ថ្ងៃ​ចន្ទ​ ទី​០៩​ នេះ​គឺ​ចាប់ផ្តើម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ឡើង​វិញ​ បន្ទាប់​ពី​ពួក​គេ​ បាន​ផ្អាក​អស់​រយៈពេល​ ២​ស​ប្តា​ហ៍​កន្លង​មក​ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ពួក​គាត់​បាន​ទាមទារ​ឱ្យ​បក្សនយោបាយ​ធំ​២​ ដែល​មាន​អាសនៈ​នៅ​រដ្ឋសភា​ ឆាប់​ជួប​ប្រជុំ​គ្នា​ដើម្បី​ ដោះ​លែង​សកម្មជន​ដីធ្លី​និង​សិទ្ធិ​មនុស្ស​ ដែល​ពួក​គាត់​ថា​ជាប់គុក​ដោយ​អំពើ​យុត្តិធម៌​។​

tep-vany2017
​អ្នក​ភូមិ​បឹង​កក់​ដែល​មាន​គ្នា​ប្រមាណ​៤០​នាក់​ បាន​ផ្តើម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ឬ​ហៅ​ថា​ “Black​ Monday”​ នៅ​ក្នុង​សហគមន៍​បឹង​កក់​វេលា​ម៉ោង​ ៨​ព្រឹក​ថ្ងៃនេះ​ ដោយ​មានការ​ឃ្លាំមើល​ពី​ សំណាក់​ កង​សន្តិសុខ​ ខណ្ឌដូនពេញ​។​

​តាម​គម្រោង​អ្នក​ភូមិ​បឹង​កក់​នឹង​យក​ញត្ដិ​ទៅ​ដាក់​តាម​ស្ថានទូត​បរទេស​ និង​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​អង្គា​ស្អែក​នេះ​ ដើម្បី​ជម្រុញ​ឲ្យ​មានការ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​ជា​តំណាង​សហគមន៍​បឹង​កក់​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ មន្ត្រី​ គ​.​ជ​.​ប​  និង​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​ ២០១៦​។​

​តាម​ការ​អះអាង​របស់​អ្នកស្រី​ សុង​ ស្រី​លាប​ បញ្ជាក់​ថា​ អ្នក​ភូមិ​បឹង​កក់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ឡើង​វិញ​នេះ​ គឺ​ដោយសារ​ពួក​គាត់​សង្កេត​ឃើញ​ថា​ ការ​ជួប​ចរចា​គ្នា​រវាង​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​ពីរ​ នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ ទើប​ពួក​គាត់​ទទូច​ឱ្យ​មានការ​ចរចា​ឆាប់​បំផុត​។​ អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា​ នៅ​ថ្ងៃស្អែក​ដាក់​ញត្តិ​ទៅ​ក្រសួងមហាផ្ទៃ​ គឺ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​ជា​ស្ដ្រី​តំណាង​សហគមន៍​បឹង​កក់​  ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ៦​ខែ​ និង​ ៦​ថ្ងៃ​ក្នុង​រឿង​ក្ដី​ពីរ​ ដាច់​ដោយឡែក​ពី​គ្នា​។

​បទ​ចោទ​ទាំងនោះ​រួម​មាន​ បទ​ជេរ​ប្រមាថ​ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​ និង​រឿង​ក្ដី​មួយទៀត​ គឺ​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ដែល​ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ។​

​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ទាំង​ ៤​ រូប​នោះ​ រួម​មាន​លោក​ នី​ សុខា​  លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខ​សាន​ និង​លោកស្រី​ លឹ​ម​ មុ​នី្ន​ ចំណែក​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គឺ​លោក​ នី​ ចរិយា​។ ​ពួក​គាត់​ជាប់ចោទ​ ពី​បទ​សូកប៉ាន់​ និង​ សមគំនិត​ក្នុង​សំនុំរឿង​នាង​ ខុ​មចាន់​ តារា​ទី​ ហៅ​ស្រី​មុំ​៕​

 

Share

Image
Image
Image